រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញពីវិធីសាស្ត្រដោះស្រាយបញ្ហាវិស័យកាត់ដេរ ដើម្បីធ្វើឲ្យវិស័យនេះបន្តនិរន្តរភាព ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ។
លោកហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រសិនបើមានការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបសម្រាប់ទំនិញពីកម្ពុជាមែននោះនឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ តាមរយៈការពង្រឹងស្ថាប័នសាធារណៈ ពង្រឹងផលិតភាព និងធនធានមនុស្ស ព្រមទាំងកាត់បន្ថយរនាំងរដ្ឋបាលមិនចាំបាច់មួយចំនួន ដើម្បីធានាបាននូវការប្រកួតប្រជែងមួយប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងយូរអង្វែងទៅលើវិស័យកាត់ដេរនេះ ។
លោកបានបន្តថា ម្យ៉ាងទៀតការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះក៏មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជួបបញ្ហានោះដែរ ពីព្រោះដោយស្វ័យប្រវត្តិកម្ពុជានឹងបាត់បង់ភាពអនុគ្រោះពន្ធនេះនៅអំឡុងឆ្នាំ២០២១ ឬ២០២៣ ដោយសារកម្ពុជានឹងក្លាយទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាបហើយ ។ ការអះអាងរបស់លោកហេង សួរ បានធ្វើឡើង បន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុបកំពុងនឹងបន្តនីតិវិធីរបស់ខ្លួនលើការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា ។ លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានថ្លែងថា វិធីសាស្ត្ររបស់ក្រសួងការងារនេះនឹងជួយសម្រួលដល់ការនាំចេញផលិតផលវិស័យកាត់ដេរទៅទីផ្សារសហភាពអឺរ៉ុបបានពី២០ ទៅ៣០ភាគរយ ខណៈបច្ចុប្បន្នកម្ពុជាបាននាំចេញ ប្រមាណ៤៥ភាគរយ ។
គួររំលឹកថា កាលពីឆ្នាំ២០១៧ កន្លងទៅកម្ពុជាបាននាំចេញផលិតផលវិស័យកាត់ដេរទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែលមានតម្លៃជិត៤ពាន់លានដុល្លារអាមេរិកព្រមទាំងបានជួយផ្តល់ការងារដល់កម្មករជាង៤០ម៉ឺននាក់ ៕
ចែករំលែកព័តមាននេះ