ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! កម្ពុជា​ឈ្នះ​មេដាយមាស​2 ​ប្រាក់​1 ​ពី​ព្រឹត្តិការណ៍​ប្រកួត​​​លំដាប់​ពិភពលោក

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់ បន្ទាប់​ពី​កីឡាការិនី កែ ឡេ​ង និង​អ៊ុ​ក ស្រី​មុំ ចាប់ដៃ​គ្នា​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសាវាយ​គូ​កាលពី​រសៀល​ថ្ងៃ​ទី​១១ តុលា…

ប្រទេស​បារាំង ៖ ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់ បន្ទាប់​ពី​កីឡាការិនី កែ ឡេ​ង និង​អ៊ុ​ក ស្រី​មុំ
ចាប់ដៃ​គ្នា​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសាវាយ​គូ​កាលពី​រសៀល​ថ្ងៃ​ទី​១១ តុលា កីឡា​ការិនី អ៊ុ​ន ស្រី​យ៉ា បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ទៀត​ហើយ ។

តាម​រយៈ​ការ​ផ្ដួល​កីឡា​ការិនី​ម្ចាស់ផ្ទះ​បារាំង Marie-Christine Virebayre ដណ្ដើម​បាន​មេដាយមាស​ទី​២​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​អន្ដរជាតិ Trophee L’Equipe លើក​ទី​២ នៅ​ប្រទេស​បារាំង ដែល​ទើប​បញ្ចប់​ការ​ប្រកួត នា​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​១២ ខែតុលា​(​ម៉ោង​នៅ​កម្ពុជា​) ។ ចំណែក​កីឡាករ សុខ ចាន់​មាន ដណ្ដើម​បាន​ត្រឹម​មេដាយ​ប្រាក់ ក្រោយ​ពី​បាន​ចាញ់​កីឡាករ​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

តាម​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បាន​ឲ្យ​ដឹង​ថា អ៊ុ​ន ស្រី​យ៉ា ឆ្លងកាត់​៥​ប្រកួត​ទម្រាំ​ដណ្ដើម​បាន​មេដាយមាស ក្នុង​នោះ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​B ៣​ប្រកួត ឈ្នះ​២ និង​ចាញ់​១ ពោល​គឺ​ប្រកួត​បើក​ឆាក​ចាញ់​កីឡាការិនី​ដា​ណឺ​ម៉ាក​១៣-១ បន្ទាប់​មក​បាន​ស្ដារ​មុខមាត់​វិញ​តាម​រយៈ​ការ​លត់​កីឡាការិនី​អ៊ីតា​លី​១៣-១​និង​យកឈ្នះ​កីឡាការិនី​ទុ​យ​នេ​ស៊ី​១៣-៦​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បាន​យកឈ្នះ​កីឡាការិនី​ថៃ​១៣-៧​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​បាន​ផ្ដួល​កីឡាការិនី​ម្ចាស់ផ្ទះ​បារាំង​ដណ្ដើម​បាន​មេ​ដាយ​មាស​តែ​ម្ដង​។

ចំណែក​កីឡាករ សុខ ចាន់​មាន នៅ​ក្នុង​ពូ​ល B​ផ្នែក​បុរស​ឆ្លងកាត់​៤​ប្រកួត​ក្នុង​នោះ​យក​ឈ្នះ​កីឡាករ​ទុ​យ​នី​ស៊ី Mohamed Khaled Bougriba ឈ្នះ​កីឡាករ​បារាំង Philippe Quintais មុន​នឹង​បន្ត​យកឈ្នះ​កីឡាករ Dylan Rocher​នៃ​ក្រុម​ម្ចាស់ផ្ទះ​ម្នាក់​ទៀត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ។ ប៉ុន្តែ​ជា​អកុសល ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​សុខ ចាន់​មាន បែរជា​ភ្លាត់​ឱ្យ​ចាញ់​កីឡាករ​ថៃ​Thanakorn Sangkaew​នៅ​នាទី​ចុង​ក្រោយ ធ្វើ​ឲ្យ​កម្ពុជា​ខកខាន​ឱកាស​ដណ្តើម​បាន​មេដាយមាស​ទី​៣​ក្នុង​ព្រឹត្តិការណ៍ Trophee L’Equipe ដែល​រៀបចំ​ឡើង​ដោយសារ​ព័ត៌មាន​កីឡា L’Equipe ដ៏​ល្បីល្បាញ​របស់​បារាំង​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ Trophee L’Equipe លើក​ទី​២​នេះ គឺជា​ការ​ប្រកួត​កីឡា​ប៉េតង់​កម្រិត​ខ្ពស់​មួយ​ដែល​អ្នកចូលរួម​ចាត់ទុកជា​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក ដោយសារ​កីឡាករ​-​កីឡាការិនី​ចូលរួម​សុទ្ធតែ​ត្រូវ​បាន​ជ្រើសរើស​ពី​ប្រទេស​ខ្លាំង​ៗ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​មេដាយមាស​ពិភពលោក ។

ជាក់ស្ដែង​ប្រទេស​ប្រចាំ​តំបន់​អាស៊ី ត្រូវ​បាន​ម្ចាស់ផ្ទះ​បារាំង​អញ្ជើញ​ចូលរួម គឺ​មាន​តែ​កម្ពុជា និង​ថៃ​ប៉ុណ្ណោះ​ហើយ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​៦​រូប​ទៅ​ចូល​រួម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ