ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​អ្នកកាសែត​… ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បដិសេធ​ការ​គំរាម​ដាក់​ទណ្ឌកម្ម

5 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​កាលពី​ថ្ងៃ​ទី​១៤ ​តុលា បាន​សន្យា​តប​ត​​វិញ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ជាយថាហេតុ ក្រោយ​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ពី​សំណាក់​​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ ក្នុង​ករណី​ដែល​ក្រុង​រី​យ៉ា​ដ​ជាប់​ទាក់ទិន​ក្នុង​ការ​បាត់​ខ្លួន…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​កាលពី​ថ្ងៃ​ទី​១៤ ​តុលា បាន​សន្យា​តប​ត​​វិញ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ជាយថាហេតុ ក្រោយ​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ពី​សំណាក់​​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ ក្នុង​ករណី​ដែល​ក្រុង​រី​យ៉ា​ដ​ជាប់​ទាក់ទិន​ក្នុង​ការ​បាត់​ខ្លួន អ្នកកាសែត​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តម្នាក់ លោក​ JAMAL KHASHOGGI ​នៅ​តួ​ក​គី​។

ការ​បាត់​ខ្លួន​អ្នកកាសែត​រូប​នេះ​ដែល​ល្បី​ខ្ទរខ្ទារ​លើ​ពិភពលោក នឹង​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​លើ​កម្មវិធី​កែទម្រង់​ពិសេស​ខាង​សេដ្ឋកិច្ច ដែល​លើក​ឡើង​ដោយ​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត MOHAMMED BEN SALMANE​។​កាលពី​ថ្ងៃ​ទី​១៤​តុលា​តម្លៃ​ភាគហ៊ុន​នៅ​ទីក្រុង​រី​យ៉ា​ដ បាន​ធ្លាក់​ចុះ​ជាង​៧%​មុន​ពេល​បញ្ចប់​ត្រឹម​ដក​៣,៥%​។

កាលពី​ថ្ងៃ​ទី​១៣​តុលា ​លោក​ដូ​ណា​ល់​ត្រាំ ​សម្ព័ន្ធមិត្ត​ធំ​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ជា​លើក​ដំបូង​វាយតម្លៃ​ពី​លទ្ធភាព​នៃ​ការ​ចូលរួម​របស់​ក្រុង​រី​យ៉ា​ដ ក្នុង​ការ​បាត់​ខ្លួន​អ្នកកាសែត​លោក ​JAMAL KHASHOGGI ពេល​រូបគេ​ចូល​កាលពី​ថ្ងៃ​ទី​២ ​តុលា​ ក្នុង​ស្ថាន​កុងស៊ុល​ប្រទេស​គេ​ប្រចាំ​ក្រុង​អ៊ី​ស្តង់​ប៊ុល ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ស្រាប់តែ​បាត់​ខ្លួន​គេ​ឈឹង​។​ លោក​ត្រាំ​បាន​ព្រមាន​ថា បើ​ក្រុង​រី​យ៉ា​ត ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​បាត់​ខ្លួន​អ្នកកាសែត​រូប​នេះ នោះ​នឹង​មានទណ្ឌ​កម្ម​ធ្ងន់ធ្ងរ​មួយ​។

អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បដិសេធ​យ៉ាង​ម៉ឺ​ង​ម៉ាត់​ការ​ចូលរួម​សម្លាប់​អ្នកកាសែត​រូប​នោះ​ជាយថា​ហេតុ​។ ​លោក ​JAMAL KHASHOGGI ​ជា​អ្នក​រិះគន់​ខ្លាំង​បំផុត​ចំពោះ​ព្រះ​អង្គ​ម្ចាស់​រជ្ជ​ទាយាទ​ ហើយ​ជា​អ្នក​រួម​សហការ​ជា​ពិសេស​ជាមួយ​កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍ រួច​រូបគេ​រស់នៅ​និរទេស​ឯ​សហរដ្ឋអាមេរិក​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តម្នាក់ ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ ​SPA ​ថ្លែង​ថា យើង​បដិសេធ​ទាំងស្រុង​រាល់​ការ​គំរាមកំហែង​ ឬ​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​ប្រទេស​​យើង​ចុះ​ខ្សោយ ទោះជា​តាម​រយៈ​ការ​គំរាមកំហែង​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច ឬ​​ការ​ប្រើប្រាស់​ការ​គាបសង្កត់​ខាង​នយោបាយ​ក្ដី​។​ បើ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​ទាំងនេះ នោះ​យើង​នឹង​ឆ្លើយ​តប​វិញ​ជាមួយ​បណ្ដា​ទណ្ឌកម្ម​ធំ​ៗ​។ ​សេដ្ឋកិច្ច​របស់​យើង​ដើរតួ​នាទី​ស្លាប់​រស់​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​។

បណ្ដា​ប្រទេស​អឺរ៉ុប​ដូច​ជា​បារាំង និង​អា​ល្លឺ​ម៉​ង់​ជាដើម​ ក៏​ទាមទារ​ឲ្យ​មានការ​ស៊ើប​អង្កេត​គួរ​ឲ្យ​ជឿជាក់​លើ​ការ​បាត់​ខ្លួន​អ្នកកាសែត​រូប​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ