ខេត្តកំពង់ធំ ៖ រថយន្តក្រុងដឹកអ្នកដំណើរបានបុកគ្នាជាមួយរថយន្តម៉ាកសាំយ៉ុងបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវប្រសព្វរាងអក្សរY ស្ថិតក្នុងភូមិមឈាម ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើឈ្មោះ គាម តូ ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាកសាំយ៉ុង រស់នៅភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត បានស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរជិះលើរថយន្តម៉ាកសាំយ៉ុងឈ្មោះ ឌិន ចន្ថន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ បានស្លាប់នៅកន្លែងកើតហេតុ ។
លោកវរសេនីយ៍ត្រី តាន់ ឆេងនឿន អធិការរងនគរបាលស្រុកស្ទោង ទទួលខាងសណ្តាប់ធ្នាប់ និងចរាចរណ៍ប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយសាររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង
លាយស ពាក់ស្លាកលេខភ្នំពេញ ៣A-១៣៦៥ ជារថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអុិចប្រេស្ស ។
ប្រភពដដែលបន្តថា រថយន្តក្រុងដឹកអ្នកដំណើរខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើង ចំណែកអ្នកបើកបររថយន្តក្រុងមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ បន្ទាប់ពីបានបើកទៅបុកជាមួយនឹងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២N-១៨៤៨ បើកបរទិសដៅពីជើងទៅត្បូងនៅក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យមនុស្សស្លាប់២នាក់ ចំណែកភ្ញៀវដែលជិះនៅលើរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអុិចប្រេស្សជាច្រើននាក់រងរបួសស្រាល ក្រោយពេលកើតហេតុ ខាងក្រុមហ៊ុនបានឲ្យរថយន្តផ្សេងទៀតមកដឹកសាងយកភ្ញៀវទៅទាំងយប់ ។
លោកបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេសបើកបរមិនប្រកាន់ស្តាំ រួមផ្សំនឹងអ្នកបើកបររថយន្តសាំយ៉ុងមានល្បឿនលឿន ក្រោយវាស់វែងរួច វត្ថុតាងត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង សាកសពប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ