ទីក្រុងហ្សាការតា ៖ កាលពីថ្ងៃសៅរ៍កន្លងមក រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Steven Mnuchin បានច្រានចោលការព្រមានថា ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ស្របពេលដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមាននៅកិច្ចប្រជុំក្នុងឥណ្ឌូណេស៊ីថាជម្លោះរវាងសហរដ្ឋអាមេរិកនិងចិន អាចប៉ះពាល់ដល់ការលូតលាស់សេដ្ឋកិច្ចជុំវិញពិភពលោក ហើយ IMF បានបន្ទាបការព្យាករលើការលូតលាស់សេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយផងដែរ ។
លោក Mnuchin បានប្រាប់ដល់អ្នកសារព័ត៌មានថា ការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) ក្នុងការដាក់ទណ្ឌកម្មលើប្រទេសចិនដោយពន្ធដើម្បីជំរុញឲ្យប្រទេសនេះធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ជាងមុន ហើយអាចបង្កឥទ្ធិពលជាវិជ្ជមានទៅវិញ ។
លោកថ្លែងថា ៖« គោលដៅរបស់ពួកយើងជាមួយនឹងប្រទេសចិនគឺច្បាស់ណាស់ វាគឺដើម្បីមានទំនាក់ទំនងពាណិជ្ជកម្មដែលមានលំនឹងភាពជាងមុន ។ ខ្ញុំគិតថា បើពួកយើងជោគជ័យ វានឹងល្អសម្រាប់ក្រុមហ៊ុនអាមេរិក ពលករអាមេរិក អឺរ៉ុប ជប៉ុន និងសម្ព័ន្ធមិត្តរបស់ពួកយើង និងល្អសម្រាប់ប្រទេសចិនផងដែរ »។
កាលពីថ្ងៃអង្គារ IMFបានបន្ទាបការព្យាករលើការលួតលាស់GDPរបស់ពិភពលោកប្រមាណ០,២%មកស្មើ៣,៧% សម្រាប់ឆ្នាំ២០១៨ និង២០១៩ និងបាននិយាយថា មនុស្សគ្រប់គ្នានឹងទទួលរងការប៉ះពាល់ពីជម្លោះរវាងសេដ្ឋកិច្ចធំៗទាំងពីររបស់ពិភពលោកនេះ ។
ភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងក្នុងអំឡុងពេលប៉ុន្មានខែមកនេះ ដោយមានរដ្ឋាភិបាលលោកប្រធានាធិបតីត្រាំដាក់ពន្ធលើផលិតផលចិនរាប់ប៊ីលានដុល្លារដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងប្រឆាំងនឹងការធ្វើពាណិជ្ជកម្មដែលសហរដ្ឋអាមេរិកមិនអាចទទួលយកបាន ៕
ចែករំលែកព័តមាននេះ