ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នឹង​នាំ​ប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​២​ថ្ងៃខែ​តុលា​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​«​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​«​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ព្រះរាជាណាចក្រ​ប៊ែ​ល​ហ្ស៊ិ​ក តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​ឯកឧត្តម Jean Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប ។

យោង​តាម​សេ​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ឲ្យ​ដឹង​ថា ការ​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី មាន​ឯកឧត្តម​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរ ជាតិ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ។ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ​« អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» មាន​គោលបំណង​ពង្រឹង​កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈ​ពេល​ដែល​តំបន់​ទាំង​ពីរ​ជម្រុញ​កសាង​កម្លាំង​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ចាប់ពី​ការ​បង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ​កា​រត​ភ្ជាប់ ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម ។

ក្នុង​សម័យប្រជុំ​ពេញអង្គ​ដែល​មាន​មូលបទ​រង​« ពង្រឹង​ប្រព័ន្ធ​ពហុ​និយម​៖ ជម្រុញ​ភាព​ជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​អំពី​ការ​ប្រឈម​សកល​» សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោត​ទៅ​លើ​ប្រធានបទ «​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​»​។

ក្នុងអំឡុងពេល​ស្នាក់​នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​សម​ភាគី​របស់​សម្តេច​តេ​ជោ​ដូច​ជា ឯកឧត្តម Dmitry Medvedev នាយក​រដ្ឋមន្ត្រី​នៃ​សហព័ន្ធ​រុ​ស្ស៊ី ឯកឧត្តម Viktor Orbán នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​ហ្គ្រី​លោក​ជំទាវ Erna Solberg នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ន័​រវេ​ស ឯកឧត្តម Andrej BabiŠ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឆែក និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃ​ទៀត ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគមន៍​ខ្មែរ និង​សិស្ស​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ផង​ដែរ ៕

កែសម្រួលដោយ