រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ខាងមុខ នៅទីក្រុងប្រ៊ុចសែល ព្រះរាជាណាចក្រ ប៊ែលហ្ស៊ិក តបតាមការអញ្ជើញរបស់ឯកឧត្តម Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងឯកឧត្តម Jean Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប។ អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ “ អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល” មានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ខណៈពេលដែលតំបន់ទាំងពីរជំរុញកសាងកម្លាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើន ចាប់ពីការបង្កើនពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបំរែបំរួលអាកាសធាតុជាដើម។ ក្នុងសម័យប្រជុំពេញអង្គដែលមានមូលបទរង “ ពង្រឹងប្រព័ន្ធពហុនិយម៖ ជម្រុញភាពជាដៃគូអាស៊ី-អឺរ៉ុបអំពីការប្រឈមសកល” សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងបទអន្តរាគមន៍ដោយផ្តោតទៅលើប្រធានបទ៖ «របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន»។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបែលហ្ស៊ិក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគី ដាច់ដោយឡែកពីគ្នា ជាមួយសមភាគីរបស់សម្តេចតេជោ ដូចជាឯកឧត្តម Dmitry Medvedev នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី ឯកឧត្តម Viktor Orbán នាយករដ្ឋមន្ត្រីនៃប្រទេសហុងហ្គ្រីលោកជំទាវ Erna Solberg នាយករដ្ឋមន្ត្រីនៃប្រទេសន័រវេស ឯកឧត្តម Andrej BabiŠ នាយករដ្ឋមន្ត្រីនៃប្រទេសឆេក និងថ្នាក់ដឹកនាំគណៈប្រតិភូដទៃទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយ សមាជិកសហគមន៍ខ្មែរ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបែលហ្ស៊ិក ផងដែរ៕
ចែករំលែកព័តមាននេះ