ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក​ហ្លួង​កើនឡើងក្នុង​ដែន​ជម្រក​ធម្មជាតិ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ WCS កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨​ថា បន្ទាប់​ពី​ការ​លែង​អណ្តើក​ហ្លួង កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តកោះកុង ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ WCS កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨​ថា បន្ទាប់​ពី​ការ​លែង​អណ្តើក​ហ្លួង កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្រុមការងារ​តាមដាន និង​ស្រាវជ្រាវ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​(WCS) និង​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិរក្ស​អណ្តើក​ហ្លួង​ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​ក្នុង​សាកលលោក​កំពុង​បង្ហាញ​សញ្ញា​នៃ​ភាព​ជោគជ័យ ។

ឆ្លង​តាម​ការ​តាមដាន​រៀង​រាល់​ខែ​ដោយ​ក្រុម​ល្បាត​សហគមន៍ រដ្ឋបាល​ជលផល​និង​អង្គ​ការ WCS បាន​រក​ឃើញ​អណ្តើក​ហ្លួង​ទាំងអស់​ក្នុង​រយ់ពេល​១០​ខែ​បន្ទាប់​ពី​លែង​តាម​រយៈ​ឧបករណ៍​តាមដាន​ដែល​បាន​បំពាក់​លើ​ស្នូកអណ្តើក​ហ្លួង ។ ទិន្នន័យ​ពី​ការ​ស្រាវ​ជ្រាវ និង​តាមដាន​បាន​បង្ហាញ​ថា​អណ្តើក​ហ្លួង​១​ក្បាល​បាន​ផ្លាស់​ទី​ទៅ​កាន់​ប្រព័ន្ធ​ព្រែក​ជី​ផាត់​ដែល​មាន​ចម្ងាយ​ជិត​១០០​គីឡូម៉ែត្រ​ពី​ទីតាំង​លែង​។

ដោយឡែក​អណ្តើក​ហ្លួង​១​ក្បាល​ផ្សេង​ទៀត​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​ជាប់​មង និង​បាន​ប្រគល់​ឱ្យ​អង្គការ WCS​ដើម្បី​ថែរក្សា ។ លទ្ធផល​ទាំងនេះ​បាន​បញ្ជាក់​ថា អណ្តើក​​ហ្លួង​ទាំងអស់​បាន​និង​កំពុង​ផ្លាស់​ទៅ​កាន់់​ទីជម្រក​នានា​បន្ទាប់​ពី​ការ​លែង ។

អណ្តើក​ហ្លួង ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត និង​ស្ថិត​ក្នុង​ចំណោម​អណ្តើក​ទាំង​២៥​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក និង​ចាត់ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ក្នុង​ប្រទេស​កម្ពុជា ។ ជា​ពិសេស​ព្រះរាជក្រឹត្យ ន​ស​/​រក​រត​/០៣០៥/១៤៩ ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០០៥ បាន​ដាក់​​បញ្ចូល​សត្វ​អណ្តើក​ហ្លួង​នេះ​ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ។

សត្វ​អណ្តើក​ហ្លួង​ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា​បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ទៅ​ហើយ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០០០ រដ្ឋបាល​ជលផល និង​អង្គការ WCS បាន​សិក្សា​ស្រាវជ្រាវ និង​រក​ឃើញ​មាន​ចំនួន​សត្វ​អណ្តើក​ប្រភេទ​នេះ​ដ៏​តិចតួច​ឡើង​វិញ​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្នុង​ប្រទេស​កម្ពុជា​។

ចាប់តាំងពី​ពេល​នោះ​មក អង្គការ WCS និង​រដ្ឋបាល​ជលផល​បាន​ធ្វើ​ការ​រួម​គ្នា​ការពារ និង​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​ទាំងនេះ​ពី​ការ​ផុត​ពូជ​តាម​រយៈ​សកម្ម​ភាព​៖ ការ​ការពារ​សំបុក​ពង​កូន ការ​ចិញ្ចឹម និង​ថែរក្សា ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​ទប់ស្កាត់​បទល្មើស​នេសាទ និង​ការ​ជួញដូរ​សត្វព្រៃ ការ​ស្រាវជ្រាវ និង​ការ​តាមដាន ។

លោក​សោម ស៊ី​ថា ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ខេត្តកោះកុង​នៃ​អង្គការ WCS បាន​លើក​ឡើង​ថា​៖ «​កម្មវិធី​ការពារ​សំបុក​ពង​កូន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​សត្វ​អណ្តើក​ហ្លួង​ពី​ការ​ផុត​ពូជ ម្យ៉ាងវិញទៀត កម្មវិធី​នេះ​បាន​ផ្តល់​ការងារ​ដល់​អតីត​អ្នក​ប្រមូល​ពង​ដើម្បី​ការពារ​សំបុក​ដែល​អាច​បង្កើន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ពួក​គាត់ ជា​ពិសេស​ដើម្បី​ធានា​ថា​ពង​កូនអណ្តើក​ហ្លួង​ត្រូវ​បានការ​ពារ​យ៉ាង​យកចិត្តទុកដាក់ និង​ភ្ញាស់​ដោយ​ជោគជ័យ ។

ក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៧ គម្រោង​បាន​លែង​អណ្តើក​ហ្លួង​ជំទង់​ញី និង​ង​ឈ្មោល​ពីរ​ក្រុម​ដែល​មាន​ចំនួន ស្មើ​ៗ​គ្នា​ទៅ​ក្នុង​ជម្រក​ធម្មជាតិ​វិញ​ដោយ​មាន​បំពាក់​ឧបករណ៍​តាម​ដាន ។ កម្មវិធី​តាមដាន​ក្រោយ​ការ​លែង​បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ដោយ​រក​ឃើញ​អត្រា​រស់រាន​មានជីវិត​របស់​អណ្តើក​ហ្លួង​ដែល​លែង​មាន​កម្រិត​ខ្ពស់​តាម​រយៈ​ការ​គ្រប់​គ្រង​ប្រកបដោយ​ប្រសិទ្ធភាព លើ​កត្តា​គំរាមកំហែង​នានា ។ យើង​សង្ឃឹមថា អណ្តើក​ដែល​លែង​ទាំងនេះ​នឹង​បន្ត​ពូជ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ដែល​ជា​ក្តី​សង្ឃឹម​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​ប្រភេទ​ដ៏​កម្រ​នេះ » ។

លោក​អ៊ុ​ក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​៖ «​សកម្មភាព​បូម​ខ្សាច់ ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជាទី​ជម្រក និង​ការ​នេសាទ​ខុសច្បាប់​បាន​បង្ក​ការ​គំរាមកំហែង​ដល់ទី​ជម្រក​របស់​អណ្តើក​ហ្លួង ជា​ពិសេស​តំបន់ឆ្នេរ​ខ្សាច់​ដែល​ជា​ជម្រក​ពង​កូន ។ យើង​ត្រូវការ​ការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ចូលរួម​កាត់​បន្ថយ​ហានិភ័យ​ដែល​កើត​មាន​ឡើង​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល ។

រដ្ឋបាល​ជលផល​កំពុង​រៀបចំសេចក្តី​ព្រាង​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ដាក់​តំបន់​មួយ​ចំនួន​ធំ​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ទៅ​ជា​តំបន់​គ្រប់គ្រង សម្រាប់​សត្វ​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី ។ សេចក្តី​ប្រកាស​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​ពេល ឆាប់​ៗ​នេះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ