ព្រះបរមសាស្តាបានទេសនាប្រដៅដល់សព្វសត្វថា តាមធម្មតាពៀរមិនដែលរម្ងាប់ដោយការចងពៀរឡើយ។ ត្រង់ចំណុចនេះបង្ហាញថា បើយើងនៅតែប្រកាន់ថា អ្នកនេះវាយអញ អ្នកនោះជេរអញ អ្នកនេះតិះដៀលអញ អ្នកនោះបៀតបៀនអញ អ្នកនោះនិយាយអាក្រក់ពីអញ ក៏មានចិត្តចងគំនុំគេវិញ រកវិធីទុច្ចរិតផ្សេងៗដើម្បីឱ្យគេអន្តរាយ ឱ្យគេវិនាសវិញដើម្បីបំពេញបំណងអាក្រក់របស់ខ្លួន។ ការចងអាឃាតគ្នាបែបនេះពៀរវេរានៅតែកើតមានរហូត។
ដើម្បីបន្សាត់បង់ពៀរវេរាឱ្យអស់ពីខន្ធសន្តាន ទាល់តែបុគ្គលរៀនអប់រំចិត្តឱ្យនឹងថ្កល់ដូចភ្នំតាន់ទោះជាត្រូវភ្លៀង ព្យុះវាយប្រហាររបើកអាកាសយ៉ាងណាក៏មិនកម្រើកញាប់ញ័រ រៀនអប់រំចិត្តឱ្យចេះអត់ធន់ ចេះឱ្យអភ័យដល់អ្នកនៅជុំវិញខ្លួន និងគួររៀនធ្វើគធ្វើថ្លង់ខ្លះក៏មិនថ្វី ព្រោះជារឿងដែលមិនបានការ ។
រឿងណាដែលមានប្រយោជន៍ ការងារណាដែលសំខាន់គប្បីប្រឹងប្រែងខំសង្វាត់ឡើងទើបទទួលបានផលល្អ គឺកុំខ្វល់នឹងរឿងឥតបានការ។ អ្នកណាធ្វើកម្មណាទុកឱ្យគេទទួលកម្មពៀរនោះដោយខ្លួនឯងចុះ ។
បុគ្គលដែលមានចិត្តបដិឃៈប្រកាន់ថ្នាំងថ្នាក់ដក់ជាប់ក្នុងអារម្មណ៍ រកឱកាសប្រទូស្តជាមួយអ្នកដទៃ ពៀរនេះនឹងធ្លាក់មកលើបុគ្គលនោះវិញដដែលដូចបាចអង្កាមច្រាសខ្យល់ គឺមិនបានសុខឡើយ។ មានតែអ្នកមានចិត្តជា មិនបៀតបៀនដល់បុគ្គលដទៃទេទើបទទួលបានសុខក្សេមក្សាន្តទាំងក្នុងលោកនេះនិងលោកខាងមុខតរៀងទៅ ។
ចែករំលែកព័តមាននេះ