ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ខុន​ដូ​តម្លៃ​សមរម្យ មិ​ង​ហួរ ប្រកាស​លក់​ជា​ផ្លូវការ​ផ្ដោត​លើ​អតិថិជន​ក្នុងស្រុក​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ គម្រោង​ខុន​ដូ មិ​ង​ហួរ ដែល​ជា​ការ​វិនិយោគ​ទាំងស្រុង​ដោយ​វិនិ​យោគិន​​ក្នុងស្រុក និង​ផ្ដោត​ទៅ​លើ​អតិថិជន​ក្នុងស្រុក​ផង​ដែរ​នោះ បាន​ប្រកាស​លក់​ជា​ផ្លូវការ​ដល់​អតិថិជន ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការ​ស្នាក់​នៅ​បែប​ខុន​ដូ។ ពិធី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ០៥…

​រាជធានី​ភ្នំពេញ ៖ គម្រោង​ខុន​ដូ មិ​ង​ហួរ ដែល​ជា​ការ​វិនិយោគ​ទាំងស្រុង​ដោយ​វិនិ​យោគិន​​ក្នុងស្រុក និង​ផ្ដោត​ទៅ​លើ​អតិថិជន​ក្នុងស្រុក​ផង​ដែរ​នោះ បាន​ប្រកាស​លក់​ជា​ផ្លូវការ​ដល់​អតិថិជន ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការ​ស្នាក់​នៅ​បែប​ខុន​ដូ។ ពិធី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ០៥ តុលា ២០១៨ នៅ​សណ្ឋាគារ Great Duke ភ្នំពេញ​ ក្រោម​អធិបតីភាព​ឯកឧត្តម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិកា​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ប្រកាស​នោះ លោក​ឈួ​រ ឈុ​ន​ហួរ អគ្គ​នាយក​នៃ​ក្រុមហ៊ុន​មិ​ង​ហួរ​គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​ខុន​ដូ​នេះ បាន​ឲ្យ​ដឹង​ថា លោក​នៅ​តែ​មើលឃើញ​ពី​សក្ដានុពល​ទីផ្សារ​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​​នៅ​រាជធានី​ភ្នំពេញ ព្រោះ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​តែ​មិន​មាន​កន្លែង​ស្នាក់​នៅ​ជា​របស់​ផ្ទាល់ខ្លួន ហើយ​តម្រូវការ​ខាង​ខុន​ដូរ​នេះ​ដែរ​ក៏​នៅ​តែ​មាន ។​

​លោក​បន្ត​ថា គម្រោង​ខុន​ដូ មិ​ង​ហួរ ដែល​ក្រុមហ៊ុន​មិ​ង​ហួរ បាន​ចាប់ផ្ដើម​សាងសង់​សម្រាប់​ផ្គត់ផ្គង់​ជូន​អតិថិជន​ក្នុងស្រុក​នោះ គឺ​ស្ថិត​នៅ​លើ​ទីតាំង​មួយ​ថ្មី ដែល​មិន​ធ្លាប់​មាន​ខុន​ដូ​ពី​មុន​មក​នោះ​ទេ គឺ​នៅ​តំបន់​បឹង​សាឡា​ង ។

លោក​ថា ៖ ការ​សាង​សង់​ ឬ​អភិវឌ្ឍន៍​អ្វី ត្រូវមាន​អ្នក​ចាប់​ផ្តើម​ទើប​មាន​​ធ្វើ​បន្ត តែបើ​មិន​ចាប់ផ្ដើម​នោះ​ទេ ក៏​គ្មាន​អ្នក​ធ្វើ​បន្ត​ដែរ ជាក់ស្ដែង​តំបន់​បឹង​សាឡា​ង​ជា​តំបន់​ថ្មី​ និង​មិន​ធ្លាប់​មានការ​សាងសង់​ខុន​ដូ​នៅឡើយ ដូចនេះ​ហើយ​ទើប​ក្រុមហ៊ុន​យើង​ចាប់ផ្ដើម​សាង​សង់​វា​ឡើង​មុនគេ​ដើម្បី​ផ្ដ​ត់​ផ្គង់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ »​។​

​លោក​ឈួ​រ ឈុ​ន​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​មិ​ង​ហួរ​គ្រុប បន្ថែម​ថា ជំហាន​ដំបូង​របស់​ក្រុម​ហ៊ុន​បាន​សាងសង់​ខុន​ដូ​ដែល​មានកំ​ពស់​១៩​ជាន់ សរុប​ចំនួន ១៤២​យូ​នី​ត និង​មាន​មួយ​អគារ​ទៀត​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ទុក​ជួល​ជូន​អតិថិជន ក៏​ប៉ុន្តែ​បើសិនជា​មាន​តម្រូវការ​ទិញ​ខុន​ដូ​ពី​ក្រុមហ៊ុន នឹង​ពិចារណា​លក់​គម្រោង​នោះ​ទៅ​អតិថិជន​ផង​ដែរ ដើម្បី​​បំពេញ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន​ក្នុងស្រុក ។ គម្រោង​ខុន​ដូ​នេះ​ដែរ ត្រូវ​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​១១​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​គ្រោង​នឹង​បញ្ចប់​ជា​ស្ថា​ព័រ​នៅ​អំឡុង​ឆ្នាំ ២០២០​ខាង​មុខ​នេះ ។​

​លោក​បញ្ជាក់​ថា ដោយសារ​តែ​អតិថិជន​គោលដៅ​របស់​ខ្លួន ជា​អតិថិជន​ក្នុងស្រុក ដូច​នេះ​​តម្លៃ​ខុន​ដូ ដែល​ត្រូវ​លក់​ជូន​អតិថិជន​ក៏​មាន​តម្លៃ​សមរម្យ​ផង​ដែរ ក្នុង​នោះ​វា​មាន​តម្លៃ​​ចាប់ពី​២​ម៉ឺន​ដុល្លារ​ឡើង​ទៅ និង​អាច​រំលស់​ត្រឹមតែ ជាង​២០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​​ក្នុង​មួយ​ខែ ។ ក្រុមហ៊ុន​ក៏​មាន​គម្រោង​ និង​ត្រៀម​សាងសង់​ខុន​ដូ​ប្រភេទ​នេះ​ដើម្បី​ផ្គត់ផ្គង់​ជូន​អតិថិជន​ខ្លួន​បន្ថែម​ទៀត​ដែរ នៅ​ពេល​គម្រោង​ទី​១​ របស់​ខ្លួន​បាន​បញ្ចប់​រួចរាល់ ។

ឯកឧត្ដម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យក​ម្ម​ និង​សំណង់​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា តាម​ការ​សិក្សា​របស់​ក្រសួង​អំពី​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​អភិ​វឌ្ឍន៍​ទីក្រុង នៅ​កម្ពុជា​ឃើញ​ថា ចំនួន​ប្រជាជន​រស់នៅ​ក្នុង​រាជធានី ក្រុង​និង​ទីប្រជុំជន​នៅ​ឆ្នាំ ២០១៤ មាន​ចំនួន​តែ​ជាង​៤,៥​លាន​នាក់ ត្រូវជា​២៧,១​ភាគរយ ហើយ​វា​នឹង​កើន​ឡើង​​ដល់ ៧,៩២​លាន​នាក់ នៅ​ឆ្នាំ​២០៣០ ខាង​មុខ ។ តាម​ទិ​ន្និ​ន័យ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​​ថា សម្រាប់​រយៈពេល​១៥​ឆ្នាំ តម្រូវការ​លំនៅ​ឋាន សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ ៨០​ម៉ឺន​ខ្នង ដែល​ជា​មធ្យម​មាន​តម្រូវ​ប្រមាណ ៥​ម៉ឺន​លំនៅ​ឋាន ក្នុង​មួយ​ឆ្នាំ ។​

​លោក​បន្ត​ថា ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ក្រសួង​បាន​និង​កំពុង​សកម្ម​អនុវត្ត​គោល​នយោ​បាយ​ជាតិ​ស្តី​ពី​ការ​រៀបចំ​ដែនដី ក្នុង​ការ​កសាង​ផែនការ​រៀបចំ​ដែនដី​ប្លង់​គោល និង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោលនយោបាយ​ជាតិ​ស្ដី​ពី​លំនៅ​ឋាន អោយ​សម​ស្រប​តាម​តម្រូវការ នៃ​ការ​រីក​លូតលាស់​ផ្នែក​នគ​រូប​នី​កម្ម និង​កំណត់​តំបន់​ទិស​ដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ក្រុង​ពង្រីក​ទីក្រុង តំបន់​ស្នាក់​នៅ និង​ជា​ពិសេស​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សមរម្យ​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ប្រាក់​ចំណូល​ទាប និង​ជន​ងាយ​រង​គ្រោះ ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​សមធម៌ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ