ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ជុំបិណ្ឌ​៣​ថ្ងៃ​…​​​ភ្ញៀវ​ជាតិ​-​អន្តរជាតិមក​លេងព្រះសីហនុ​ធ្លាក់​ចុះស្ទើរ​មិន​គួរ​ឱ្យ​​​ជឿ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ម្ចាស់​តូប​លក់​ម្ហូបអាហារ ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​ព្រែក​ត្រែង សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដូច​គ្នា​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៨​នេះ ចំនួន​ភ្ញៀវ​ទេស​ចរ​ជាតិ​-​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ៗ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ខណៈ​ដែល​តាម​វិ​ថី​នានា​នៅ​ក្នុង​ក្រុងមាន​សភាព​ស្ងាត់ មិន​មានការ​កកស្ទះ​ចរាចរណ៍​​ឡើយ…

ខេត្តព្រះសីហនុ ៖ ម្ចាស់​តូប​លក់​ម្ហូបអាហារ ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​ព្រែក​ត្រែង សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដូច​គ្នា​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៨​នេះ ចំនួន​ភ្ញៀវ​ទេស​ចរ​ជាតិ​-​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ៗ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ខណៈ​ដែល​តាម​វិ​ថី​នានា​នៅ​ក្នុង​ក្រុងមាន​សភាព​ស្ងាត់ មិន​មានការ​កកស្ទះ​ចរាចរណ៍​​ឡើយ ។

រីឯ​នៅ​តាម​តំបន់ឆ្នេរ​ដែល​ជា​កន្លែង​កម្សាន្ត​នៅ​ក្នុង​ខេត្ត ក៏​មាន​សភាព ស្ងប់ស្ងាត់ ខុស​ប្លែក​ពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៧កន្លង​មក​ដែរ ។ កាលពី​ឆ្នាំ​២០១៧ ចំនួន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ថ្ងៃ​១​រោច ខែភទ្របទ​ដែល​ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ រហូត​ដល់​ថ្ងៃ​ចុងបញ្ចប់​ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​តាម​តំបន់ឆ្នេរ​និង​រមណីយដ្ឋាន​នានា​ស្ទើរតែ​រក​តុ​សម្រាប់​ឲ្យ​ភ្ញៀវ​អង្គុយ​មិន​បាន​ផង ។

ប្រភព​ខាងលើ​បន្ត​ថា ពួក​គាត់​ជា​អាជីវករ​លក់ដូរ​ម្ហូបអាហារ​នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ ឲ្យ​តែ​ដល់​រដូវ​កាល​បុណ្យ​ទាន​ប្រពៃណី​ជាតិ​យើង​ម្តង​ៗ កាលពី​ឆ្នាំ​មុន​ៗ​តែងតែ​រំពឹង​ទុក​លើ​មុខរបរ​លក់​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ប៉ុន្តែ​ឆ្នាំ​នេះ ក្តី​រំពឹង​ទុក​ត្រូវ​រលាយ​បាត់​អស់ ។ មាន​បញ្ហា​ច្រើន​យ៉ាង​ដែល​ជាដើមចម​បណ្តាល​ឲ្យ​ភ្ញៀវ​ទេសចរ​មានការ​ធ្លាក់​ចុះ​ដូច​ជា ៖
-​ស្ថានភាព​ផ្លូវ​ដែល​រង​ការ​ខូចខាត​នៅ​ក្នុង​រដូវវស្សា មិន​ទាន់​បាន​ជួសជុល​ឡើង​វិញ បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​។
-​ដោយ​លំហូរ​ចូល​ការ​វិនិយោគ​របស់​ជន​បរទេស​(​ចិន​)​យ៉ាង​គំហុក ធ្វើ​ឲ្យ​ផ្ទះសំណាក់ ស​ណ្ឋាគារ​។​ល​។ ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ជនជាតិ​ចិន​ស្ទើរតែ​អស់ បង្ក​ការ​លំបាក​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង​មក​សម្រាក​លំហែកាយ​ជា​លក្ខណ​:​គ្រួសារ ។
-​ហាង​លក់​អាហារ ភេសជ្ជៈ​ន ៅ​ក្នុង​ក្រុង​មួយ​ចំនួន ឬ​ហាង​លក់​ម្ហូបអាហារ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើ ទាល ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ជនជាតិ​ចិន​ស្ទើរតែ​អស់ និង​លក់​មុខម្ហូប​តម្រូវ​តាម​បែប​ជនជាតិ​គេ​ក្នុង​តម្លៃ​ខ្ពស់ ។

ប្រភព​ខាងលើ​បាន​ញ្ជា​ក់ថា អ្វី​ដែល​គាត់​បានរៀបរាប់​ខាងលើ​នេះ ជា​កត្តា​ខ្លះ​ៗ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មានការ​ធ្លាក់​ចុះ ។តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃ​ទី៨​ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ មាន​ចំនួនសរុប​៧៩.៥៨៧​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៧​កន្លង​មក មានការ​ថយចុះ​១៣,៤៩% ។ ក្នុង​ចំនួន​ភ្ញៀវ​ខាងលើ ភ្ញៀវជាតិ​មាន​ចំនួន​៧៣.១៧៧​នាក់ បើ​ប្រៀបធៀបទៅ​នឹង​ឆ្នាំ​២០១៧​មានការ​ថយ​ចុះ​១៦,២៧% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៦.៤១០​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​មានការ​កើនឡើង​៣៩,៣៤% ។

នៅ​ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួនភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​តាមរមណីយ ដ្ឋាន​នានា​នៅ​ក្នុង​ខេត្ត​មាន ៖ ១-​រមណីយដ្ឋាន​ក្បាលឆាយ ចំនួន​ភ្ញៀវ​ចូល​ទៅ​លេង​មាន​ចំនួន​៥.៣១៩​នាក់ ក្នុង​នោះ​ភ្ញៀវ​ជនជាតិ​បរទេស​មាន​ចំនួន​១៥០​នាក់ ។២-​រមណីយដ្ឋាន​ថ្ម​រូង ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​មាន​ចំនួន​១.២៤០​នាក់ ក្នុង​នោះ​ភ្ញៀវ​ជនជាតិ​បរទេស​មាន​ចំនួន​៤៨​នាក់ ។៣-​រមណីយដ្ឋាន​ពិ​ក​និក ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​លេង​មាន​ចំនួន​១.៣៨០​នាក់ ក្នុង​នោះ​ភ្ញៀវ​ជា​ជនជាតិ​បរទេស​មាន​ចំនួន​៣៩៤​នាក់

ដោយឡែក ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទៅ​កម្សាន្ត​នៅ​តាម​ដែន​កោះ​នានា​ក្នុង​រយ​:​ពេល​៣​ថ្ងៃនេះ​ដែរ សរុប​មាន​២.៦៩៥​នាក់ ។ នៅ​ក្នុង​ចំនួន​ភ្ញៀវ​ខាងលើ ភ្ញៀវ​ជាតិ​មាន​ចំនួន​៦០៥​នាក់​(​ស្រី្ត​២៨៦​នាក់​) និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​២.០៩០​នាក់​(​ស្រី​៩២៤​នាក់​) ។

ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ​អ្នក​លក់ដូរ​ម្ហូបអាហារ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ និង​នៅតាម​រមណីយដ្ឋាន​នានា និង​អ្នកបើកបរ​នាវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​កោះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃ ណី​ជាតិ​ឆ្នាំ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក មិន​ដូច​ជា​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ថា បើ​មិន​និយាយ​ពី​ការ​ពិត​ដើម្បី​ដោះស្រាយ​ទេ តើ​ទុក​ឱ្យ​ស្ថានភាព​នេះ​វិ​វត្តកាន់តែ​អាក្រក់​ទៅ​ៗ​ឬ​បែប​ណា ? ពេល​នេះ​បាន​បង្ហាញ​ថា តំបន់ឆ្នេរ​ដែល​ជាទី​ពេញ​និយម​កំពុង​ឃ្លាត​កាន់តែ​ឆ្ងាយ​ហើយ ៕

អត្ថបទសរសេរ ដោយ