ចំណង់, សេចក្តីប្រាថ្នា, តម្រេច, សេចក្តីអន្ទះអន្ទែង អំណាចនៃការលោភលន់ ការបៀតបៀន ឈ្នានីសគ្នា ការរំលោភបំពានទាំងអស់នេះគឺសុទ្ធតែកើតចេញពីតណ្ហា។ បើនិយាយពីតណ្ហានេះបើបុគ្គលមិនបានអប់រំចិត្តឱ្យបានល្អទេ នឹងធ្វើឱ្យចំណង់គឺការចង់បាន មិនចេះឆ្អែត មិនចេះចប់ មិនចេះស្កប់ស្កល់សោះឡើយ ។
សម្បត្តិនៅក្នុងលោកនេះ ដែលសំខាន់បំផុតមិនមែនស្ថិតនៅលើលាភ យស ឋានៈ បុណ្យស័ក្តិ កិត្តិយស ឬការគោរពលើកតម្កើងតួនាទីនោះទេ គឹវាស្ថិតនៅត្រង់ការប្រព្រឹត្តឱ្យបានត្រឹមត្រូវបំផុត ទើបរួចចាកទុក្ខផុតតណ្ហាពីក្នុងលោកនេះ ។
បើនិយាយពីអ្នកបួសក្នុងព្រះពុទ្ធសាសនាវិញ បើមិនបានអប់រំឥន្ទ្រិយឱ្យបានមត់គត់ទេ នឹងធ្វើឱ្យចិត្តច្របូកច្របល់ជាមួយនឹងតណ្ហារកសេចក្តីស្ងប់មិនឃើញឡើយ។ ព្រោះហេតុនោះបានជាលោកឱ្យ ប្រព្រឹត្ពព្រហ្មចរិយធម៌ក្នុងធម្មវិន័យឱ្យបានខ្លាំងក្លាដើម្បីរួចផុតចាកទុក្ខទាំងពួង ព្រោះកម្ចាត់បង់នូវតណ្ហាបានសម្រេច ។
រឿងតណ្ហានេះមានលក្ខណៈធំធេង និងក្លៀវក្លាខ្លាំងណាស់ បើបុគ្គលកម្ចាត់តណ្ហាឱ្យអស់ពីខន្ធសន្តាន បានដល់ត្រើយនៃឋានសុខហើយ គឺលែងទាមទារអ្វីតទៅទៀតហើយ ព្រោះជាការសម្រេចសិទ្ធិអំណាចរបស់ខ្លួនដល់ទីបំផុត មានឥស្សរភាព មានសេរីភាពដ៏មហាសាលលែងជាខ្ញុំនៃតណ្ហា ក្នុងវដ្តសង្សារនេះតទៅទៀតហើយ ។
ចែករំលែកព័តមាននេះ