ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅណា? ទៅ​លេង​រម​ណីយ​ដ្ឋាន​ភូមិត្នោត​

10 ឆ្នាំ មុន

អ្ហា៎…ក្រោក​ឡើងៗ​…​អាហារ​មក​ដល់​ហើយ​ ! នេះ​ជា​សំឡេង​ភរិយា​​ម្នាក់​ដាស់​គ្រួសារ​របស់​គាត់​មាន​កូន​​ប្រុស ស្រី​​២​នាក់​ និង​ប្តី​ម្នាក់​ ​ឱ្យ​ក្រោក​ឡើង​​ទទួល​ទាន​អាហារ​​ថ្ងៃ​ត្រង់​​ បន្ទាប់​ពី​គេង​​សំរាក​ក្នុង​ផ្ទះ​សំណាក់​ភូមិ​​ត្នោត​រយៈ​ពេល​ជាង​១​ម៉ោង​ខណៈ​ដំណើរ​កម្សាន្ត​​របស់​គ្រួសារ​នេះ​បាន​ទៅ​ដល់​រម​ណីយ​ដ្ឋាន​​ភូមិ​ត្នោត​តាំង​ពី​ព្រឹក(ប្រហែល​ម៉ោង​៨​ព្រឹក​) ​រហូត​ដល់​វេលា​រសៀល​គង​ភ្នំ​ទើប​

អ្ហា៎…ក្រោក​ឡើងៗ​…​អាហារ​មក​ដល់​ហើយ​ ! នេះ​ជា​សំឡេង​ភរិយា​​ម្នាក់​ដាស់​គ្រួសារ​របស់​គាត់​មាន​កូន​​ប្រុស ស្រី​​២​នាក់​ និង​ប្តី​ម្នាក់​ ​ឱ្យ​ក្រោក​ឡើង​​ទទួល​ទាន​អាហារ​​ថ្ងៃ​ត្រង់​​ បន្ទាប់​ពី​គេង​​សំរាក​ក្នុង​ផ្ទះ​សំណាក់​ភូមិ​​ត្នោត​រយៈ​ពេល​ជាង​១​ម៉ោង​ខណៈ​ដំណើរ​កម្សាន្ត​​របស់​គ្រួសារ​នេះ​បាន​ទៅ​ដល់​រម​ណីយ​ដ្ឋាន​​ភូមិ​ត្នោត​តាំង​ពី​ព្រឹក(ប្រហែល​ម៉ោង​៨​ព្រឹក​) ​រហូត​ដល់​វេលា​រសៀល​គង​ភ្នំ​ទើប​ត្រឡប់​មក​កាន់​លំនៅ​ឋាន​នៅ​ឯ​រាជ​ធានី​ភ្នំពេញ​វិញ​ ។

រម​ណីយ​ដ្ឋាន​ភូមិ​ត្នោត​មាន​អ្វី​ប្លែក​? តាម​ពិត​មិន​ណាស់​ណា​ជាង​គេ​នោះ​ទេ ​​គ្រាន់​តែ​ថា​យើង​អាច​រីក​រាយ​ជាមួយ​នឹង​ការ​ផ្លាស់​ប្តូរ​​បរិយា​កាសធម្ម​ជាតិ​​ពណ៌​ខៀវ​ស្រស់​ត្រកាល​ក្រាល​លើ​ដី​ភូមិ​ឋាន​​អ្នក​កសិ​​ករ​ ។ ផ្ទះ​សំណាក់​ រោង​ធំ​ តូប​តូចៗ​​សម្រាប់​អង្គុយ​លេង​​ព្រម​ជាមួយ​អាហារ​ប្រមាណ​៨០​មុខ​​ភាគ​ច្រើន​ជា​ម្ហូប​ខ្មែរ​រង់​ចាំ​​ស្តាប់​ការ​បញ្ជា​កុម្មង់​ពី​លោក​អ្នក​…​ជា​ពិសេស​មាន់​ដុត​​ភូមិ​ត្នោត​ និង​សម្ល​កកូរ​ភូមិ​ត្នោត។ ​ អ្ហា៎​!…មាន​អាង​ហែល​ទឹក​សម្រាប់​មនុស្ស​ចាស់​ និង​កុមារ​ សួន​ស្មៅ​លម្អ​ផ្កា​ក្មេង​យោល​ទោងសប្បាយ​ រោង​សំរាក​​អង្គុយ​លេង​ជ្រក​ម្លប់​ ដើម​ឈើ​បាំង​ជ្រប់​ត្រជាក់​ត្រឈៃ​ រេ​រំពៃ​ភ្នែក​ជ្រែក​​ទៅ​ឃើញ​គេ​ជិះ​កូន​ទា​ ក្មេងៗ​ម្នី​ម្នា​ទារ​ជិះ​នឹង​គេ​ ។
ប្រសិន​បើ​យើង​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​រម​ណីយ​ដ្ឋាន​​ភូមិ​ត្នោត​​យើង​អាច​ធ្វើ​ដំណើរ​តាម​ក្រុង​តា​ខ្មៅ​(ផ្លូវ​ជាតិ​លេខ​២)​ក៏​បាន​…តាម​ផ្លូវ​ចម្ការ​ដូង​(ផ្លូវ​លេខ​២១៧​) ក៏​បាន​…ប្រើ​រយៈ​ពេល​ប្រហែល​ជិត​កន្លះ​ម៉ោង​ប៉ុណ្ណោះ​​(ប្រហែល​២០​គីឡូ​ម៉ែត្រ​)នឹង​ដល់​គោល​ដៅ​ហើយ​។ ប្រសិន​បើ​យើង​ទៅ​ដល់​រមណ​ីយ​ដ្ឋាន​​នោះ​នៅ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក​ យើង​អាច​ដើរ​កម្សាន្ត​​គយ​គន់​ទេស​ភាព​វាល​ស្រែ​ ដើម​ត្នោត​​ ប្រឡាយ​ ​ទឹក​កូន​បឹង​ ត្រពាំង​ រុក្ខ​ជាតិ​ហូប​ផ្លែ​របស់​អ្នក​ភូមិ​ និង​ចុល្ល​ព្រឹក្ស​ផ្សេងៗ​ដុះ​រោយ​រាយ​ទៅ​លើ​វាល​ព្រៃ​របោះ​ស្រស់​ស្រូប​ខ្យល់​អាកាស​បរិ​សុទ្ធ​ច្យុតិ​ប៉ះ​កាយា​…ដល់​ម៉ោង​ប្រហែល​១០​ក៏​ចូល​សំរាក​នៅ​ក្នុង​ផ្ទះ​សំណាក់​សង់​អំពី​ឈើ​ត្រជាក់​​​រហឹម​ហ៊ុម​ព័ទ្ធ​ដោយ​ដើម​រុក្ខ​ជាតិ​ហូប​ផ្លែ​ ពេល​នោះ​យើង​កុម្មង់​ម្ហូប​អាហារ​ បាយ​ទុក​ឱ្យ​ហើយ​ ។ ក្រោយ​ពេលក​​គេង​សំរាក​បាន​២​ម៉ោង​(ម៉ោង​ប្រហែល​១២​ថ្ងៃ​ត្រង់​) ម្ហូប​អាហារ​បាយ​មក​ដល់​ល្មម​ ពួក​យើង​ក្រោក​ញាំុ​អាហារ​តាម​ការ​គួរ​ រួច​ហើយ​សម្តែង​នូវ​សេចក្តី​សុខ​ សុភមង្គល​ ឱ្យ​អស់​ពី​ពោះ​ពី​ពុង​…។

សូមទាញ​អារម្មណ៍​លោក​អ្នក​ត្រឡប់​ក្រោយ​មួយ​ភ្លែត​សិន​…​ពេល​ធ្វើ​ដំណើរ​​ទៅ​ដល់​ផ្សារ​សៀម​រាប ភូមិ​សៀម​រាប ឃុំ​​​សៀម​រាប ស្រុក​កណ្តាល​ស្ទឹង​ នៅ​ខាង​ឆ្វេង​ដៃ​មាន​វត្ត​មួយ​ឈ្មោះ​វត្ត​វិហារ​កំបោរ​​យើង​បត់​ចូល​ទៅ​តាម​ច្រក​ខ្លោង​ទ្វារ​វត្ត​លើ​ផ្លូវ​ក្រួស​​ក្រហម​ប្រមាណ​ជាង​១​គីឡូ​ម៉ែត្រ​ឃើញ​សញ្ញា​ភូមិ​ត្នោត​ ឬ​​​ភូមិ​ឋាន ​សុ​ខ​ភាព​​ រួច​ហើយ​បត់​ឆ្វេង​​ចូល​ទៅ​ប្រហែល​២០០​ម៉ែត្រ​ទៀត​ដល់​រម​ណីយ​ដ្ឋាន​ភូមិត្នោត​ហើយ​(ស្ថិត​ក្នុង​ភូមិ​រាយ​ដប) ។ រោង​អង្គុយ​ប្រប​មាត់​ស្រះ​ដ៏​ធំ​មួយ​ដាស់​ចិត្ត​លែង​ព្រួយ​​នឹក​ជួយ​អ្នក​ស្រុក​ បក្ស​ា​បក្សី​ហិច​ហើរ​ត​ត្រុក​ មិន​នៅ​សំកុក​ឆ្លើយ​ឆ្លង​វា​ចា ម្តុំ​នោះល្អ​ឆើត​កើត​មាន​ផ្កា​ ពណ៌​ឆ្លុះ​ស្រស់​ថ្លា​ប្លែក​ភ្នែក​ ប្លែក​ចិត្ត​…ចាប់​យក​​ក្យូស​ស្បូវ​នៅ​ដាច់​ពី​គេ​ កែវ​ភ្នែក​រិះ​រេ​រក​មើល​ត្នោត​ខ្ចី​ អ្នក​លក់​ញញឹម​ ផ្អែម​ពាក្យ​សម្តី​ បង​យក​ពីរ​​បី​ពិត​ជា​ស្រស់​មាត់​…ពួក​អ្នក​រត់​តុ​មិន​នៅ​អល់​ឯក​ មិន​ឱ្យ​ភ្ញៀវ​ស្រែក​នាំ​បែក​អាកាស ​ដើរ​ជំរាប​សួរ​មាន​ជួរ​ត្រសង​ អ៊ំ​ពូ​ប្អូន​បង​ប៉ង​ចង់​ញ៉ាំ​អ្វី?

សូម​បញ្ជាក់​ថា មាន់​ដុត​ភូមិ​ត្នោត​ សម្ល​កកូរ​ត្នោត និង​ម្ហូប​​អាហារ​ផ្សេង​​ទៀត​មិន​ថ្លៃ​ខ្ពស់​ទេ ស្រា​បៀរ​ ភេសជ្ជៈ​ដូច​គេ​ដូច​ឯង​ សូម​កុំ​ចំបែងកុំ​ក្រែង​ខ្វះ​លុយ​…ផ្ទះ​​សំណាក់​មួយ​ដំណើរ​​ពី​៥​ទៅ​១០​ដុល្លារ​ប៉ុណ្ណោះ​…សូម​ឱ្យ​វេលា​លំហែ​កាយ​រយៈពេ​ល​​ខ្លី​របស់​លោក​អ្នក​ប្រកប​ដោយ​សេចក្តី​សុខ​រីករាយ​ ៕