ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​រក្សា​តំណែង​កំពូល​ តារា​ចម្រៀង​ ព្រាប សុវត្ថិ​ គ្រោង​ទិញ​​រថ​យន្ត​​ទំនើប​បន្ថែម​

10 ឆ្នាំ មុន

បើ​ទោះ​បី​ជា​ពេល​នេះ​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​ក្នុង​លំដាប់​ជួរ​មុខ​ លោក​ព្រាប​​ សុវត្ថិ​ ហាក់​មិន​សូវ​បាន​ចេញ​ច្រើន​នៅ​ក្នុង​ទី​​ផ្សារ​​ដូច​​​ពេល​មុន​​ក៏​ដោយ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​ក្នុង​អាជីព​របស់​តារា​ចម្រៀង​រូប​នេះ​ហាក់​មិន​មាន​ការ​ថម​ថយ​ឡើយ ពោល​គឺតារា​ចម្រៀង​​​រូប​នេះ​​កំពុង​តែ​កាក់​កប​ និង​ត្រូវ​ប៉ាន់​យ៉ាង​ខ្លាំង​​ក្នុង​​ការ​ចេញ​ច្រៀង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ស្ទើរ​មិន​ដាច់​សូរ​ ។

បើ​ទោះ​បី​ជា​ពេល​នេះ​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​ក្នុង​លំដាប់​ជួរ​មុខ​ លោក​ព្រាប​​ សុវត្ថិ​ ហាក់​មិន​សូវ​បាន​ចេញ​ច្រើន​នៅ​ក្នុង​ទី​​ផ្សារ​​ដូច​​​ពេល​មុន​​ក៏​ដោយ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​ក្នុង​អាជីព​របស់​តារា​ចម្រៀង​រូប​នេះ​ហាក់​មិន​មាន​ការ​ថម​ថយ​ឡើយ ពោល​គឺតារា​ចម្រៀង​​​រូប​នេះ​​កំពុង​តែ​កាក់​កប​ និង​ត្រូវ​ប៉ាន់​យ៉ាង​ខ្លាំង​​ក្នុង​​ការ​ចេញ​ច្រៀង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ស្ទើរ​មិន​ដាច់​សូរ​ ។

ភាព​ជោគ​ជ័យ​នេះ​ត្រូវ​បាន​គេ​ប្រៀ​ប​ធៀ​​ប​ថា ព្រាប​ សុវត្ថិ​ កំពុង​តែ​ត្រូវ​ប៉ាន់​ធំ​នៅ​ក្នុង​ពេល​ដែល​តារា​ចម្រៀង​ ខេមរៈ សិរី​មន្ត​ ​ទើប​តែ​អាច​បន្ត​​​កាន់​ក្បាល​មី​ក្រូ​ច្រៀង​​បាន​ឡើង​វិញ​ប៉ុណ្ណោះ បន្ទាប់​ពី​ជួប​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ព្រលឹង​ចុង​សក់​កាល​ពី​ដើម​ខែ​មីនា​​កន្លង​មក​នេះ​ ។

ក្រោយ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ គេ​នៅ​ចាំ​បាន​ថា ខេមរៈ​ សិរី​មន្ត​ បាន​ចាប់​ផ្តើម​គម្រោង​ចេញ​ច្រៀង​ជា​ថ្មី​ឡើង​វិញ​​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​រៀប​ចំ​ឡើង​ដោយ​សណ្ឋា​គារ​​ណា​ហ្គា​វើល​ ប៉ុន្តែ​ជា​អកុ​សល្យ​តារា​ចម្រៀង​រូប​នេះ​នៅ​តែ​មិន​អាច​កាន់​ក្បាល​មី​ក្រូ​បង្ហើរ​សំនៀង​សម្រាប់​ទស្សនិក​ជន​បាន​ដដែល បន្ទាប់​ពី​ភ្លៀង​បាន​បង្អុរ​មក​មួយ​មេ​ធំ​បណ្តាល​ឱ្យ​អ្វីៗ​ត្រូវ​បាន​អាក់​ខាន​វិញ​​​ ព្រោះ​តែ​ឆាក​តន្ត្រី​​នៅ​កណ្តាល​វាល​។ ក្រោយ​ពី​នោះ​​មក​តារា​ចម្រៀង​រូប​នេះ​នៅ​តែ​គ្មាន​​វត្ត​មាន​ឡើង​ច្រៀង​ក្នុង​កម្ម​វិធី​ណា​មួយ​នៅ​ឡើយ​ទេ បន្ទាប់​ពី​លោក​បាន​លុប​ចោល​​កុង​ត្រា​ជាមួយ​បណ្តា​ក្រុម​ហ៊ុន​ធំៗ​ជា​ច្រើន​ក្រោយ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​បាន​កើត​ឡើង​នោះ​ ។ ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​ខេមរ សិរី​មន្ត អាច​ឡើង​ច្រៀង​ឡើង​វិញ​បាន​ហើយ​ គឺ​ច្រៀង​ក្នុង​កម្ម​វិធីសិង្ហា​​បៀរ​ ។

សូម​បញ្ជាក់​ថា ការ​ខក​ខាន​មិន​បាន​បង្ហាញ​វត្ត​មាន​របស់​ខេមរ សិរី​មន្ត​ កន្លង​មក​ ធ្វើ​ដៃ​គូ​​ដ៏​មាន​ឥទ្ធិ​ពលក្នុង​វិស័យ​​ចម្រៀង​របស់​​លោក​ គឺ​លោក​ព្រាប សុវត្ថិ​ កាន់​តែ​មាន​ឱកាស​ក្តោប​ក្តាប់​តំណែង​កំពូល​ក្នុង​សង្វៀន​សិល្បៈ​នេះ​ដដែល​ ​​ទោះ​បី​ជា​លោក​ព្រាប សុវត្ថិ​ មាន​វ័យ​កាន់​តែ​ជ្រេរ​បន្តិច​ក៏​ដោយ ។ លោក​ព្រាប សុវត្ថិ​ បាន​បង្ហាញ​ខ្លួន​ស្ទើរ​គ្រប់​វេទិកាតន្ត្រី​ធំៗ​ជា​ច្រើន​តាម​បណ្តា​ខេត្ត​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​បណ្តា​ក្រុម​ហ៊ុន​ធំៗ​ក្នុង​ទិស​ដៅ​តន្ត្រី​ទេស​ចរណ៍​តាម​បណ្តា​ខេត្ត​-ក្រុង​នានា​ទូទាំង​ប្រទេស​កម្ពុជា​ ។

តាម​រយៈ​ការ​បង្ហាញ​វត្ត​មាន​​លើ​ឆាក​ប្រគំ​តន្ត្រី​ស្ទើរ​មិន​ដាច់​នេះ​អាច​និយាយ​​បាន​ថា ​លោក​​ព្រាប សុវត្ថិ នៅ​តែ​ក្តោប​ក្តាប់​បាន​ឱកាស​ឈរ​នៅ​លំដាប់​កំពូល​ដដែល​ បន្ទាប់​ពី​តារា​ចម្រៀង​ ខេមរៈ សិរី​មន្ត ទើប​​តែ​ចាប់​ផ្តើម​ឈាន​ជើង​ចូល​វេទិកា​តន្ត្រី​ជា​ថ្មី​ឡើង​វិញ​​នេះ ។ ទន្ទឹម​នឹង​ភាព​កាន់​តែ​ជោគ​ជ័យ​នេះ លោក​ព្រាប សុវត្ថិ​ ក៏​ត្រូវ​បា​ន​​គេ​ប៉ាន់​ប្រមាណ​​ដែរ​ថា ចំណូល​ដែល​តារា​ចម្រៀង​រូប​នេះ​រក​បាន​នៅ​ក្នុង​អាជីព​សិល្បៈ​​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​មិន​ក្រោម​រាប់​សិប​មឺុន​ដុល្លារ​ឡើយ​ ស្រប​ពេល​ដែល​លោក​ទើប​តែ​វិល​មក​ពី​​ច្រៀង​ និង​សម្តែង ហើយ​​កើប​ប្រាក់​យ៉ាង​ច្រើន​​នៅ​ក្នុង​ទឹក​ដី​អាមេរិក​នា​ពេល​ថ្មី​កន្លង​មក​ ។ ចំណូល​ដ៏​ខ្ពស់​នេះ​ជា​មូល​ហេតុ​នាំ​ឱ្យ​មាន​ពាក្យ​លេច​ឮ​ថា លោក​ព្រាប សុវត្ថិ​ គ្រោង​នឹង​ទិញ​​រថ​យន្ត​ថ្មី​ដែល​មាន​តម្លៃ​ជាង​១០​មឺុន​ដុល្លារ​អាមេរិក​ បន្ថែម​ពី​លើ​រថ​យន្ត​ចាស់​ដែល​មាន​តម្លៃ​ប្រហែល​១២​មឺុន​ដុល្លារ​ ស្រប​ពេល​ដែល​តារា​ចម្រៀង​​​ ​ខេមរៈ សិរី​មន្ត​ ក៏​ទើប​តែ​ទិញ​រថ​យន្ត​ថ្មី​តម្លៃ​ជាង​១០​មឺុន​ដុល្លារ​ដែរ​នោះ ។

ទោះ​ជា​យ៉ាង​ណា​ជុំ​វិញ​ព័ត៌​មានទិញ​រថ​យន្ត​ទំនើប​របស់​លោក​ ព្រាប សុវត្ថិ ​តារា​ចម្រៀង​ចាស់​វស្សា​ កេរ្តិ៍​ឈ្មោះ​មិន​រីង​ស្ងួត​រូប​នេះ​ធ្លាប់​បាន​អះ​អាង​ថា នេះ​គ្រាន់​តែ​ជា​គម្រោង​ប៉ុណ្ណោះ​មិន​ទាន់​ចេញ​ជា​រូប​រាង​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​​មិន​ចង់​និយាយ​មុន​ឡើយ​ រង់​ចាំ​ឱ្យ​វា​កើត​ឡើង​ពិត​ប្រាកដ​សិន​ចាំ​និយាយ​​​៕