ព្រះដ៏មានបុណ្យលោកបានទេសនាអប់រំដល់សពសត្វថា អំពើល្អទោះជាមានប្រមាណតិចក៏ដោយ បុគ្គលត្រូវតែសន្សំជានិច្ច ធ្វើរឿយៗយូរៗទៅក៏គង់ពេញដោយសេចក្តីល្អ អំពើសុចរិតបាន។ បុណ្យហ្នឹងហើយជាទីពឹងនាំយើងទៅរកសេចក្តីសុខក្នុងលោកទាំងពីរ គឺសុខក្នុងលោកនេះផង និងទម្លាយខន្ធទៅបានសុខក្នុងបរលោកទៀត ។
ចូរជាអ្នកមិនមើលងាយបុណ្យថា មានប្រមាណតិចតួចនឹងមិនឲ្យផលដូច្នេះឡើយ សូម្បីបំពង់ដែលគេបញ្ឈរទុកនៅក្នុងទីវាល ក៏គង់នឹងពេញដោយតំណក់ទឹកភ្លៀងដែលធ្លាក់ពីលើអាកាសចុះមកបន្តិចម្ដងៗបាន យ៉ាងណាមិញ អ្នកមានប្រាជ្ញាកាលបើសន្សំបុណ្យកុសលសូម្បីម្ដងបន្តិចក៏អាចពេញដោយបុណ្យបានក៏យ៉ាងនោះដែរ ។
ព្រោះហេតុនោះអ្នកទាំងឡាយកុំជាអ្នកប្រមាទ កុំជាអ្នកធ្វេសប្រហែសនឹងបុណ្យកុសល គួរប្រឹងប្រែងសន្សំសេចក្តីល្អពីឥឡូវនេះទៅ យូរៗក៏គង់នឹងពេញដោយបុណ្យបាន ហើយ ផលដែលកើតពីអំពើល្អនេះនឹងជួយចម្លងអ្នកឱ្យរួចចាកទុក្ខផងទាំងពួង ។
ចែករំលែកព័តមាននេះ