ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបាត់ដំបងមាន​អគារ​មជ្ឈមណ្ឌល​បង្ការ​ជម្ងឺ​ឆ្កែឆ្កួត​ជា​លើក​ដំបូង

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ ក្រសួងសុខាភិបាល​បាន​បង្កើត​អគារ​មជ្ឈមណ្ឌល​បង្ការ​ជម្ងឺ​ឆ្កែឆ្កួត​ជា​លើក​ដំបូង​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្តបាត់ដំបង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​ខេត្តពោធិសាត់…

​ខេត្តបាត់ដំបង ៖ ក្រសួងសុខាភិបាល​បាន​បង្កើត​អគារ​មជ្ឈមណ្ឌល​បង្ការ​ជម្ងឺ​ឆ្កែឆ្កួត​ជា​លើក​ដំបូង​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្តបាត់ដំបង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​ខេត្តពោធិសាត់ ដែល​ត្រូវ​ឆ្កែឆ្កួត​ខាំ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​បាន​ទាន់​ពេល មិនបាច់​ទៅ​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ចំណាយ​ទាំង​ពេលវេលា និង​ថវិកា ។​

​លោកស្រី ឱ វណ្ណ​ឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល​បាន​ថ្លែង​ថា មជ្ឈមណ្ឌល​បង្ការ​ជម្ងឺ​ឆ្កែឆ្កួត​ខេត្តបាត់ដំបង​ជា​មជ្ឈមណ្ឌល​ទី​៣​បន្ទាប់​ពី​មជ្ឈមណ្ឌល​បង្ការ​ជម្ងឺ​ឆ្កែឆ្កួត​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​២ ។​

​លោកស្រី​បន្ត​ថា ការ​ប្រយុទ្ធ​នឹង​ជម្ងឺ​ឆ្កែឆ្កួត គឺជា​កិច្ចការ​មួយ​សំខាន់​ដែល​ក្រសួង​សុខា​ភិ​បា​កម្ពុជា ផ្តោត​ការ​យកចិត្តទុកដាក់​ដើម្បី​កាត់​បន្ថយ​ឲ្យ​នៅ​កម្រិត​អប្បរ​មា​នូវ​ជម្ងឺ​ដែល​ចម្លង​តាម​រយៈ​សត្វ​ឆ្កែឆ្កួត​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ ហើយ​បន្ត​សម្លាប់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​១​ឆ្នាំ​ៗ ។​

​លោកស្រី​បាន​បញ្ជាក់​ថា ថ្នាំ​បង្ការ​ជម្ងឺ​ឆ្កែឆ្កួត​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ ប៉ុន្តែ​ក្នុង​ករណី​ឆ្លង​ជម្ងឺ​ឆ្កែឆ្កួត ហើយ​មាន​ចេញ​ជា​រោគ​សញ្ញា​នោះ គឺ​កា​រវិ​វត្ត​ន៏​ទៅ​រក​សេចក្តីស្លាប់​ក៏​ខ្ពស់​ណាស់​ដែរ ប្រសិនបើ​មិន​បាន​ទទួល​ថ្នាំ​បង្ការ​ក្រោយ​សត្វ​ខាំ​ទេ​នោះ ។​

​លោកស្រី​បន្ត​ថា អ្នក​រង​គ្រោះ​ដោយ​សត្វ​ខាំ នៅ​ក្នុង​បណ្តា​ខេត្ត​នានា​ដូច​ជា ខេត្តបាត់ដំបង ប៉ៃលិន​បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ និង​ខេត្តពោធិសាត់ កន្លង​មក​តែង​លំបាក​ក្នុង​ការ​ស្វែងរក​សេវា​ដល់​រាជធានី​ភ្នំពេញ​មាន​ចម្ងាយ​ឆ្ងាយ ត្រូវ​ប្រើប្រាស់​ពេល​ធ្វើ​ដំណើរ​យូរ ។​

​លោកស្រី​បន្ថែម​ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​មាន​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជា​ប្រធាន​ក្រុមប្រឹក្សា​ទំនាក់ទំនង បាន​ផ្តល់​ថ្នាំ​បង្ការ​ដល់​អ្នក​រង​គ្រោះ​ដោយ​សត្វ​ខាំ​ប្រមាណ​ជាង​២២០០០​នាក់​ក្នុង​១​ឆ្នាំ ក្នុង​នោះ​ភាគច្រើន​ជា​កុមារ ។​

​លោក​បណ្ឌិត ឌី​ត​ឌី​យ៉េ ហ្វុ​ង​តេ​នី​ល (Didier FONTENILLE )​ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​លើក​ឡើង​ថា ជម្ងឺ​ឆ្កែឆ្កួត ជា​ជម្ងឺ​១​គួរ​ឲ្យ​ខ្លាច ហើយ​១៣០​ឆ្នាំ បន្ទាប់​ពី​រក​ឃើញ​ថ្នាំ​បង្ការ​ដែល​មាន​ប្រសិទ្ធភាព ជម្ងឺ​ឆ្កែឆ្កួត​នៅ​តែ​បន្ត​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​សម្លាប់​មនុស្ស​ជាង​៣០០០០​នាក់​ក្នុង​១​ឆ្នាំ​ៗ នៅ​ទូ​ទាំង​ពិភពលោក ។​

​លោក​បណ្ឌិត​បន្ត​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សត្វ​ឆ្កែ​ប្រមាណ​៤​លាន​ក្បាល​ដែល​ភាគច្រើន មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជម្ងឺ​ឆ្កែឆ្កួត​ទេ ។ មាន​ករណី​រង​គ្រោះ​ដោយ​សត្វ​ឆ្កែ​ខាំ​ប្រមាណ​៦០០,០០០​ករណី​ក្នុង​១​ឆ្នាំ ។ អ្នក​រង​គ្រោះ​ភាគច្រើន មិន​បានដឹង​ថា ត្រូវធ្វើ​អ្វីខ្លះ បន្ទាប់​ពីរ​ងរ​បួស​ដោយ​ឆ្កែ​ខាំ ព្រោះ​ខ្វះ​ព័ត៌មាន ខ្វះ​ការ​ផ្សព្វផ្សាយ ផ្តល់​ចំណេះដឹង​ជាដើម ។​

​លោក​បណ្ឌិត ឌី​ត​ឌី​យ៉េ ហ្វុ​ង​តេ​នី​ល លោក​បណ្ឌិត​បន្ត​ថា ជម្ងឺ​ឆ្កែឆ្កួត​បើ​ចេញ​រោគ​សញ្ញា​ហើយ​គឺ​វិ​វត្ត​ន៏​ទៅ​រក​មរណភាព​១០០% ប៉ុន្តែ​មាន​ចំនួន​អ្នក​មក​ទទួល​ថ្នាំ​បង្ការ​ជម្ងឺ​ឆ្កែឆ្កួត​តែ​២២,០០០​នាក់​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ