ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចង់​តែ​ពី​ឈ្នះ​គេ​ពេក​មិន​សុខ​ទេ

5 ឆ្នាំ មុន

បុគ្គល​គប្បី​អប់រំ​ចិត្ត​ឱ្យ​រឹង​ដូច​ថ្ម​តាន់ ទោះជា​ត្រូវ​ខ្យល់​បក់​បោក​យ៉ាងណា​ក៏​មិន​កម្រើក ហើយ​ត្រូវ​ទូន្មាន​ខ្លួនឯង​ឱ្យ​ដឹង​ថា អ្វី​ៗ​សុទ្ធតែ​មានការ​កន្លង​ទៅ​ជា​ធម្មតា​ដូច​ជា ពេល​ដែល​បាន​សុខ ត្រូវ​ដឹង​ថា បន្តិចទៀត​វា​នឹង​កន្លង​ទៅ ពេល​ដែល​មានទុក្ខ ក៏​ត្រូវ​ដឹង​ថា វា​នឹង​កន្លង​ទៅ​ដូច​គ្នា…

បុគ្គល​គប្បី​អប់រំ​ចិត្ត​ឱ្យ​រឹង​ដូច​ថ្ម​តាន់ ទោះជា​ត្រូវ​ខ្យល់​បក់​បោក​យ៉ាងណា​ក៏​មិន​កម្រើក ហើយ​ត្រូវ​ទូន្មាន​ខ្លួនឯង​ឱ្យ​ដឹង​ថា អ្វី​ៗ​សុទ្ធតែ​មានការ​កន្លង​ទៅ​ជា​ធម្មតា​ដូច​ជា ពេល​ដែល​បាន​សុខ ត្រូវ​ដឹង​ថា បន្តិចទៀត​វា​នឹង​កន្លង​ទៅ ពេល​ដែល​មានទុក្ខ ក៏​ត្រូវ​ដឹង​ថា វា​នឹង​កន្លង​ទៅ​ដូច​គ្នា នៅ​ពេល​ដែល​ជួប​ការ​លំបាក​យ៉ាប់យ៉ឺន​មក​ដល់ ត្រូវ​ដឹង​ថា រឿងរ៉ាវ​ទាំងនេះ វា​មិន​បាន​នៅ​ជាមួយ​យើង​រហូត​នោះ​ទេ ទ្រាំ​បន្តិច​ទៅ កុំ​ងាក​ទៅ​រក​អំពើ​មិន​គប្បី​ណាមួយ គឺ​យើង​ត្រូវ​តែ​ឈរ​នៅ​ខាង​សេចក្ដី​ល្អជា​និច្ច ។

ត្រូវធ្វើ​ជា​មនុស្ស​ដែល​មានខ្លួន​តូច​តែ​ពេញ​ដោយ​សតិ កុំ​ជា​មនុស្ស​ខ្លួន​ធំ​ពេញ​ដោយ​កិលេស​មិនល្អ​ទេ​។ ឱ្យ​ឃើញ​ថា​ខ្លួនឯង​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ កុំ​ប្រកាន់​ថា ខ្លួន​អញ​ជា​មនុស្ស​សំខាន់​យ៉ាងនេះ យ៉ាងនោះ ត្រូវ​ចេះ​គិតដល់​ធម្មតា​ធម៌ ទើបបាន​សុខ ។

ត្រូវ​ហ្វឹកហាត់​ខ្លួន​ឱ្យ​ចេះ​លះបង់ និង​ចេះ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ផង ។ ការ​ដែល​មនុស្ស​យើង​ព្រម​ចាញ់​ប្រៀប​គេ ជា​ការ​ចាំបាច់ ព្រោះ​បើ​យើង​ទាមទារ​តែ​ពី​ត្រូវ អាង​ហេតុ អាង​ផល យ៉ាងនេះ យ៉ាងនោះ​ដោយ​មិន​ព្រម​ចាញ់​ប្រៀប​គេ ចង់​តែ​ពី​ត្រូវ​គ្រប់យ៉ាង ចង់​តែ​ពី​ឈ្នះ​គេ​នោះ មិន​មាន​សេចក្ដីសុខ​ក្នុង​ជីវិត​ទេ ព្រោះ​ត្រូវ​តស៊ូ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ដើម្បី​ទាមទារ​រកហេតុ​ផល​ឲ្យ​ខ្លួនឯង​ត្រូវ និង​ឈ្នះ​គេ​តែ​ម្យ៉ាង​ ។

មាន​តែ​ការ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ហ្នឹងឯង ទើបបាន​សេចក្ដីសុខ​ក្នុង​ជីវិត និង​បាន​ឈ្នះ​នូវ​កិលេស ឈ្នះ​នូវ​មានះ​ក្នុង​ខ្លួនឯង ហើយ​បាន​សុខ​ជា​និច្ច ។