ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក្សា​តែ​ពាក្យ​សច្ចៈ​ក៏​មានកំណើត​ល្អ

5 ឆ្នាំ មុន

ក្នុង​សម័យ​ពុទ្ធកាល​មាន​ស្ត្រី​ម្នាក់ មិន​បាន​ឲ្យ​ទាន មិន​បាន​ធ្វើបុណ្យ មិន​បាន​ស្តាប់ធម៌​អ្វី​ទេ គឺ គ្រាន់តែ រក្សា​ពាក្យ​សច្ចៈ​មួយ​ប៉ុណ្ណោះ លុះ​ស្លាប់​ទៅ​បាន​កើត​ក្នុង​ស្ថាន​ទេវលោក សោយ​ទិព្វ​សម្បត្តិ​សុខ​ដោយ​សិរី​សួស្តី មាន​បរិវារ​រាប់រយ…

ក្នុង​សម័យ​ពុទ្ធកាល​មាន​ស្ត្រី​ម្នាក់ មិន​បាន​ឲ្យ​ទាន មិន​បាន​ធ្វើបុណ្យ មិន​បាន​ស្តាប់ធម៌​អ្វី​ទេ គឺ គ្រាន់តែ រក្សា​ពាក្យ​សច្ចៈ​មួយ​ប៉ុណ្ណោះ លុះ​ស្លាប់​ទៅ​បាន​កើត​ក្នុង​ស្ថាន​ទេវលោក សោយ​ទិព្វ​សម្បត្តិ​សុខ​ដោយ​សិរី​សួស្តី មាន​បរិវារ​រាប់រយ ។

គ្រាមួយ​ព្រះ​មហាមោគ្គល្លាន លោក​មាន​ឫ​ទិ្ធ​ច្រើន បាន​ថ្វាយបង្គំ​ទូ​លា​ព្រះ​បរម​សាស្តា​ជា​ម្ចាស់​ទៅ​កាន់​ស្ថាន​ទេវលោក ដើម្បី​នឹង​បាន​ពិនិត្យ​ស្ថានភាព​ផ្សេង​ៗ និង​សួរ​បុញ្ញកម្ម​ខ្លះ​ៗ យក​មក​ផ្សាយ​ក្នុង​ជម្ពូទ្វីប​នេះ​។ កាល​ព្រះ​សាស្តា​អនុញ្ញាត​ហើយ ក៏​និមន្ត​ទៅ​ឋិត​នៅ​ទៀប​ទ្វារ​នៃ​ទេពធីតា​អង្គ​។ ពេល​ទេពធីតា​នោះ​ឃើញ​ព្រះសង្ឃ​ហើយ​ក៏​ចេញ​មក​ថ្វាយបង្គំ​ដោយ​សេចក្តី​គោរព ។​ព្រះ​ថេរៈ​សួរ​ថា នាង​ធ្វើ​បុញ្ញកម្ម​ដូច​ម្តេច បានជា​មានសម្បត្តិ​ស្តុកស្តម្ភ​យ៉ាងនេះ?

ទេពធីតា​ហាក់ដូចជា​អៀនខ្មាស​នឹង​ព្រះ​ថេរៈ​ណាស់ ប្រាប់​ទាំង​ចុងមាត់ចុងក​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ខ្ញុំ​ព្រះ​កុរ​ណា​មិន​ដែល​បាន​ធ្វើបុណ្យ​កុសល​អ្វី​នឹង​គេ​ទេ កាល​កើតជា​មនុស្ស​នោះ​គ្រាន់តែ​រក្សា​សច្ចៈ​ប៉ុណ្ណោះ សម្បត្តិ​ទាំងនេះ​ក៏​កើតឡើង​ដោយ​ពាក្យ​សច្ចៈ ដែល​ខ្ញុំ​បាន​រក្សា​ហើយ​។

ព្រះ​ថេរៈ​កាលបើ​បាន​ជ្រាប​ដំណឹង​សព្វគ្រប់​ហើយ ក៏​ត្រឡប់​ពី​ទេវលោក​មក​វិញ ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​បរម​សាស្តា​ឯ​វត្ត​ជេតពន ទូល​សួ​រថា​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដ៏​ចំរើន បុគ្គល​ដែល​គ្រាន់តែ​រក្សា​នូវ​សច្ចៈ មិន​បាន​ធ្វើបុណ្យ​ទាន​អ្វី​ទេ តើ​បាន​ទៅ​កើត​ក្នុង​ទេវលោក​សោយ​សម្បត្តិ​ទិព្វ​ដែរ​ឬ?

ព្រះ​សាស្តា​ត្រាស់​ថា នែ​មោគ្គល្លាន ម្តេច​ក៏​អ្នក​ចាំ​មក​សួរ​តថាគត ក្រែង​រឿងរ៉ាវ​ទាំងនេះ​ទេពធីតា​ប្រាប់​អ្នក​ដោយ​សព្វគ្រប់​ហើយ​តើ​។ នែ​មោគ្គល្លាន​សត្វ​ទាំងឡាយ គ្រាន់តែ​រក្សា​នូវ​សច្ចៈ​ខ្វះ​អី​ទៅ​កើត​ក្នុង​ទេវលោក សោយ​ទិព្វ​សម្បត្តិ​មាន​គ​គោក ។