ខេត្តស្វាយរៀង ៖ នារីវ័យជំទង់ឈ្មោះដួង ស្រីល័ក្ខ អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យស្វាយរៀង ដោយសារតែតូចចិត្តនឹងម្តាយស្តីបន្ទោសបានយកថ្នាំបំពុលសត្វកុកមកលេបដើម្បីសម្លាប់ខ្លួន តែមិនបានសម្រេចត្រូវឪពុកម្តាយដឹងទាន់ក៏ប្រញាប់ប្រញាល់ដឹកយកមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។
បើតាមស្ត្រីឈ្មោះសុខ សុមាលី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងត្រូវជាម្តាយបង្កើតនារីរងគ្រោះបានប្រាប់កោះសន្តិភាពថា កាលពីព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០១១ វេលាម៉ោង៦ព្រឹក រូបគាត់ជាម្តាយបានស្តីបន្ទោសកូនស្រីពីរឿងរៀនសូត្រមិនសូវយកចិត្តទុកដាក់ និងដើរលេងច្រើនជាមួយមិត្តភក្តិ ហើយឮថាគេចសាលាមិនចូលរៀន ទើបលទ្ធផលនៃការរៀនសូត្រធ្លាក់ចុះជាលំដាប់ ។ ក្រោយពីស្តីបន្ទោសរួចគាត់ក៏ទៅរៀបចំអីវ៉ាន់លក់នៅខាងមុខផ្ទះ ហើយកូនស្រីគាត់ខឹងមិនទៅរៀនទេ និងបានចូលទៅសំងំក្នុងបន្ទប់ម្នាក់ឯង។ លុះដល់ម៉ោង៨និង៥០នាទីព្រឹក កូនស្រីគាត់មិនដឹងជាបានថ្នាំបំពុលសត្វកុកពីណាមួយកញ្ចប់មកផឹកទេ ធ្វើឱ្យប្រកាច់បែកពពុះមាត់ ពេលនោះប្តីគាត់អើតមើលក្នុងបន្ទប់ឃើញកូនស្រីពុលបែកពពុះមាត់ក៏ប្រញាប់ប្រញាល់បញ្ជូននាងមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ តែរហូតមកដល់ម៉ោង១២ថ្ងៃត្រង់ទៅហើយនាងពុំទាន់បានធូរស្រាលនៅឡើយទេ ។
ប្រភពព័ត៌មានពីអ្នកភូមិនិយាយថា ពេលទៅរៀនគួរពេលយប់ទំនងជានាងគេចសាលា ហើយឪពុកម្តាយសង្ស័យក្រែងលួចទៅមានសង្សារ ទើបស្តីបន្ទោស និងមិនឱ្យគេចសាលា បើទៅរៀនគួរឱ្យពិតជារៀនគួរ កុំប្រាប់ថា ទៅរៀនគួរ បែរជាណាត់ជួបមិត្តភក្តិសង្សារដើរលេងនាំឱ្យអាស្រូវកេរ្តិ៍ ។ ការស្តីបន្ទោសនេះបានធ្វើឱ្យនាងខឹង និងតូចចិត្តព្រោះគ្រាន់តែរៀនធ្លាក់ពិន្ទុត្រូវឪពុកម្តាយចោទថា មិនទៅរៀនគួរទៅជួបមិត្តភក្តិ ឬសង្សារ ទើបនាងគិតខ្លីចង់ប្រល័យជីវិតដោយលេបថ្នាំបំពុលតែម្តងទៅ ៕
ចែករំលែកព័តមាននេះ