ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​សម្បូរ​ដោយ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​៥ ខែតុលា…

ខេត្តរតនគិរី ៖ បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា សត្វ​ខ្លាឃ្មុំ ស្វា​ក្រ​វ៉ា​ត់ មាន់ព្រៃ សំពោច​ភ្នំ ឈ្លូស និង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត ក្នុង​នោះ​មាន ទាំង​សត្វ​កម្រ​ផង​ត្រូវ​បានឃើញ​មាន​វត្ត​មាននៅ​ក្នុង ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ក្នុង​ខេត្តរតនគិរី​។ លោក​បាន​ថ្លែង​ថា ទិន្ន័យ និង​រូបភាព​ដែល​បញ្ជាក់​ពី​វត្តមាន ជីវៈចម្រុះ​ទាំងនេះ​ទទួល​បាន​ពី​ម៉ាស៊ីន​ថត​ដោយ​ស្វ័យប្រវត្តិ​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​បាន​ដាក់​ចាប់តាំងពី​ថ្ងៃ​ទី​២៦ ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង ឧទ្យាន​ជាតិ​នេះ​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យ​ដឹង​ថា ឧទ្យាន​ជាតិ​វី​រៈ​ជ័យ សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ​គ្រប់​ប្រភេទ សត្វព្រៃ​ដែល​នា​ពេល​កន្លង​ទៅ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នេះ​ក៏​បាន ចាប់​បាន​រូបភាព​សត្វ​កម្រ​មួយ​ចំនួន​នៅ​កម្ពុជា​ដូច​ជា សត្វ​ដំរី ខ្លាឃ្មុំ ខ្លា​ពពក ខ្ទីង​ជាដើម​។ លោក​បាន​ថ្លែង​ថា ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​សម្បូរ​ដោយ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដែល​ត្រូវ​តែ​ការពារ ឱ្យ​បាន​គង់វង្ស​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​លើ​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នេះ ដោយ​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​មាន​កំណែទម្រង់​ស៊ីជម្រៅ​លើ​តួនាទី និង​ការ​ទទួលខុសត្រូវ​របស់​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម មានការ​ផ្ទេរ​នូវ​តំបន់​អភិរក្ស​មួយ​ចំនួន​ពី​ក្រសួងកសិកម្ម​ឱ្យមក​ក្រសួងបរិស្ថាន គ្រប់គ្រង និង​អភិរក្ស​។

បើ​តាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បច្ចុប្បន្ន​នេះ តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន មាន​ទំហំ​ជាង ៧,៥​លាន​ហិ​កតា និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១.២៦០ បាន និង​កំពុង​ដើរ​ល្បាត ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ សម្បត្តិ​ធម្មជាតិ និង​វប្បធម៌ ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​។ ជាមួយ​គ្នា​នេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី ទាំងអស់​រួម និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ