ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ចង់ឱ្យ​SME​ចង​ជា​បណ្ដុំ​ងាយស្រួល​គ្រប់គ្រង និង​ដោះស្រាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ សហគ្រាស​ធុន​តូច និង​មធ្យម​(SME)​របស់​កម្ពុជា មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​សម​ស្រប​ដើម្បី​បង្កើន​ផលិតភាព​នៅឡើយ ខណៈ​វិស័យ​នេះ​កំពុង​តែ​ប្រឈម​នឹង​ការ​ចំណាយ​ថ្លៃដើម​ខ្ពស់​ក្នុង​ការ​ផលិត ។ ជា​ដំណោះស្រាយ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ សហគ្រាស​ធុន​តូច និង​មធ្យម​(SME)​របស់​កម្ពុជា មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​សម​ស្រប​ដើម្បី​បង្កើន​ផលិតភាព​នៅឡើយ ខណៈ​វិស័យ​នេះ​កំពុង​តែ​ប្រឈម​នឹង​ការ​ចំណាយ​ថ្លៃដើម​ខ្ពស់​ក្នុង​ការ​ផលិត ។

ជា​ដំណោះស្រាយ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ស្នើ​និង​ជំរុញ​ឲ្យ​ម្ចាស់​សហគ្រិន​ទាំងអស់​នៅ​កម្ពុជា ចងក្រង​ជា​បណ្ដុំ​មួយ ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង ។

លោក គឹ​ម ទូច រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​វិស័យ SMEs នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង មិនមែន​មាន​តែ​ក្រសួង​មួយ​ទេ​ដែល​ត្រូវ​ខិតខំ​នោះ តែ​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដូច​ជា ពី​វិស័យ​ឯកជន ជា​ពិសេស​ពី​វិស័យ SMEs​ផ្ទាល់​តែ​ម្ដង ។ លោក​បន្ត​ថា វិស័យ​SMEs ប្រាកដជា​ពិបាក​រីក​ចម្រើន​ណាស់ បើ​មិន​មានការ​លើកទឹកចិត្ត​ពី​សំណាក់​រាជរដ្ឋាភិបាល និង​ដៃគូរ​ពាក់ព័ន្ធ​នានា​ដូច​ជា​ពី​វិស័យ​ឯកជន​ផ្សេង​ៗ ហើយ​ការ​ចម្រើន​នោះ​ទេ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​ពិបាក​នឹង​សម្រេច​បាន​ទៅ​តាម​ផែនការ​ដែរ ដូចនេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​តែងតែ​ជំរុញ និង​លើកទឹកចិត្ត​រាល់​ការ​ច្នៃប្រឌិត​នានា​របស់​សហគ្រិន​ក្នុង​វិស័យ SMEs ។ លោក​មាន​ប្រសាសន៍​ថា ៖« វិស័យ SMEs មាន​សារសំខាន់​ណាស់ នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ជាក់ស្ដែង វិស័យ​SMEs​កម្ពុជា បាន​ជួយ​ផ្ដល់​ការងារ​ប្រមាណ​ពី​៤០​ទៅ​៥០​ភាគរយ​នៃ​ចំនួន​អ្នកមាន​ការងារ​សរុប​នៅ​កម្ពុជា ដូចនេះ​មាន​ន័យ​ថា​វា​ពិតជា​បាន​ផ្ដល់​នូវ​ប្រយោជន៍​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច »​។

បើ​តាម​លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​គេ​មើលឃើញ​ថា សហគ្រាស​ក្នុង​វិស័យ SMEs ភាគច្រើន​នៅ​រប៉ាត់រប៉ាយ​ជា​លក្ខណៈ​តាម​ផ្ទះ និង​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា ដូចនេះ ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​កម្ពុជា ចង់​ឲ្យ​សហគ្រាស​ទាំងអស់​ចងក្រង​ជា​បណ្ដុំ​មួយ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ជូន ជាក់ស្ដែង​ដូច​ជា​តម្លៃ​ភ្លើង តម្លៃ​ទឹកជា​ដើម ព្រោះ​បើសិនជា​ពួក​គាត់​មក​ចូលរួម​ក្នុង​បណ្ដុំ​តែ​មួយ នោះ​ការ​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​បញ្ចុះតម្លៃ​ទឹក​ភ្លើង​សម្រាប់ SMEs នឹង​មាន​ប្រសិទ្ធភាព​ជាង ការ​នៅ​ដាច់​ដោយឡែក ។

លោក​បន្ត​ថា ការ​ចង់ក្រង​ជា​បណ្ដុំ​សហគ្រាស​នេះ​ដែរ ក៏​អាច​ជួយ​បង្កើន​គុណភាព​ក្នុង​ការ​ផលិត​របស់​ម្ចាស់​សហគ្រាស​ព្រោះ​ធម្មតា នៅ​ពេល​ចងក្រង​ជា​បណ្ដុំ​នៅ​កន្លែង​តែ​មួយ វា​ប្រាកដ​ណាស់ នឹង​មាន​អ្នកគ្រប់គ្រង​ច្បាស់លាស់ ហើយ​បើសិនជា​ម្ចាស់​សហគ្រាស​នោះ មាន​បញ្ហា អ្នកគ្រប់គ្រង​នឹង​ដោះស្រាយ​ជូន​ទៅ​តាម​បញ្ហា​ជាក់ស្ដែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ