ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ផ្ដោត​ជា​ពិសេស​រឿង​លក់​ប្រព័ន្ធ​ការពារ​អាកាស​S-400

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​ឥណ្ឌា ៖ ប្រធានាធិបតី​រុ​ស្ស៊ិ លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៤​តុលា ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់​លោក​នៅ​ប្រទេស​ឥណ្ឌា ដែល​ផ្ដោត​ជា​ពិសេស​លើ​​ការ​លក់​ប្រព័ន្ធ​ការពារ​អាកាស​ S-400 ដែល​នាំ​ឲ្យ​មានការ​មិន​សប្បាយចិត្ត​ទាំង​សហ​រដ្ឋអាមេរិក…

ប្រទេស​រុ​ស្ស៊ី​-​ឥណ្ឌា ៖ ប្រធានាធិបតី​រុ​ស្ស៊ិ លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​៤​តុលា ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់​លោក​នៅ​ប្រទេស​ឥណ្ឌា ដែល​ផ្ដោត​ជា​ពិសេស​លើ​​ការ​លក់​ប្រព័ន្ធ​ការពារ​អាកាស​ S-400 ដែល​នាំ​ឲ្យ​មានការ​មិន​សប្បាយចិត្ត​ទាំង​សហ​រដ្ឋអាមេរិក ទាំង​ចិន​និង​ប៉ា​គី​ស្ថាន​។

ប្រមុខរដ្ឋ​រុ​ស្ស៊ី​បាន​មក​ដល់​ព្រ​លាន​យន្តហោះ​ក្រុង​ញូ​វ​ដែ​ល្លី​នា​វេលា​ម៉ោង​១៩​ម៉ោង​ក្នុង​ស្រុក អម​ដោយ​មនុស្ស​សំខាន់​ៗ​របស់​លោក​។​ លោក​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា ​ម៉ូ​ឌី​។ ​គោលបំណង​សំខាន់​នៃ​ទស្សនកិច្ច​នេះ​ដែល​បញ្ចប់​នា​យប់​ថ្ងៃ​ទី​៥ ​តុលា ផ្ដោត​លើ​កិច្ចព្រមព្រៀង​ដែល​ក្រុង​ញូ​វ​ដែ​ល្លី ទិញ​ប្រព័ន្ធ​ការពារ​អាកាស ​S-400​។​ កុងត្រា​ទិញ​អាវុធ​នោះ​នឹង​មាន​ទឹកប្រាក់​ប្រមាណ​ជា​៥​ពាន់​លាន​ដុល្លារ​។

ការ​ចរចា​ពី​ការ​លក់​ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស​នោះ​បាន​ធ្វើ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​គំរាម​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ក្នុង​ករណី​ដែល​ទិញ​​គ្រឿង​សព្វាវុធ​រុ​ស្ស៊ី​។​ សភា​អា​មេ​រិ​កបាន​អនុម័ត​កាលពី​ឆ្នាំ​២០១៧ នូវ​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី ព្រោះតែ​ការ​លូកដៃ​របស់​រុ​ស្ស៊ី​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន ​និង​ការ​ជ្រៀត​​ជ្រែកចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​។​ ច្បាប់​នោះ​តម្រូវ​ឲ្យ​មាន​ទណ្ឌ​កម្មសេដ្ឋកិច្ច ប្រឆាំង​រាល់​ស្ថាប័ន​និង​ប្រទេស​ណា​ដែល​ចុះហត្ថលេខា​លើ​កុងត្រា​ទិញ​គ្រឿង​សព្វាវុធ​ជាមួយ​បណ្ដា​សហគ្រាស​រុ​ស្ស៊ី​។

ទោះបី​យ៉ាងណា​សហរដ្ឋអាមេរិក​ពុំ​ចង់​ឲ្យ​មានការ​ថ្នាំងថ្នាក់​ជាមួយ​សម្ព័ន្ធមិត្ត​ឥណ្ឌា​ឡើយ ព្រោះ​មហាអំណាច​ទាំង​២​មាន​ផលប្រយោជន៍​ដូច​គ្នា ក្នុង​ការ​ទប់ទល់​ចំពោះ​ឥទ្ធិពល​ចិន​នៅ​អា​ស៊ី​។​ លោក​SUBRAMANIAN​អ្នក​ជំនាញការ​ខាង​កិច្ចការ​យុទ្ធសាស្ត្រ មាន​មូលដ្ឋាន​នៅ​ក្រុង​ញូ​វ​ដែ​ល្លី​ថ្លែង​ថា នេះ​ជា​ពេលវេលា​ដែល​បង្ហាញ​ថា​ក្រុង​វ៉ា​ស៊ិន​តោន​នឹង​ពុំ​ធ្វើ​បែប​នោះ​ចំពោះ​ឥណ្ឌា​ឡើយ​។

កងទ័ព​ឥណ្ឌា​កំពុងធ្វើការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទំនើបភាវូបនីយកម្ម​គ្រឿង​សព្វាវុធ​របស់​ខ្លួន​។​កងទ័ព​នោះ​ជា​រឿយ​ៗ​ត្អូញត្អែរ​ពី​ភាព​មិន​គ្រប់គ្រាន់​ក្នុង​ការ​ប្រឈម​មុខ ជាមួយ​ការ​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ ពិសេស​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​។ ជា​អ្នក​នាំ​ចូល​គ្រឿង​សព្វាវុធ​ធំ​ជាងគេ​លើ​ពិភពលោក ឥណ្ឌា​ទិញ​គ្រឿង​អាវុធ​ពី​គ្រប់​ម៉ូយ​។​ប្រទេស​ប៉ា​គី​ស្ថាន​និង​ចិន​ជិតខាង​ក៏​ទិញ​គ្រឿង​ស​ព្វា​អាវុធ​ច្រើន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ