រាជធានីភ្នំពេញ ៖ យោងតាមក្រសួងការបរទេសបានបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី នៅថ្ងៃទី០១-០៣ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសតួកគី ឯកឧត្តម ម៉េវលុត ឆាវូស៊ូលុ ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានទិសដៅសំខាន់ក្នុងការរឹតចំណងមិ ត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-តួកគីឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត និងត្រៀមរៀបចំដំណើរទស្សកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋតួកគីនាពេលខាងមុខ ។
លោកឧបនាយករដ្ឋមន្ត្រីបានជួបប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយសមភាគីតួកគីដែលក្នុងឱកាសនោះលោករដ្ឋមន្ត្រីការបរទេសតួកគីបានកោតសរសើរការបោះឆ្នោត កាលពីខែកក្កដា២០១៨ កន្លងទៅនៅកម្ពុជាដែលមានប្រជាជនចូលរួមដោយសេរី និងមានអត្រាខ្ពស់ព្រមទាំងការគាំទ្រដ៏ច្រើនលើសលប់ដែលគណបក្សកាន់អំណាចទទួលបាន ។
ឯកឧត្តម ម៉េវលុត ឆាវូស៊ូលុ បានសំដែងពីការត្រៀមខ្លួនរបស់តួកគីក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅទីក្រុងអង់ការ៉ា នាពេលខាងមុខ ។ ដើម្បីរឹតចំណងមិត្តភាពឱ្យកាន់តែស្អិតរមួត និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ភាគីកម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងអង់ការ៉ានៅឆ្នាំ២០១៩ ។ ភាគីតួកគីឯកភាពនឹងរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី២ឆាប់ៗខាងមុខ ដើម្បីដាក់ចេញនូវវិធានការបន្ថែមទៀតក្នុងការជំរុញភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរួមទាំងកិច្ចខិតខំប្រឹងប្រែងសំដៅសម្រេចឲ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្ម៥០០លានដុល្លារនាឆ្នាំខាងមុខ ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគពាណិជ្ជកម្មការហោះហើរត្រង់បច្ចេកវិទ្យាទេសចរណ៍កសិកម្មអប់រំកីឡាវប្បធម៌ ធនធានទឹក ។ ឯកឧត្តម ម៉េវលុត ឆាវូស៊ូលុ បានប្រកាសគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសំអាតមីន និងគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ានដែលមានទីតាំងនៅទីក្រុងភ្នំពេញ ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃក្រសួងការបរទេសនៃប្រទេសទាំងពីរ ។
ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិយោបល់លើបញ្ហាអន្តរជាតិសំខាន់ៗមួយចំនួន និងបានផ្តល់សារៈសំខាន់ចំពោះភាពជាដៃគូសន្ទនាតាមវិស័យរវាងអាស៊ាន និងតួកគីព្រមទាំងឯកភាពធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀត ដើម្បីសម្រេចឱ្យបាននូវវិស័យសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ទំនាក់ទំនងអាស៊ាន និងតួកគី ។ ឧបនាយករដ្ឋមន្ត្រីចូលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ុលកាន់ បូស្គៀរ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាជាតិតួកគី ។ កិច្ចសន្ទនាបានផ្តោតសំខាន់ជុំវិញវិធានការជាក់លាក់ ដើម្បីជំរុញភាពជាដៃគូរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីតួនាទីនៃរដ្ឋសភាទាំងពីរដែលជាច្រកបន្ថែមជួយពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។
គណៈកម្មាធិការខាងលើបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ចំពោះសហគមន៍មុស្លីម និងបង្កលក្ខណៈឱ្យពួកគាត់រស់នៅជាមួយប្រជាជនដ៏ទៃទៀតទាំងអស់ប្រកបដោយសុខដុមរមនា ។ លោកឧបនាយករដ្ឋមន្ត្រីបានចូលជួបសំដែងការគួរសមជាមួយឯកឧត្តម ប៊ីណាលី យីលឌីរីម ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគី ។ ភាគីទាំងពីរបានឯកភាពថា គំនិតផ្តួចផ្តើមច្បាស់លាស់ត្រូវការជាចាំបាច់ ដើម្បីជួយឱ្យសម្រេចបាននូវគោលដៅពាណិជ្ជកម្មខាងលើ ។ ភាគីតួកគីបានត្រៀមលក្ខណៈទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ នៃប្រធានសភារបស់ក្រុមប្រទេសនៅអាស៊ីអឺរ៉ុបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨-១១ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងអង់ការ៉ា ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានចូលជួបសំដែងការគួរសមជាមួយឯកឧត្តមហ្វូអាតអុកតៃអនុប្រធានាធិបតីនៃសាធារណរដ្ឋតួកគីដែលក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានពាំនាំសារថ្លែងអំណរគុណរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីជូនចំពោះឯកឧត្តម រ៉ីសិប តាយីប អឺដូហ្គែន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីដែលបានអបអរសាទរការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមកជាមួយនឹងមេដឹកនាំពិភពលោកផ្សេងទៀត ។
ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកើនឡើងមួយកម្រិតទៀត និងបានឯកភាពធ្វើការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំងចំពោះការគំរាមគំហែងដល់អធិបតេយ្យភាព ឯករាជ្យភាព និងលទ្ធិប្រជាធិបតេយ្យនៃប្រទេសទាំងពីរ៕
ចែករំលែកព័តមាននេះ