ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យកាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​សុវណ្ណ​មុនី​គិរី​សុខា​រាម ហៅ​វត្ត​ព្រះ​គោ​ព្រះ​កែវ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុណ្យកាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​សុវណ្ណ​មុនី គិរី​សុខា​រាម ហៅ​វត្ត​ព្រះ​គោ​ព្រះ​កែវ (​តំបន់​ភ្នំ​វាល​ចាប​) ស្ថិត​នៅ​ភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ…

ខេត្តបាត់ដំបង ៖ បុណ្យកាន់បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​សុវណ្ណ​មុនី គិរី​សុខា​រាម ហៅ​វត្ត​ព្រះ​គោ​ព្រះ​កែវ (​តំបន់​ភ្នំ​វាល​ចាប​) ស្ថិត​នៅ​ភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ និង​លោក​ជំទាវ ឡៃ គី​ម​ហុង ប៊ុ​ន​សេង រួម​ជាមួយ​ថ្នាក់ដឹកនាំ នាយទាហាន ពល​ទាហាន​ទូ​ទាំង​យោធភូមិ​ភាគ​ទី​៥ ដែល​មាន​មក​ពី​ខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ មក​ពី​តាម​បណ្តា​កងពល​ថ្មើរជើង លេខ​៥១,៥២, និង​៥៣, កងការពារ​ព្រំដែន លេខ​៥០១,៥០២,៥០៣, និង​៥០៤ នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨​នេះ​។

ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៩ នា​ពេល​នេះ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​បួងសួង និង​ឧទ្ទិស​នូវ​មហា​កុសលផល​បុណ្យ​ដែល​បាន​ធ្វើ​ក្នុង​ថ្ងៃ​បុណ្យកាន់បិណ្ឌ​វេន​ទី​៩ នេះ​ជូន​ដល់​បុព្វការី​ជន មាន​មាតា បិតា ជីដូន​ជីតា ញាតិ​កា ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ ពិសេស​ឧទ្ទិស​មហាកុសល​នេះ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វបុរស​អ្នក​ស្នេហា​ជាតិ និង​វីរ​យុទ្ធ​ជន យុទ្ធ​នារី នៃ​កង​យោធពលខេមរៈភូមិន្ទ ដែល​បាន​បូជាជីវិត លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ការពារ ជាតិ​មាតុភូមិ និង​ទឹកដី​កម្ពុជា នា​ពេល​កន្លង​មក សូម​ឲ្យ​បុណ្យ​កុសល​ដែល បាន​ធ្វើ​ក្នុង​ថ្ងៃ​បុណ្យ កាន់បិណ្ឌ​វេន​ទី​៩​នេះ បាន​ដល់​អ្នក​ទាំងអស់​គ្នា​គ្រប់​ៗ​គ្នា​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង និង​លោក​ជំទាវ ឡៃ គី​ម​ហុង ព្រមទាំង​ថ្នាក់​នាំ នាយ ពល​ទាហាន​ទូ​ទាំង​យោធភូមិ​ភាគ​ទី​៥ និង​ពុទ្ធបរិស័ទ បាន​រាប់បាត្រ និង​វេរ​ប្រគេន​នូវ​ចង្ហាន់ ទេយ្យទាន​គ្រឿង​ឧបភោគបរិភោគ បច្ច័យ និង​គ្រឿង​បូជា​ព្រះ​រួច​មក លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ តាជី​យាយជី និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​។ ដោយ​ឯកឧត្តម​បាន​នាំ​នូវ​ក្តី​នឹករលឹក និង​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ប្រកបដោយ​មនោសញ្ចេតនា​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ដែល​មាន​សម្តេច​ក្រឡាហោម ស ខេ​ង ជា​តំណាងរាស្ត្រ និង​ព្រឹទ្ធសភា រដ្ឋសភា នៃ​អាណត្តិ​ទី​៦ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ឱកាស​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​កំពុង​ប្រារព្ធ​ពិធីបុណ្យ កាន់បិណ្ឌ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ​គ្រប់​ទីកន្លែង​ដែល​ប្រកប​ទៅ​ដោយ​ក្តី​សុខ គ្មាន​ការ​ភ័យ​ខ្លាច អ្វី​ឡើយ​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ថ្លែង​ថា វត្ត​នេះ​ជា​តំបន់​ព្រៃ​សុទ្ធសាធ នៅ​ក្នុងភូមិ​សាស្ត្រ​ភ្នំ​វាល​ចាប ដែល​ជា​តំបន់​តស៊ូ​ពី​សម័យ​ប្រវត្តិសាស្ត្រ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម មក​ម្ល៉េះ ហើយ​ទើបតែ​មាន​ប្រជាពលរដ្ឋ​មក​រស់នៅ​ដោយ​គ្មាន​អ្វី​ឡើយ​។ តែ​២​ឆ្នាំ​កន្លង​មកនេះ ទើប​អង្គភាព​កងទ័ព​យើង​បាន​ជួយ​កសាង​បាន​តួ​វិហារ​វត្ត​អារាម​បាន​ដូចនេះ​តែ​នៅ​មិន​ទាន់​រួចរាល់​នៅឡើយ ដោយ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជិត​២​ម៉ឺន​ដុល្លារ ហើយ​ត្រៀម​បន្ត​ជួយ​បូកជញ្ជាំង និង​រៀប​ពិ​ដាន​បន្ថែម​ទៀត ត្រូវ​ចំណាយ​អស់​ប្រមាណ​១.៥០០​ដុល្លារ​បន្ថែម​ទៀត​។

ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៩ នេះ​ទទួល​បាន​ចំណូល​ចំនួន​២៤​លាន ៨៩៨​ពាន់​រៀល ត្រូវ​ចំណាយ​អស់​១២​លាន​៧​សែន​រៀល នៅ​សល់​១២​លាន​១៥​ម៉ឺន​រៀល បាន​វេរ​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា​(​សម្រាប់​កសាង​) និង​អង្ករ​១០០​គ​.​ក មី​៥​កេស ទឹក​ផ្លែ​ឈើ​១០​កេស ទឹកបរិសុទ្ធ​២០​យួរ​។ ជា​ចុង​ក្រោយ​លោក​ឧត្តម​ឯក លោក​ជំទាវ​ក៏​បាន​ចែកទាន​ដល់​តាជី យាយជី ២១​នាក់​ក្នុង​ម្នាក់​ក្រណាត់​ស ១​ដុំ ថវិកា​១០.០០០​រៀល និង​ប្រជាពលរដ្ឋ​៧០​នាក់ ក្នុង​ម្នាក់​ក្រមា​១​ថវិកា ១០.០០០​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ