ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​កាន់តែ​ពង្រឹងសមត្ថភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ គេ​កត់​សម្គាល់ថា សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​​កាន់តែ​ពង្រឹងសមត្ថភាព​ទ្វេ​ដង ដោយ​ក្រៅពី​បាន​សម្រាំង​រក​កីឡាករ​ជម្រើសជាតិ​ឱ្យ​បាន​ល្អ ក៏​បាន​ទទួល​គ្រូបង្វឹក​ជំនាញ​ម្នាក់​មក​ពី​ក្រៅប្រទេស​ដើម្បី​ជួយ​ផង​ដែរ​។ សហ​ព័ន្ធ​បាន​ទាំង​ជំរុញ​ឲ្យ​ក្លិប និង​សមាគម​បាល់ទះ​ទាំងអស់ ពង្រឹងសមត្ថភាព​ឱ្យ​បាន​ខ្លាំង​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ គេ​កត់​សម្គាល់ថា សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​​កាន់តែ​ពង្រឹងសមត្ថភាព​ទ្វេ​ដង ដោយ​ក្រៅពី​បាន​សម្រាំង​រក​កីឡាករ​ជម្រើសជាតិ​ឱ្យ​បាន​ល្អ ក៏​បាន​ទទួល​គ្រូបង្វឹក​ជំនាញ​ម្នាក់​មក​ពី​ក្រៅប្រទេស​ដើម្បី​ជួយ​ផង​ដែរ​។

សហ​ព័ន្ធ​បាន​ទាំង​ជំរុញ​ឲ្យ​ក្លិប និង​សមាគម​បាល់ទះ​ទាំងអស់ ពង្រឹងសមត្ថភាព​ឱ្យ​បាន​ខ្លាំង​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ និង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ពេល​ខាង​មុខ​នោះ​ផង ។ នេះ​បើ​យោង​តាម​សហ​ព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ដែល​បាន​ប្រកាស​ឡើងជា​ប្រចាំ ដើម្បី​អភិវឌ្ឍន៍​សហព័ន្ធ​ទាំង​មូល​ឱ្យ​មានការ​រីក​ចម្រើន​។

មន្ត្រី​សហព័ន្ធ​បាន​អះអាង​ថា ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កីឡាបាល់ទះ​ទទួល​បាន​ជោគជ័យ​ជា​ជំហាន​​តាម​ការ​ចង់បាន បណ្ដា​ក្លិប និង​សមាគម​ទាំងអស់​ដែល​បាន​ឈរជើង​នៅ​ក្នុង​ប្រទេស​​កម្ពុជា ត្រូវ​តែ​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឱ្យ​បាន​ល្អ ដោយសារ​តែ​ក្នុង​ពេល​ខាង​មុខ​សហព័ន្ធ​បាល់ទះ​ទាំង​ខេត្ត និង​ក្រុង​ត្រូវ​មាន​ភារកិច្ច​ច្រើន​ទៀត​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទ្រង់ទ្រាយ​ជា​លក្ខណៈ​ជាតិ​ផង និង​អន្តរជាតិ​ផង ជា​ពិសេស​គឺ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​ខាង​មុខ​។

ក្នុង​នោះ​សហព័ន្ធ​ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​នានា​ផង​ដែរ​ដូច​ជា ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ លោក នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដែល​​ធ្លាប់​បាន​ធ្វើ​កន្លង​មក ដែល​រាល់​ការ​ប្រកួត​នីមួយ​ៗ សហព័ន្ធ​រមែង​ទទួល​បាន​កីឡា​ករ​ល្អ​ៗ​សម្រាប់​បណ្ដុះ​ជា​ជម្រើសជាតិ​លំដាប់​ប្រទេស​ប្រចាំ​នៅ​ក្នុង​សហព័ន្ធ ។

ក្នុង​នោះ​បណ្ដា​ក្លិប​-​សមាគម​ដែល​ជា​សមាជិក ក៏​មាន​ចំនួន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នា​ពេល​ចុង​ក្រោយ​ផង​ដែរ ដោយ​ក្នុង​នោះ​សូ​ម្បី​ក្លិប​បាល់ទះ​សហភាព​សហព័ន្ធ​យុវជន​ខេត្ដព្រៃ​វែង​, ក្លិប​បាល់ទះ​ក្រសួងមហាផ្ទៃ​, ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ដបាត់​ដំបង​, ក្លិប​បាល់ទះ​ខេត្ដកំពង់ចាម​, ក្លិប​បាល់ទះ​កងពលធំ​អន្ដរាគមន៍​លេខ​៣, ក្លិប​បាល់​ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ចាម​, ក្លិប​បាល់ទះ​បញ្ជាការដ្ឋាន​កង​អង្គរក្ស និង​ក្លិប​បាល់ទះ​កងពលតូច​អន្ដរា​គម៍​លេខ​៧​ជាដើម​ក៏​ពង្រឹងសមត្ថភាព​បាន​ល្អ​ផង​ដែរ ។

ក្រុម​ទាំងនេះ​ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ថា​បាន​ពង្រឹង​សមត្ថ​ភាព ដោយ​ក្នុង​ចំណោម​នោះ​កម្លាំង​យុវជន​ដែល​បាន​ក្លាយ​ខ្លួន​ជា​ធនធានមនុស្ស​ក៏​កាន់​តែ​ឆ្នើម​ជាង​មុន ដែល​ធ្វើ​ឱ្យ​សហព័ន្ធ​មាន​កម្លាំង​ជាង​មុន និង​មានការ​ទទួលស្គាល់​សមត្ថ​ភាព​ជាង​មុន​។ យ៉ាងណាមិញ សហព័ន្ធ​ទាំងមូល​បាន​ទទួលស្គាល់​ថា នៅ​មិន​ទាន់​មាន​ឱកាស​ទទួល​បាន​មេដាយមាស​លើ​ឆាក​អន្តរជាតិ​នៅឡើយ​ទេ ដោយសារ​តែ​ការ​ប្រកួត​បាល់ទះ​គឺ​មាន​លក្ខណៈ​ជា​ក្រុម កម្ពុជា​នៅ​មិន​ទាន់​ទៅ​រួច​ទាំងស្រុង​ទេ ដោយសារ​តែ​ករណី​​ទី​១​នៅ​ខ្វះ​បច្ចេកទេស និង​ទី​២ ដោយសារ​តែ​កម្ពស់ និង​មាឌ​របស់​កីឡាករ​កម្ពុជា​នៅ​មិន​ទាន់​អាច​ប្រដូច​នឹង​កីឡាករ​បរទេស​បាន​នៅឡើយ​។

មន្ត្រី​សហព័ន្ធ​បាន​បន្ត​បញ្ជាក់​ថា សហព័ន្ធ​កីឡាបាល់ទះ​កាន់តែ​រំពឹង​ខ្លាំង ក្រោយ​ពី​ប្រទេស​​ចិន​បាន​បញ្ជូន​គ្រូបង្វឹក​ជំនាញ​ម្នាក់​មក​ពី​ខេត្ត​ហ្វូ​ជាន គឺ លោក Ji Jun ឱ្យមក​ជួយ​បង្វឹក​ដល់​កីឡាករ​កម្ពុជា ខណៈ​ដែល​លោកគ្រូ JiJun ក៏​ត្រូវ​គេ​កត់​សម្គាល់ថា បាន​ប្រឹង​ប្រែង​បង្វឹក​ដល់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ដោយ​តាម​គម្រោង​លោក​នឹង​ជួយ​បង្ហាត់​​កីឡាករ​កម្ពុជា​រយៈពេល​៥​ឆ្នាំ​ចាប់​ឆ្នាំ​២០១៨​នេះ​តទៅ ដើម្បី​ពង្រឹង​ឱ្យ​កីឡាករ​កម្ពុជា​អាច​ឡើង​សន្ទុះ​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ​បាន ។ កម្ពុជា​ក៏​បាន​ប្រកាស​ថា នឹង​រៀបចំ​ជើង​ព្រួល​ឱ្យ​បាន​ល្អ ក្នុង​ការ​ប្រកួត​កីឡា​SEA GAMES ២០១៩ នៅ​ក្នុង​ប្រទេស​​ហ្វី​លី​ពី​ន​នា​ពេល​ខាង​មុខ​។

លោក បឹង គឹ​ម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ថា កីឡាករ​បាល់ទះ​កម្ពុជា​នៅ​ក្នុង​ពេល​នេះ មិនសូវ​ពិបាក​ក្នុង​ស្វែងរក​អ្នកមាន​សមត្ថភាព​នោះ​ទេ ដោយសារ​តែ​ក្មេង​សម័យ​ក្រោយ​មានការ​ចាប់អារម្មណ៍​ចង់​ក្លាយជា​កីឡាករ​បាល់​ទះ​ច្រើន​ឡើង ដោយនៅ​តាម​បណ្ដា​សាលា​រដ្ឋ និង​ឯកជន ក៏​មាន​បំផុស​កីឡា​មួយ​នេះ​ខ្លាំង​ឡើង ដែល​ធ្វើ​ឱ្យ​ខាង​សហព័ន្ធ​កើនឡើង​កីឡាករ​ល្អ ដែល​ក្នុង​ពេល​ខាង​មុខ​គឺ​មិនយូរ​នោះ​ទេ កម្ពុជា​នឹង​អាច​ឈាន​ឡើង​លើ​ឆាក​អន្តរជាតិ ស្របគ្នា​ដែល​ក្នុង​ពេល​នេះ ក៏​បាន​ពង្រឹងសមត្ថភាព​ធ្វើ​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​សមត្ថភាព​បាល់ទះ​របស់​កម្ពុជា ដែល​មាន​ន័យ​ថា ខុស​ឆ្ងាយ​ពី​មុន បើ​ធៀប​នឹង​ពេល​មុន​ដែល​កីឡាករ​កម្ពុជា​គឺ​ទម្រាំ​តែ​រកបាន​អ្នកមាន​កាយសម្បទា​ល្អ​ៗ​សម្រាប់​កីឡាបាល់ទះ​គឺ​ពិបាក​នោះ​។

លោក​ថា វត្តមាន​កីឡាករ​ល្អ និង​គ្រូបង្វឹក​ដែល​មាន​បច្ចេកទេស​មក​ពី​ប្រទេស​ចិន ទោះ​ចង់​​មិន​ចង់​ក៏​មានការ​ផ្លាស់​ប្ដូរ​ខ្លះ​ដែរ ក្នុង​ពេល​ដែល​ក្រុម​ជម្រើសជាតិ​ទាំង​ឈុត​ធំ និង​ឈុត​​តូច​របស់​កីឡាបាល់ទះ​នៅ​ក្នុង​ពេល​នេះ គឺ​កាន់តែ​ល្អ ដែល​នាំ​ឱ្យ​សហព័ន្ធ​មើល​ឃើញ​ពី​ក្ដី​សង្ឃឹម ។ យ៉ាងណាមិញ លោក​ថា ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ក៏​ត្រូវការ​ពេលវេលា​ដុសខាត់​កីឡាករ​ល្អ​ក្នុង​ពេល​កំណត់​មួយ​បន្ថែម​ទៀត ដើម្បី​ធានា​ថា កម្ពុជា​ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​គ្រប់ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង មិន​ថា​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ