រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវប្រវែងជាង២០ម៉ែត្រជាប់អតីតទីលានចាក់សំរាមចាស់ ស្ថិតក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បច្ចុប្បន្នកំពុងក្លាយជាកន្លែងដែលគេយកសំរាមទៅបោះចោលយ៉ាងអនាធិបតេយ្យធ្វើឱ្យសំរាមគរពាសពេញនៅលើដងផ្លូវបេតុង មួយនេះ និងបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ ពិសេសប៉ះពាល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ព្រេាះសំរាមនៅចំណុចខាងលើច្រើនរហូតរាយមកលើចំណែកផ្លូវបេតុងស្ទើរតែ១០០ភាគរយ ហើយនៅរដូវនេះភ្លៀងធ្លាក់ទៀតពិតជាស្អុយអសោចិ៍ខ្លាំងណាស់ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើ បានសម្តែងនូវអារម្មណ៍មិនពេញចិត្ត និងរិះគន់ធ្ងន់ៗទៅលើអាជ្ញាធរមូលដ្ឋាន អំពីការមិនយកចិត្តទុកដាក់លើបញ្ហានេះ ដោយបណ្តែតបណ្តោយឱ្យសំរាមចេះតែមានចំនួនច្រើនឡើងជាបន្តបន្ទាប់ ពាសពេញលើដងផ្លូវបេតុង រហូតកកណែនណាន់តាន់តាប់ស្ទើររកផ្លូវធ្វើដំណើរទៅមកលែងបានទៅហើយ ។
ជុំវិញបាតុភាពខាងលើនេះ លោក សេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១សង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់ភ្នាក់ងារ កោះសន្តិភាព តាមទូរស័ព្ទនាល្ងាចថ្ងៃទី២ ខែតុលាថា បញ្ហាខាងលើនេះ ក្នុងនាមលោកជាមន្ត្រីសង្កាត់ លោកបានធ្វើរបាយការណ៍ជូនទៅថ្នាក់លើរួចហើយ ហើយថ្នាក់ខណ្ឌក៏បានធ្វើលិខិតទៅក្រុមហ៊ុនសុីនទ្រី ដើម្បីឱ្យមកកាយប្រមូលសំរាមផងដែរ ។
ក្នុងលិខិតនោះ គឺមានលោក ឡុង ង៉ែត អភិបាលរងខណ្ឌ ជាអ្នកចុះហត្ថលេខាស្នើសុំទៀតផង ប៉ុន្តែប្រមាណ១០ថ្ងៃមកនេះ ពោលតាំងពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនស៊ីនទ្រីមិនបានចុះមកកាយ និងប្រមូលសំរាមចេញម្តងណាឡើយ ដោយពួកគេបានត្រឹមចុះមកពិនិត្យមើល ហើយប្រាប់យ៉ាងខ្លីថា ចាំឆ្លងយោបល់មេសិន ។
លោកចៅសង្កាត់រងបន្តថា រូបលោកនិងមន្ត្រីការិយាល័យបរិស្ថានខណ្ឌ បានព្យាយាមទាក់ទងទៅខាងក្រុមហ៊ុនស៊ីនទ្រីរហូត ក្នុងគោលបំណងឱ្យពួកគេចុះមកកាយប្រមូល ប៉ុន្តែពួកគេត្រឹមឆ្លើយថាទទួលបានរហូត តែមិនដែលឃើញមានកម្លាំងចុះមកប្រមូលទាល់តែសោះ ។
លោក សេង ស៊ីវ៉ាន់ថា បញ្ជាក់ថា សំរាមទាំងអស់ដែលមាននៅចំណុចខាងលើ មិនមែនពលរដ្ឋក្បែរខាងយកមកបោះចោលឡើយ គឺអ្នកពីចម្ងាយ ដែលពួកគេតែងវេចខ្ចប់ទាំងបាវៗធំៗ ដឹកតាមម៉ូតូរ៉ឺម៉កយកមកបោះចោលជាបន្តបន្ទាប់ ទើបកកកើតឲ្យមានសំរាមបែបនេះតែម្តងទៅ ។
កាលពីពេលកន្លងទៅ លោកធ្លាប់ដាក់កម្លាំងឱ្យចាំចាប់់ក្រុមអ្នកដឹកសំរាមយកទៅបោះចោលនៅទីនោះដែរ តែពេលលោកដាក់កម្លាំងចាំចាប់ពួកគេ គឺពួកគេមិនបោះចោលឡើយ គ្រាន់តែដឹកជិះកាត់ ។ លុះពេលមិនមានកម្លាំងឈរឃ្លាំមើល ពួកគេក៏បន្តបោះចោលយ៉ាងអនាធិបតេយ្យទៀត ។
យ៉ាងណាមិញ ជុំវិញបាតុភាពនេះមជ្ឈដ្ឋានទូទៅ ស្នើមន្ត្រីជំនាញពាក់ព័ន្ធមេត្តាដោះស្រាយឱ្យបានឆាប់រហ័សផង ដើម្បីធានាបានបរិស្ថានអនាម័យស្អាត ពិសេសសោភ័ណភាពលើដងផ្លូវសាធារណៈ ព្រោះដងផ្លូវពុំមែនជាកន្លែងសម្រាប់ចោលសំរាមឡើយ គឺជាផ្លូវសម្រាប់ធ្វើដំណើរឆ្លងកាត់ទៅមកប៉ុណ្ណោះ ។
ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានក៏សំណូមពរដល់ពលរដ្ឋណាដែលធ្លាប់យកសំរាមទៅបោះចោលនៅទីនោះ សូមបញ្ឈប់សកម្មភាពនេះតទៀតទៅ ។ គួរណាស់បងប្អូនប្រមូលវេចខ្ចប់ទុកនៅខាងមុខផ្ទះរបស់ខ្លួន ដើម្បីអាចឱ្យរថយន្តក្រុមហ៊ុនស៊ីនទ្រីបានទៅដឹកជញ្ចូនយកទៅបោះចោលនៅទីលានចាក់សំរាម ចៀសវាងការយកសំរាមទៅបោះចោលនៅលើដីឡូត៍ដែលគេទុកចោល យ៉ាងអនាធិបតេយ្យ រហូតច្រើនហៀរទៅលើដងផ្លូវ ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈផងដែរ ។
សំរាមកំពុងតែចោទជាបញ្ហាធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនៅតាមដងផ្លូវគំនរសំរាមត្រូវគេយកទៅបោះចោលយ៉ាងឥតសណ្តាប់ធ្នាប់ ដោយអាជ្ញាធរមូលដ្ឋានហាក់គ្មានលទ្ធភាពដោះស្រាយទេ ៕
ចែករំលែកព័តមាននេះ