ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់បានត្រូវនគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន ពេលជនសង្សយ័ម្នាក់នេះកំពុងរៀបចំវេចខ្ចប់គ្រឿងញៀនចែកចាយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាងបានឱ្យដឹងថា ជនសង្សយ័ខាងលើឈ្មោះ សែ សាល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន១លើក មានរយៈពេល១ខែ១៨ថ្ងៃ កាលពីឆ្នាំ២០០៨ ពីបទបំផ្លិចបំផ្លាញ ។
លោកអធិការបញ្ជាក់ថា នៅវេលាកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្វាយប្រទាល បានចុះដល់ចំណុចកើតហេតុ ។
នៅវេលាម៉ោង៦និង៥នាទីថ្ងៃដដែល ដោយទទួលបានការឯកភាពពីលោក ហេង ផេង ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល អនុញ្ញាតអោយធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះរបស់ជនសង្ស័យ និងមានការចូលរួមពីលោកមេភូមិព្រែកតាជ័រ សមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យ ផ្ទះរបស់ឈ្មោះ សែ សាល រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់ ក្នុងនោះធំ១កញ្ចប់ តូច២កញ្ចប់ និងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួននៅក្នុងផ្ទះ រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំតម្លៃ ១,០០០,០០០រៀល (មួយលានរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅរាជធានីភ្នំពេញ យកមកអោយខ្លួនដល់ផ្ទះ ដើម្បីយកមកវេចខ្ចប់លក់បន្តក្នុង១កញ្ចប់តម្លៃ៣០ដុល្លារ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕
ចែករំលែកព័តមាននេះ