ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ជួយ​សហគ្រាស​ធុន​តូច​និង​មធ្យម​ដើម្បី​បង្កើន​ផលិតភាព​ក្នុងស្រុក?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្កើន​ផលិតភាព​ក្នុងស្រុក​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ក្រុមហ៊ុន World Bridge មាន​គម្រោង​បង្កើត​អោយ​មាន​ចង្កោម​សហ​គ្រាស​​ធុន​តូច​និង​មធ្យម នៅ​ទីតាំង​តែ​មួយ​កន្លែង ដែល​គម្រោង​នេះ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្កើន​ផលិតភាព​ក្នុងស្រុក​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ក្រុមហ៊ុន World Bridge មាន​គម្រោង​បង្កើត​អោយ​មាន​ចង្កោម​សហ​គ្រាស​​ធុន​តូច​និង​មធ្យម នៅ​ទីតាំង​តែ​មួយ​កន្លែង ដែល​គម្រោង​នេះ មានការ​គាំទ្រ​ពី​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ​ពីរ​គឺ UNIDO និង អង្គការ UNDP ព្រមទាំង​មានការ​គាំទ្រ​ពី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ផង​ដែរ ។

ថ្លែង​នៅ​ក្នុង​ពិធី​សិក្ខាសាលា​ការ​អភិវឌ្ឍ​ចង្កោម​សហគ្រាស​ធុន​តូច និង​មធ្យម​ថ្មី កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន វើ​ល​ដ៍​ប្រ៊ី​ជ បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ជ​មាន​ចក្ខុវិស័យ​ស្របគ្នា​និង​ស៊ីសង្វាក់​ជាមួយ​រដ្ឋាភិបាល លើ​គោលនយោបាយ និង​ទិស​ដៅ​អភិវឌ្ឍន៍​ចង្កោម​សហ​គ្រាស​ធុន​តូច និង​មធ្យម ទើប​ក្រុមការងារ​ដែល​មាន​សមត្ថភាព​ថ្នាក់ខ្ពស់ បាន​ទៅ​ពិគ្រោះ​​ប្តូរ​យោបល់​អំពី​អាទិភាព និង​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍន៍​ផែនការ​មួយ​នេះ អោយ​កាន់​តែ​មាន​សក្ដានុពល មានការ​ទទួលខុសត្រូវ និង​ការ​ចូលរួម​ទ្រទ្រង់​ជា​លក្ខណៈ​ស្តង់ដា​​អន្តរជាតិ ពី​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ UNDP និង​អង្គការ សហ​ប្រជា​តិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម UNIDO ហើយ​អង្គការ​ទាំង​ពីរ​នេះ បាន​សម្រេច​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ជ ដើម្បី​ចូលរួម​ផ្ដល់​ជា​ទំនុកចិត្ត​និង​ផ្សា​ភ្ជាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ជ ជាមួយ UNDP និង ជាមួយ UNIDO ដល់​កម្មវិធី​នេះ រួចរាល់​ផង​ដេរ ។

ឧកញ៉ា មាន​ប្រសាសន៍​ថា ស្របគ្នា​ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​ដូច​បាន​រៀបរាប់ យើង​សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ជ តាម​រយៈ​ការ​ប្តូរ​យោបល់​ក្នុង​សិក្ខាសាលា វា​នឹង​ក្លាយជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​សម្រាប់​ជា​ជំនួយស្មារតី​ក្នុង​ការ​អភិវឌ្ឍន៍​ផង ហើយ​អាច​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​មាន​សារសំខាន់ ថែម​ទាំង​អាច​ផ្ដល់​ការ​ចូលរួម​ផ្សព្វផ្សាយ និង​លើក​ស្ទួយ​ដល់​ពលរដ្ឋ​ដទៃ​ទៀត នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា អោយ​យល់​ដឹង​បន្ថែម និង​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អោយ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត ពី​គោលនយោបាយ និង​ទិស​ដៅ​អភិវឌ្ឍន៍​ចង្កោម​សហគ្រាស​ធុន​តូច និង​មធ្យម របស់​រាជរដ្ឋាភិបាល ។

លោក គឹ​ម ទូច រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​វិស័យ SMEs នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង មិនមែន​មាន​តែ​ក្រសួង​មួយ​ទេ​ដែល​ត្រូវ​ខិតខំ​នោះ តែ​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដូច​ជា ពី​វិស័យ​ឯកជន ជា​ពិសេស​ពី​វិស័យ SMEs​ផ្ទាល់​តែ​ម្ដង ។

លោក​បន្ត​ថា វិស័យ SMEs ប្រាកដជា​ពិបាក​រីក​ចម្រើន​ណាស់ បើ​មិន​មានការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​រដ្ឋាភិបាល​និង​ដៃគូរ​ពាក់ព័ន្ធ​នានា ដូច​ជា​ពី​វិស័យ​ឯកជន​ផ្សេង​ៗ​ជាដើម ។ ហើយ​បើសិនជា​វិស័យ​នេះ​មិន​មានការ​រីក​ចម្រើន​នោះ​ទេ កំនើនសេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​ពិបាក​នឹង​សម្រេច​បាន​ទៅ​តាម​ផែនការ​នោះ​ដែរ ដូចនេះ​ហើយ​ទើប​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​តែងតែ​ជំរុញ និង​លើកទឹកចិត្ត​រាល់​ការ​ច្នៃប្រឌិត​នានា​របស់​សហគ្រិន​ក្នុង​វិស័យ SMEs ។

លោក​និយាយ​ថា « វិស័យ SMEs មាន​សារៈសំខាន់​ណាស់ នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ជាក់ស្ដែង វិស័យ SMEs​កម្ពុជា បាន​ជួយ​ផ្ដល់​ការងារ​ប្រមាណ​ពី​៤០​ទៅ​៥០​ភាគរយ​នៃ​ចំនួន​អ្នកមាន​ការងារ​សរុប​នៅ​កម្ពុជា ដូចនេះ​មាន​ន័យ​ថា​វា​ពិតជា​បាន​ផ្ដល់​នូវ​ប្រយោជន៍​​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច » ។

លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ SME នៅ​កម្ពុជា​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ​ហើយ​នៅ​រប៉ាត់រប៉ាយ មិន​ទាន់​ប្រមូលផ្ដុំ​ជា​ចង្កោម ដូចនេះ​ហើយ​ទើប យើង​ពិបាក​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​ពេល​មាន​បញ្ហា​អ្វីមួយ​ដែល​ពួក​គាត់​ចង់បាន ។ លោក​ថា​៖«​យើង​ចង់អោយ SME មានការ​ចងក្រង​ជា​បណ្ដុំ ដើម្បី​សម្រួល​ដល់​ការ​ដោះស្រាយ​ជូន​ពួក​គាត់ ដូច​ជា​បញ្ហា​បច្ចេកទេស គុណភាព និង​ការ​បង្ហូរ​កាក​សំណល់​ចេញ​ជាដើម » ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន World Bridge បាន​និង​កំពុង​អភិវឌ្ឍន៍​គម្រោង​បី​រួម​មាន ដូច​ជា​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ ដែល​នឹង​សហការ​សិក្សា​រៀបចំ​អោយ​មាន​ជម្រើស​ច្នៃ​ប្រឌិត​បន្ថែម​ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​សម​ស្រប​សម្រាប់​អ្នកទិញ​លំនៅ​ឋាន ។ គម្រោង​ទី​២ គឺ គម្រោង​គ្រប់គ្រង​កង រថយន្ត​ដឹក​ជញ្ជូន​បៃតង ដែល​គម្រោង​នេះ​នឹង​ជួយ​ដោះ​ស្រាយ​នូវ​បញ្ហា​ក្នុង​វិស័យ​ដឹក​ជញ្ជូន នៅ​កម្ពុជា ។

ចំណែក​គម្រោង​មួយទៀត​នោះ គឺ​គម្រោង​បណ្ដុំ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ជំរុញ​អោយ​មានការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត សម្រាប់ SME ក្នុង​បំណង​បង្កើត​​នូវ​ប្រព័ន្ធ​អេកូ​ផលិតកម្ម តាម​រយៈ​ការ​បង្កើត​អោយ​មានកម្ម​វិធី ស្រាវជ្រាវ អភិ​វឌ្ឍន៍ និង​បណ្ដុះបណ្ដាល​ជំនាញ​ដែល​អាច​ប្រែក្លាយ​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងឡាយ​អោយទៅ​ជា ច​លករ​ដ៏​សំខាន់​មួយ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ