ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ខេត្ត​កែប​…​គេ​នាំ​គ្នា​លួច​បោះបង្គោល​ចាប់ដី​ឆ្នេរសមុទ្រ​ទុក​លក់​ឱ្យ​ឈ្មួញ​ចិន !

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ លោកស្រី​អភិបាលស្រុក​ដំណាក់​ចង្អើរ រួម​ដំណើរ​ដោយ​កងរាជអាវុធហត្ថ​ស្រុក នគរបាល​ស្រុក ផ្នែក​សឹក​រង​ស្រុក រួម​ទាំង​មន្ត្រី​ជលផល មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម​និង សំណង់…

ខេត្ត​កែប ៖ លោកស្រី​អភិបាលស្រុក​ដំណាក់​ចង្អើរ រួម​ដំណើរ​ដោយ​កងរាជអាវុធហត្ថ​ស្រុក
នគរបាល​ស្រុក ផ្នែក​សឹក​រង​ស្រុក រួម​ទាំង​មន្ត្រី​ជលផល មន្ត្រី​រៀបចំ​ដែនដី នគរូបនីយកម្ម​និង
សំណង់ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា​កន្លង​ទៅ បាន​ចុះ​ទៅ​កាន់​គោលដៅ​សហគមន៍​ព្រៃកោងកាង​២​កន្លែង​ផ្សេង​គ្នា បន្ទាប់​ពី​មាន​ព័ត៌មាន​ថា កំពុង​មានការ​លួច​បោះបង្គោល​ចាប់ដី​យ៉ាង​អនាធិបតេយ្យ​ទុក​លក់​ឱ្យ​ឈ្មួញ​ចិន​ដែល​កំពុង​ចុះ​ទៅ​ទិញ​ដី​នៅ​ចំណុច​នោះ ។

គោលដៅ​ទាំង​២​កន្លែង​នេះ គឺ​ដី​ព្រៃ​សហគមន៍មួយ​កន្លែង​នៅ​ផ្លូវ​កោង​ខាង​មុខ​វត្ត​អង្កោល និង​ដី​ព្រែ​កោង​កាង​មួយ​កន្លែង​ទៀត​នៅ​ចំណុច​អ៊ូ ជិត​ឆ្នេរសមុទ្រ​អង្កោល ។ ការ​ចុះ​ទៅ​ត្រួតពិនិត្យ​ភ្លាម​ៗ​នេះ គឺ​ក្រោយ​ពី​មាន​បញ្ជា​ពី​លោក កែន ស​ត្ថា អភិបាលខេត្ត ។

លោកស្រី គឹ​ម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បានឱ្យ​កម្មករ​ដែល​កំពុង​ធ្វើ​ខ្យូ​ស​មួយ​កន្លែង​លើ​ដី​សហគមន៍ ផ្លូវ​ទៅ​ស្ពានដែក​ត្រូវ​ផ្អាក​និង​ការ​ចាក់​ដី​ក៏​ត្រូវ​ផ្អាក​ដែរ ហើយ​ក៏​បន្ត​ទៅ​មើល​នៅ​ឯ​ចំណុច​អ៊ូ ជា​ព្រៃរបស់​សហគមន៍​ ។ នៅ​ចំណុច​ទី​២​នេះ ក្រុម​មន្ត្រី​មានការ​ហួសចិត្ត ដោយសារ​ឃើញ​បង្គោល​រាប់​ពាន់​ដើម​ត្រូវ​បាន​គេ​ដណ្ដើម​គ្នា​បោះ​ថ្មី​ៗ​លើ​ដី​សហគមន៍ ។

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​អង្កោល​និយាយ​ថា ដី​ព្រៃ​សហគមន៍​មាន​ទំហំ​៧២​ហិ​កតា ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​យក​អស់​ទៅ​ហើយ ។ អ្នក​បោះបង្គោល​យក​ដី​សហគមន៍​នេះ បាន​កើត​ជម្លោះ​នឹង​គ្នា​ផង​ដែរ​ព្រោះតែ​បោះបង្គោល​ជាន់​គ្នា ហើយ​អ្នកទិញ​ក៏​នៅ​តែ​បន្ត​ទិញ​ដី​សហគមន៍ ។

លោក ភី​ន ផល្លា នាយ​រង​ការិយាល័យ​ជលផល​ខេត្ត​និយាយ​ថា ការ​រាប់​បង្គោល​ដែល​ដាំ​លើ​ដី​សហគមន៍​គ្រាន់់តែ​រាប់​មួយ​ប្រាវ​មាន​ចំនួន​៣៣០​ដើម ។ លោក​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា បង្គោល​ដែល​បោះ​ក្នុង​ដី​សហគមន៍​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត គឺ​រហូត​ដល់​រាប់​ពាន់​ដើម​ឯណោះ ។

លោក ភី​ន ផល្លា បន្ត​ថា លោក​នឹង​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​លោក​អភិបាលខេត្ត តែ​លោក​មិន​បាន​ឲ្យ​ដឹង​ទេ​ថា តើ​ថ្ងៃ​ណា​នឹង​រុះរើ​បង្គោល​ទាំងនេះ​ពី​ដី​សហគមន៍​ទេ ។

លោកស្រី​អភិបាលស្រុក​ដំណាក់​ចង្អើរ បានឱ្យ​កម្លាំង​អាវុធហត្ថ​ស្រុក​ដក​បង្គោល​បេតុង​២
ដើម​ចេញពី​ឆ្នេរសមុទ្រ​ផង​ដែរ ។ ដោយឡែក​អ្នក​រំលោភ​យក​ដី​ឆ្នេរ​មិន​បាន​ចេញ​មុខ​ទេ ។

ប្រជាពលរដ្ឋ​ដែល​បាន​មើលឃើញ​ក្រុម​មន្ត្រី​ចុះ​ទៅ​កាន់​សហគមន៍​ព្រៃកោងកាង​និយាយ​ថា បើ​មិន​មានការ​អន្តរាគមន៍​ទាន់​ពេល​ទាន់​វេលា​ទេ គឺជា​គំរូ​អាក្រក់​មួយ​ក្នុង​ការ​រំលោភ​យក​ដី​នៃ​ក្រុម​មន្ត្រី ព្រោះថា​ពលរដ្ឋ​សាមញ្ញ​មិន​ហ៊ាន​រំលោភ​យ៉ាង​កំរោល​បែប​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ