ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលស្រុកទ្រាំងឃាត់ខ្លួន រួចបញ្ជូនមកការិយាល័យប៉ូលិសព្រហ្មទណ្ឌខេត្តដើម្បីកសាងសំណុំរឿងតាមនីតិវិធី ខណៈដែលជនសង្ស័យបានផឹកទឹកត្នោតជូរជាមួយជនរងគ្រោះហើយបានវាយបង្កឱ្យមានរបួសនៅពេលមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ មីនា វេលាម៉ោង៧និង៥០នាទីយប់នៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ។
តាមប្រភពពីលោកមី វណ្ណា អធិការរងនគរបាលស្រុកទ្រាំង បានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលប៉ូលិសឃាត់ខ្លួននោះឈ្មោះជីម ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង បានយកចានគោមវាយទៅលើក្បាលឈ្មោះនី ថន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បង្កឱ្យរងរបួសកណ្តាលក្បាលហូរឈាមពពេញមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឃុំដេរអស់៨ថ្នេរ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនដៃដល់និងជនរងគ្រោះបានផឹកទឹកត្នោតជូរជាមួយគ្នាដែលមានគ្នា៦នាក់តាំងពីម៉ោង៥ល្ងាច រហូតដល់អស់ទឹកត្នោតជូរប្រមាណជាង៣០លីត្រ ក៏មានទំនាស់ពាក្យសម្តីគ្នារហូតដល់យកចានគោមដាក់ម្ហូបក្លែមវាយក្បាលគូទំនាស់បែកក្បាលហូរឈាមពេញផ្ទៃមុខ ។ លុះដល់ថ្ងៃទី៩ មីនា វេលាម៉ោង២រសៀល ប៉ូលិសបានចុះទៅចាប់ខ្លួនជនដៃដល់នៅផ្ទះតែម្តង ។
នៅចំពោះមុខប៉ូលិស ជនដៃដល់ឈ្មោះជីម ម៉ៅ បានសារភាពថា រូបគេពិតជាបានយកចានគោមវាយទៅលើក្បាលគូទំនាស់ប្រាកដមែន មូលហេតុគូទំនាស់របស់ខ្លួនពេលកំពុងស៊ីផឹកនោះបានយកចានទឹកត្រីចាក់ចោលហើយក៏មានការជជែកគ្នាឡើងរួចគូទំនាស់យកចានគប់ទៅលើរូបគេមុន ទើបខ្លួនបានយកចានវាយក្បាលងទៅគេវិញ ។ ពេលវាយរួចរូបគេក៏បានរត់ទៅផ្ទះដេក ចំណែកភាគីទំនាស់បាននាំគ្នា៣នាក់ទៀតយកដំបងទៅវាយផ្ទះរបស់ខ្លួនដើម្បីឱ្យចុះមកដីតតាំងគ្នា ប៉ុន្តែគ្មានអ្នកណាហ៊ានចុះពីលើផ្ទះទេ ព្រោះខ្លាចគូទំនាស់វាយសម្លាប់ ។ លោកយ៉ុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តឱ្យដឹងថា យើងបានកសាងសំណុំរឿងគ្រប់គ្រាន់អស់ហើយ នៅព្រឹកថ្ងៃទី១១ មីនា យើងនឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ