ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​ផ្សារ​គគីរ​ឆេះដុំ​រឿង​គំនរ​សំរាម គ្មាន​អ្នក​ទទួលខុសត្រូវ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​នាំ​គ្នា​ធ្វើការ​រិះគន់​ទៅ​លើ​អ្នកគ្រប់គ្រង​ផ្សា​រថា ដឹង​តែ​ពី​ដើរ​យក​លុយ​ផា​ស៊ី​ពី​ពួក​គាត់ រីឯ​សំរាម​យក​មក​គរ​ចោល​ពាសពេញ​ផ្លូវ​ដើរ​ចេញចូល​ក្នុង​ផ្សារ…

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​នាំ​គ្នា​ធ្វើការ​រិះគន់​ទៅ​លើ​អ្នកគ្រប់គ្រង​ផ្សា​រថា ដឹង​តែ​ពី​ដើរ​យក​លុយ​ផា​ស៊ី​ពី​ពួក​គាត់ រីឯ​សំរាម​យក​មក​គរ​ចោល​ពាសពេញ​ផ្លូវ​ដើរ​ចេញចូល​ក្នុង​ផ្សារ និង​នៅ​ក្បែរ​របង​តូប​របស់​ពួក​គាត់​រាប់​ខែ ទុក​ឲ្យ​រុយ​រោម​រហូត​មាន​ដង្កូវ ជះក្លិន​ស្អុយ​អសោច​សាយភាយ​ពេញ​ក្នុង​ផ្សារ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​សុខភាព​។ ក្រុម​អាជីវករ​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ពួក​ម្នាក់​ៗ​បាន​ជួល​តូប​ក្នុង​មួយ​ខែ​ៗ​តម្លៃ​ជាង​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល ហើយ​នៅ​បង់​ទៅ​ឲ្យ​ផា​ស៊ី អនាម័យ​សរុប​ក្នុង​មួយ​ថ្ងៃ​៤០០​រៀល​, ៦០០​រៀល​, ៧០០​រៀល រហូត​ដល់​២.០០០​រៀល​ថែម​ទៀត​។

ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​បានជា​អ្នកគ្រប់គ្រង​ផ្សារ​គគីរ លោក អ៊ិ​ន យ៉ុ​ម ប្រធាន​ផ្សារ​មិន​អើពើ​ពី​រឿង ប្រមូល​សំរាម​សោះឡើយ​។ ដោយ​ទុក​ចោល​ឡើង​គរ​ដូច​ភ្នំ​មាន​ដង្កូវ​ចង់​ប៉ុន​ៗ​កូនដៃ ពេញ​តូប​របស់ ពួក​គាត់ និង​ជះក្លិន​ស្អុយ​ឆួល​ពេញ​ច្រមុះ ពេល​ហូប​បាយ​ម្តង​ៗ​រត់​ទៅ​ហូប​ខាងក្រៅ​ផ្សារ​ទើប​ហូប​ចូល​។ បញ្ហា​ក្លិនស្អុយ​សំរាម​នេះ​មិន​ត្រឹមតែ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​មានការ​ឈឺ​ថ្កាត់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ពួក​គាត់​ជា​អាជីវករ​ជួប​ការ​លំបាក​ពី​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ទៀត​ផង​។ ដោយសារ​គ្មាន​ភ្ញៀវ ចូល​មក​ទិញ​អីវ៉ាន់ ធ្វើ​មុខ​ធ្វើ​សក់ ហើយ​ខ្លះ​គ្រាន់តែ​ដើរ​ចូល​មក​ធុំក្លិន​ស្អុយ​រត់​ចេញ​ទៅ​វិញ​ក៏​មាន​ដែរ ធ្វើ​ឲ្យ​ពួក​គាត់​ខែ​ខ្លះ​រក​ចំណូល​មិន​បាន​ចូល​លុយ​ផ្ទះ​បង់​ឲ្យ​តូប​ក៏​មាន​ដែរ​។

រីឯ​ក្រុម​អ្នក​ដើរ​ប្រមូល​លុយ ផា​ស៊ី ពេល​ដែល​ពួក​គាត់​សួរ​ថា សំរាម​គរ​ស្អុយរលួយ​មាន​ដង្កូវ​វារ​ចូល​ផ្ទះ​ខ្ញុំ​នៅ​យក​លុយ​ផាស​ស៊ី​ទៀត បែរជា​ក្រុម​អ្នក​យក​ផា​ស៊ី​ទាំងនោះ​ឆ្លើយ​ថា ចង់​ស្អុយ​ដូច​អាចម៍ ឬ​ដេក​លើ​អាចម៍​ក៏​ពួក​គេ​មិន​ខ្វល់​ដែរ ដឹង​តែ​ពី​យក​លុយ​។ អាជីវករ​បន្ត​ថា ការ​ដែល​លោក​ប្រធាន​ផ្សារ​ឈ្មោះ អ៊ិ​ន យ៉ុ​ម ទុក​សំរាម​ចោល​ឡើង​គរ ដូច​ភ្នំ ក្បែរ​តូប​របស់​ពួក​គាត់​រាប់​ខែ​មក​ហើយ​នេះ ប្រហែលជា​គាត់​អាង​ថា​ជិត​ដល់​អាណត្តិ ហើយ​មើលទៅ​។ ហើយ​ក្រៅពី​គំនរ​សំរាម​លោក​ប្រធាន​ផ្សារ​មុខ​ដឹង​តែ​ពី​លុយ​នេះ ថែម​ទាំង​បណ្តែតបណ្តោយ​ឲ្យ​អ្នកលក់​ទំនិញ​អីវ៉ាន់​គ្រឿងទេស និង​ស្បែកជើង​បន្លែ​ផ្លែ​ឈើ​ត​យ៉ាប ដាក់​តាំង​លក់​ពាសពេញ​ផ្លូវ​មួយ​ខ្សែ​ជាប់​ជ្រុង​ផ្សារ​ខាងកើត​យ៉ាង​ណែន​តាន់តាប់​រកតែ​ផ្លូវ​ដើរ​ចេញចូល​ស្ទើរតែ​មិន​រួច​។

មិនតែប៉ុណ្ណោះ​លោក​ប្រធាន​ផ្សារ​គគីរ​នេះ​ថែម​ទាំង​យក​បរិវេណ​សាលាស្រុក​កៀនស្វាយ ធ្វើ​ជា​កន្លែង​កឹ​ប​សំបុត្រ​ផ្ញើរ​កង់​ម៉ូតូ​រថយន្ត​យក​លុយ​ដែល​នាំ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​សាលាស្រុក​ដែល​ជា​កន្លែង​សម្រាប់​បម្រើសេវា​សាធារណៈ​ទៀត​ផង​។ និង​ថែម​ទាំង​បណ្តែតបណ្តោយ​ឲ្យ​រថយន្ត​ម៉ូតូ រ៉ឺ​ម៉ក​គ្រប់​ប្រភេទ​ចត​យ៉ាង​អនាធិបតេយ្យ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​នាំ​ឲ្យ​បាត់បង់ សណ្តាប់ធ្នាប់​លើ​ដងផ្លូវ​សាធារណៈ​បង្ក​ការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ថែម​ទៀត​ផង​។ ក្រុម​អាជីវករ​ក៏​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក ខេត្ត​ជា​ពិសេស​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ មេត្តា​ជួយ​ដោះស្រាយ​សម្របសម្រួល​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់​នៅ​ក្នុង​ផ្សារ​គគីរ​នេះ​ផង​។

ពិសេស​បញ្ហា​អនាម័យ​សំរាម​ស្អុយរលួយ​ហូរ​ចូល​ទឹកស្ទឹង​ធ្វើ​ឲ្យ​ពលរ​ដ្ធ​មិនបាច់​ថា​យក​ប្រើប្រាស់​មុជ​ផឹក ឬ​ដាំ​ស្ល​នោះ​ទេ សូ​ម្បី​តែ​បូម​ស្រោចស្រព​ផលដំណាំ​មិនកើត​ផង​។ ពិសេស​ចំណុច​នេះ​គឺជា​កំពង់ដ ចម្លង​សិស្ស សាលា​តូច​ៗ​ពី​កោះ​ប្រាក់​មក​រៀន​នៅ​គគីរ​ទៀត​ផង​។ ហើយ​បញ្ហា​នេះ​ពួក​គាត់​ក៏​ធ្លាប់​បាន លើក​ឡើង​នៅ​ក្នុង​វេទិការ​សាលាស្រុក​រួច​ហើយ​ដែរ​តែ​ហាក់បីដូចជា​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​សោះ​៕


https://www.youtube.com/watch?v=rv7KjwIIumQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ