ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​កើតជា​ប្រេត​ព្រោះ​សេចក្តី​កំណាញ់

5 ឆ្នាំ មុន

កាល​ព្រះ​បរម​សាស្តា​ធរមាន​នៅឡើយ មានត្រកូល​ព្រាហ្មណ៍​មួយ មានកូន​៣​នាក់ ប្រុស​២ ស្រី​១​នាក់​ជា​កូនពៅ​។ កូន​ទាំង​បី​នេះ ជា​មិត្តភក្តិ​រាប់អាន​គ្នា​ជាមួយ​ឧបាសក ឧបាសិកា ចំណាយ​ទ្រព្យ​ធ្វើបុណ្យ​ទាន ក្នុង​ពុទ្ធសាសនា​។…

កាល​ព្រះ​បរម​សាស្តា​ធរមាន​នៅឡើយ មានត្រកូល​ព្រាហ្មណ៍​មួយ មានកូន​៣​នាក់ ប្រុស​២ ស្រី​១​នាក់​ជា​កូនពៅ​។ កូន​ទាំង​បី​នេះ ជា​មិត្តភក្តិ​រាប់អាន​គ្នា​ជាមួយ​ឧបាសក ឧបាសិកា ចំណាយ​ទ្រព្យ​ធ្វើបុណ្យ​ទាន ក្នុង​ពុទ្ធសាសនា​។ ចំណែក​ព្រាហ្មណ៍​ជា​ឪពុក​ម្តាយ ជា​បុគ្គល​កំណាញ់​ស្វិត គ្មាន​សទ្ធា មិន​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ឡើយ ។

ព្រាហ្មណ៍​នេះ មាន​ក្មួយ​ប្រុស​ម្នាក់​ទៅ​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ស​ង្កិ​ច្ច​ភិក្ខុ តាំងពី​បាន​បួស​ហើយ ចេះ​តែ​ចូល​ទៅ​សុំ​ឧបសម្បទា​ជា ភិក្ខុ​ក្នុង​សំណាក់​ឧបជ្ឈាយ៍ ស​ង្កិ​ច្ច​ភិក្ខុ ជា​ឧបជ្ឈាយ៍​ចេះ​តែ​ឃាត់​ឱ្យ​បង្អង់​ចាំ​១​ខែ​ទៀត​ៗ ជា​ច្រើន​ដង ព្រោះ​លោក​ជ្រាប​ថា មាន​ឧបនិស្ស័យ​ជា​ព្រះអរហន្ត ប៉ុន្តែ​មិន​ទាន់​ដល់កំណត់​កាល ឯ​អាយុ​ក៏​មិន​ទាន់​គ្រប់​២០​ឆ្នាំ​ផង

ថ្ងៃមួយ​មាន​ខ្យល់ព្យុះ​ធំ បក់​បោក​រលំ​ផ្ទះ​ព្រាហ្មណ៍ ក៏​ស្លាប់​អស់​មនុស្ស​ក្នុងផ្ទះ គឺ​ព្រាហ្មណ៍​ប្តី​ប្រពន្ធ ស្លាប់​ទៅ​កើតជា​ប្រេត​ទាំង​ពីរ​នាក់ ឯ​កូនប្រុស​ពីរ​នាក់​ស្លាប់​ទៅ​កើតជា​ភូមិ​ទេវតា កូនស្រី​កើតជា​ភូមិ​ទេវធីតា បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ នៅ​អាស្រ័យ​ក្នុង​ព្រៃធំ ក្បែរ​ក្រុង​រាជគ្រឹះ​។

ប្រេត​ប្តី​ប្រពន្ធ មាន​រូប​កាយ​អាក្រក់​គួរ​ខ្លាច កម្ពស់​ស្មើ​ដើម​ត្នោត ខ្លួន​ប្រលាក់​សុទ្ធតែ​ឈាម និង​ខ្ទុះ ដៃ​កាន់ដំបង​ដែក​ប៉ុន​ដើម​ត្នោត សំពង​ក្បាល​គ្នា​ទៅ​វិញ​ទៅ​មក បែក​ជាំ​ដាំ​ពេញ​ខ្លួន ហើយ​ខាំ​ហែក​សាច់​គ្នា​ស៊ី​រាល់ពេល​វេលា ព្រោះ​ស្រេកឃ្លាន​ខ្លាំង​ណាស់ ។

ប្រេត​ទាំង​ពីរ​នេះ​ចេះ​តែ​ដើរ​តាម​ភូមិ​ទេវតា ជា​កូន​ទាំង​បី ប៉ុន្តែ​មិន​អាច​ទទួលយក​អំណោយ​ពី​កូន​បាន​ឡើយ ព្រោះ​កាល​ជាតិ​មុន កូន​បបួល​ដឹកនាំ​ឱ្យធ្វើ​ទាន​សីល​មិន​ព្រម​ស្តាប់​តាម​សោះ ។

ឯ​សាមណេរ​ជា​ក្មួយ បានដឹង​ថា​មីងមា ព្រមទាំង​បងប្អូន​បី​នាក់ រលំ​ផ្ទះ​ស្លាប់​អស់ហើយ​ក៏​ចូល​ទៅ​សុំ​លា​ឧបជ្ឈាយ៍​សឹក​ទៅ​ផ្ទះ​វិញ ។ ឧបជ្ឈាយ៍​ឃាត់​ឱ្យ​បង្អង់​សិន ទើប​សាមណេរ​នោះ​ទៅ​គង់​ក្នុង​ព្រៃធំ ស្រាប់តែ​បានឃើញ​ទេវតា​បី​រូប ហោះ​ចុះឡើង​សប្បាយ​រីករាយ​ក្នុង​ព្រៃ ក៏​សួរ​ឧបជ្ឈាយ៍​ៗ ក៏​ឱ្យ​សួរ​ចំពោះ​ទេវតា​ផ្ទាល់​ខ្លួនឯង សាមណេរ​ក៏​សួរ​ទៅ​ទេវតា​ទាំងនោះ​ថា អ្នកជា​អ្វី បាន​ធ្វើ​កម្ម​អ្វីខ្លះ​ពី​ជាតិ​មុន ? ទេវតា​ទាំងនោះ​មិន​ប្រាប់​ដោយ​ខ្លួនឯង​ទេ គ្រាន់តែ​ប្រាប់​ថា​ចាំ​សួរ​ប្រេត​ទាំង​ពីរ​នៅ​ខាងក្រោយ ។

មួយស្របក់​ប្រេត​ទាំង​ពីរ​ក៏​មក​ដល់ សាមណេរ​ឃើញ នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ពន់ពេក ទើប​សួរ​ទៅ​កាន់​ប្រេត​នោះ​ថា អ្នក​បាន​ធ្វើអំពើ​ដូច​ម្តេច​ខ្លះ កាលពី​ជាតិ​មុន ? អ្នក​ស្គាល់​ទេវតា​ដែល​ហោះ​មុន​នេះ​ទេ ? កាលពីដើម​ទេវតា​នោះ​ធ្វើ​កម្ម​អ្វី ? អាត្មា​ចង់​ដឹង​ណាស់ ព្រោះ​មិន​ដែល​ឃើញ ។

ប្រេត​និយាយ​ប្រាប់​សាមណេរ​នោះ​ថា ខ្ញុំព្រះករុណា​កាលពី​ជាតិ​មុន នៅ​ក្រុង​ពារាណសី ជា​មនុស្ស​កំណាញ់ គ្មាន​សទ្ធា​ជឿ​ក្នុង​គុណព្រះពុទ្ធ​សាសនា មិន​ដែល​ទៅ​វត្ត​អារាម​នឹង​គេ​ទេ ឯ​ទេវតា​បី​អង្គ​នោះ​ជា​កូនបង្កើត​របស់ខ្ញុំ​ព្រះករុណា កាលពី​ជាតិ​មុន បាន​ធ្វើបុណ្យ​ទាន​ក្នុង​សំណាក់​ព្រះ​ស​ង្កិ​ច្ច​ភិក្ខុ ដល់​ពេល​មាន​ខ្យល់ព្យុះ​ធំ រលំ​ផ្ទះ​ស្លាប់ បាន​មក​កើតជា​ទេវតា​នេះឯង ឯខ្ញុំ​ព្រះករុណា ជា​ឪពុក​ម្តាយ​ស្លាប់​ក្នុង​ពេល​រលំ​ផ្ទះ​នោះ​ដែរ បាន​មក​កើតជា​ប្រេត​នៅ​ពេល​នេះ ។

ចំណែក​លោក​ម្ចាស់ ក៏​មិនមែន​អ្នក​ដទៃ គឺជា​កូនក្មួយ​បង្កើត​របស់ខ្ញុំ​ព្រះករុណា ។ គ្រាន់តែ​ឮ​ដូច្នេះ​ហើយ ប្រេត​និង​ទេវតា ក៏​បាត់​រូប​លែង​ឃើញ​តាំងពី​ពេល​នោះ​មក ។

សាមណេរ​ក៏​កើតក្តី​សង្វេគ​ឥត​ឧបមា​ហើយ​និមន្ត​ទ​ភ​កាន់​សំណាក់​ព្រះ​ឧបជ្ឈាយ៍​ដើម្បី​បំពេញ​ឧបសម្បទា មិនយូរ​ប៉ុន្មាន ក៏​បាន​សម្រេចមគ្គផល​ជា​ព្រះ​អហរ​ន្ត​ទៅ​កាន់​ទី​រំលត់ទុក្ខ ៕