ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​នេះ​មិន​ប្រក្រតី​ទេ​…​ពិត​ឬ​ដែល​ប៉ូលិស​ឃុបឃិត​ដោះ​លែង​ស្ត្រីជន​សង្ស័យ?

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ជន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រុស​ស្រី​៤​នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​សរុប​ទម្ងន់​២៦,១១​ក្រាម​ក្រោយ​ពី​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ រួច​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​បែរជា​មានការ​ឆោឡោ​ថា បាត់​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ដោយ​មិនដឹង​មូលហេតុ​ទៅ​វិញ ។ ទាក់ទិន​នឹង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឈាន​ទៅ​ឃាត់ខ្លួន​មនុស្ស​៤​នាក់…

ខេត្ត​កែប ៖ ជន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រុស​ស្រី​៤​នាក់​រួម​ជាមួយ​ថ្នាំ​ញៀន​សរុប​ទម្ងន់​២៦,១១​ក្រាម​ក្រោយ​ពី​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ រួច​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​បែរជា​មានការ​ឆោឡោ​ថា បាត់​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​ដោយ​មិនដឹង​មូលហេតុ​ទៅ​វិញ ។

ទាក់ទិន​នឹង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឈាន​ទៅ​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ស្រាប់តែ​បាត់​ម្នាក់​ដូច​ខាងលើ លោក​វរសេនីយ៍ឯក ងួ​ន សា​ម៉េ​ត ស្នងការ​រង​ទទួល​ផែន​បទល្មើស​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ពិស្តា​យ៉ាងណា​ដល់​អ្នក​យក​ព័ត៌មាន​នៅឡើយ​ទេ តែ​លោក​សុំ​ពន្យា​ពេល​បន្តិច​សិន ។

ជាមួយនឹង​ករណី​ដដែល​នេះ​បើ​តាម​ប្រភព​ជាក់លាក់​បាន​រាយការណ៍​ថា ក្នុង​ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​គ្រឿងញៀន​នេះ មុន​ដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ប្រុស​៣​នាក់ និង​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់​ក្នុង​នោះ​១​កញ្ចប់​ធំ ។ លុះ​សួរនាំ​ជនសង្ស័យ​ទាំង​៣​ទើបបាន​ឈាន​ទៅ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​មេខ្លោង​ត្រង់​ចំណុច​ហាង​ខារ៉ាអូខេ​៩៩៩៩ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប ដោយ​ដកហូត​ថ្នាំ​ញៀន​បាន​១​កញ្ចប់​ធំ ទម្ងន់ ២​ក្រាម រួច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ភ្លាម​ៗ ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​នាំ​ខ្លួន​ស្ត្រី​ជា​មេខ្លោង​មក​ឃុំឃាំង​សមត្ថកិច្ច​បែរជា​ធ្វេសប្រហែស​ធ្វើ​ឱ្យ​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​នេះ​រត់​បាត់​នៅ​វេលា​ម៉ោង​២​និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ទើប​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​លោកស្នងការ​នគរបាល​ខេត្ត​កែប​ក៏​បាន​ដាក់​បញ្ជា​ឱ្យ​ឃុំ ខ្លួន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំនួន​៣​នាក់ នៅ​ក្នុង​បន្ទប់ ដើម្បី​ស៊ើបអង្កេត​តាមដាន និង​សូរ​នាំ​តែ​ម្តង ដោយ​ចំណាត់ការ​នេះ​គឺ​ប្រដូច​ទៅ​នឹង​ករណី​ចោរ​រត់​បាត់ ម្ចាស់ផ្ទះ​ត្រូវ​តែ​មានទោស ។

ជុំវិញ​ករណី​ដ៏​កម្រ​ខាងលើ​លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ថា​សមត្ថកិច្ច​ពិតជា​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​បាន​ចំនួន ២៦,១១​ក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​(​ប្រុស​៣ ស្រី​១)​ប្រាកដ​មែន ប៉ុន្តែ​ព្រឹក​ឡើង​បែរជា​បាត់​ជនសង្ស័យ​ម្នាក់​ជា​មនុស្ស​ស្រី​ដោយ​មិនដឹង​មូលហេតុ​ទៅ​វិញ ។

លោកស្នងការ​បាន​បន្ត​ថា បើ​ករណី​បាត់​ជនសង្ស័យ​ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​របស់​សមត្ថកិច្ច​មែន គឺ​ដាច់ខាត​លោក​មិន​អត់ឱន​នោះ​ឡើយ​គឺ​ត្រូវ​តែ​ទទួលទោស​ទណ្ឌ​មិន​អាច​លើកលែង ។ ដោយឡែក​បើ​ករណី​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង វា​គ្រាន់តែ​ការ​ធ្វេសប្រហែស​ដែល​សមត្ថកិច្ច​ជំនាញ​គ្មាន​ទំនួល​ខុស​ត្រូវ​ហើយ​សមត្ថកិច្ច​ជំនាញ​នេះ​ក៏​ត្រូវ​តែ​ទទួលទោស​ទណ្ឌ​តាម​ច្បាប់​របស់​កងកម្លាំង​សមត្ថកិច្ច​ដោយ​មិន​អាច​លើកលែង បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ