ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ​មក​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​ត្រូវ​មើល​ចំណីអាហារ​ឲ្យ​បាន​ហ្មត់ចត់

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ចំណីអាហារ និង​សម្ភារ​ប្រើប្រាស់​នៅ​តាម​ទីផ្សារ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ អភិបាល​ខេត្តព្រះវិហារ​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល ខេត្តព្រះវិហារ​ត្រូវ​ចុះ​មក​ត្រួតពិនិត្យ និង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ចំណីអាហារ និង​សម្ភារ​ប្រើប្រាស់…

ខេត្តព្រះវិហារ ៖ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ចំណីអាហារ និង​សម្ភារ​ប្រើប្រាស់​នៅ​តាម​ទីផ្សារ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ អភិបាល​ខេត្តព្រះវិហារ​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល ខេត្តព្រះវិហារ​ត្រូវ​ចុះ​មក​ត្រួតពិនិត្យ និង​ណែនាំ​ដល់​អាជីវករ​លក់ដូរ​ចំណីអាហារ និង​សម្ភារ​ប្រើប្រាស់ នៅ​តាម​ទីផ្សារ ក្នុង​ខេត្តព្រះវិហារ​ឲ្យ​បាន​ហ្មត់ចត់ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ លោក​អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា​ពិសេស​ជំនាញ​កាំកុងត្រូល​ប្រចាំ​ខេត្តព្រះវិហារ​ត្រូវ​តែ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ដែល​កំពុង​លក់ដូរ​ចំណីអាហារ​ក៏​ដូច​ជា ទំនិញ​គ្រប់​ប្រភេទ នៅ​តាម​បណ្តា​ផ្សារ​នានា និង​ហាង​លក់ទំនិញ​ផ្សេង​ឲ្យ​ពួក​គាត់​យល់​ដឹង​ពី​ផលិតផល​ដែល​មានគុណ​ភាព​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​ការ​លក់ដូរ​ទំនិញ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ទូទៅ ព្រោះ​ពេល​នេះ​ជា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​នេះ​ផង ។

លោក​អភិបាលខេត្ត​បន្ត​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព​នូវ​ចំណីអាហារ​របស់​ប្រជាជន មន្ត្រី​ជំនាញ​ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ត្រួតពិនិត្យ​ទៅ​លើ​ចំណីអាហារ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ និង​ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ឲ្យ​បាន​ញឹកញាប់ ព្រោះ​ប្រសិនបើ​ចំណីអាហារ​ដែល​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី ឬ​ទំនិញ​ខូចគុណភាព​នោះ វា បណ្តាល​ឲ្យ​អ្នក​ទទួលទាន និង​អ្នក​ប្រើប្រាស់​ជួប​បញ្ហា​ប៉ះពាល់​ដល់​សុខភាព ។

តែ​ទោះជា​បែប​នេះ​ក្តី​លោក ដួង មុន្នី ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ​បាន​អះអាង​ថា លោក និង​មន្ត្រី​របស់​លោក​ផ្ទាល់​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​អាជីវករ​ផ្សារ​ក្នុង​ខេត្តព្រះវិហារ​ជា​រឿយ​ៗ នឹង​បាន​ណែនាំ​ឲ្យ​អាជីវករ​ទាំងអស់​ត្រូវ​តែ​គោរព​ទៅ​តាម​គោល​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ដោយ​ចៀសវាង​ការ​លក់ដូរ​ចំណីអាហារ​ក៏​ដូច​ជា ទំនិញ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ជា​ដាច់ខាត ។

លោក​ថា ប្រសិនបើ​រក​ឃើញ​អាជីវករ​ណា​ដែល​លក់ដូរ​ទំនិញ ឬ​ចំណីអាហារ​ដែល​មាន​ផ្ទុក​ដោយសារ​ធាតុគីមី ឬ​ខូចគុណភាព មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​នឹង​ប្រមូល​យក​ធ្វើការ​ក​ម្ទេ ច​ចោល​ភ្លាម និង​ឲ្យ​អាជីវករ​នោះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លក់ទំនិញ​ខូចគុណភាព​បន្ត​ទៀត តែ​ប្រសិនបើ​គ្មាន​ការ​រៀងចាល​ទេ​នោះ​នឹង​ត្រូវ​ទទួលទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ។

ទន្ទឹម​នេះ​ដែរ​លោក​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អាជីវករ​ដែល​រស់នៅ​ក្នុង​ខេត្តព្រះវិហារ​មានការ​យល់​ដឹង​ច្រើន​លើ​សុវត្ថិភាព ចំណីអាហារ​ជា​ប្រចាំ​ថ្ងៃ តែ​ទោះជា​បែប​នេះ​ក្តី លោក​ថា ជំនាញ​កាំកុងត្រូល​នឹង​រៀបចំ​កម្មវិធី​បង្រៀន និង​ណែនាំ​ដល់​អាជីវក​រទាំង​អស់ពី​ផល​ប៉ះពាល់ និង​ផលប្រយោជន៍​នៃ​សុវត្ថិភាព​ចំណីអាហារ ។ លោក​ថា ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​អាជីវករ​ក៏​ដូច​ជា ប្រជាជន​ទាំងអស់​មានការ​យល់​ដឹង​ច្រើន ពី​គុណប្រយោជន៍​នៃ​សុវត្ថិភាព​ចំណីអាហារ ។

លោក សេង ប៊ុ​ន​លី ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ព្រះ​វិហារ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ បន្លែ ផ្លែ​ឈើ និង​សាច់សត្វ​ជា​ច្រើន​ទៀត ដែល​ដាក់​លក់​នៅ​តាម​ទីផ្សារ បាន​ហូរ​ចូល​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ដោយ​មិនដឹង​ថា ប្រភេទ ទំនិញ​ទាំង​អស់នោះ មាន​សុវត្ថិភាព​នោះ​ទេ និង​អាច​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី ធ្វើ​ឲ្យ​ខូចសុខភាព​អ្នក​បរិភោគ ។ តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​ក៏​បាន​សម្តែង​នូវ​ការ​រីករាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​មន្ត្រី​ជំនាញ ពិសោធន៍ សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ មាន​វិធានការ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​ចំណីអាហារ​នៅ​តាម​ទីផ្សារ ព្រោះ​អាច​ផ្តល់​ផល ប្រយោជន៍​ច្រើន​សម្រាប់​ប្រជាជន​ទាំងអស់​ដែល​ទិញ​ចំណីអាហារ​ពី​ផ្សារ មក​បរិភោគ ឬ​យក​មក​ចម្អិន​ផ្សេង​ៗ ដោយ​ធានា​បាន​នូវ​គុណភាព​អនាម័យ និង​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ