ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅទីបញ្ជាការវរសេនាតូចលេខ៥៣៣ ស្ថិតនៅភូមិឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចំណុះឲ្យកងពលតូចថ្មើរជើងលេខ៥៣ បានរៀបចំពិធីប្រគល់ និងទទួល អំពូលភ្លើងសូឡា ចំនួន១៥គ្រឿង សម្រាប់បំភ្លឺផ្លូវចូល និងប្រគល់ឲ្យទីបញ្ជាការកងពលលេខ៥៣ ចំនួន២គ្រឿង ដែលជាអំណោយរបស់ដៃគូសម្ព័ន្ធមេត្រីភាពពីក្រុមហ៊ុន ស៊ារិកានវឌ្ឍនៈ ឌីវេឡុបមេន។
ក្នុងកិច្ចទទួលស្វាគមន៍ និងទទួលសម្ភារនេះ លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការរង នាយសេនាធិការ កងពលលេខ៥៣ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ជា ភួងភិរម្យ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការកងពលតូច ថ្មើរជើងលេខ៥៣ បានបញ្ជាក់ថា នេះជាទឹកចិត្តសប្បុរសជនដែលបានមើលឃើញការខ្វះខាតរបស់អង្គភាព ដែលកន្លងមកតែងតែជួយឧបត្ថម្ភកង្ហារក្នុងបន្ទប់ប្រជុំ ជីរសម្រាប់ដាក់ដំណាំ កូនឈើមានដើមក្រូចឆ្មារ សម្រាប់ដាំនៅក្នុងអង្គភាព ដើម្បីបំពេញការខ្វះខាតក្នុងការធានាជីវភាពរបស់កងទ័ពបន្ថែមទៀត។
បន្ទាប់មកលោក ប៊ុន វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន ស៊ារិកានវឌ្ឍនៈ ឌីវេឡុបមេនបានថ្លែងថា ក្រុមហ៊ុនតែងតែមើលជាប្រចាំរាល់កង្វះ ខាតណា ដែលក្រុមហ៊ុនអាចជួយបន្ថែមទៀតបាន គឺនៅក្នុងខែវិច្ឆិកា ខាងមុខនេះក្រុមហ៊ុននឹងជួយបន្ថែមសូឡា ចំនួន២០គ្រឿងបន្ថែមទៀតសម្រាប់បំភ្លឺផ្លូវចូលក្នុងទីបញ្ជាការកងពលលេខ៥៣ ដែលពីមុនមកមិនធ្លាប់មាន នៅតំបន់ក្នុងព្រៃស្ងាត់ជ្រងំនេះសោះ។
ក្នុងនាម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងវរសេនាតូច លេខ៥៣៣ សូមថ្លែងអំណរគុណ និងជូនពរលោកអគ្គនាយក ក្រុមហ៊ុន ស៊ារិកាន វឌ្ឍនៈ ឌីវេឡុបមេន និងលោកស្រី ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ចែករំលែកព័តមាននេះ