ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

9​ខែ គ្រឹះស្ថាន​អង្គរ​បាន​ចំណូល​ជាង​85​លាន ដុល្លារ​ពី​ការ​លក់​សំបុត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ គ្រឹះស្ថាន​អង្គរ​ទទួល​បាន​ចំណូល​ចំនួន​៨៥.៥៧៩.៥២៣​ដុល្លារ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង​ប្រមាណ​១៣,០៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ កន្លង​ទៅ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ដែល​កោះសន្ដិភាព​ទទួល​បាន​នៅ​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ គ្រឹះស្ថាន​អង្គរ​ទទួល​បាន​ចំណូល​ចំនួន​៨៥.៥៧៩.៥២៣​ដុល្លារ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង​ប្រមាណ​១៣,០៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ កន្លង​ទៅ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ដែល​កោះសន្ដិភាព​ទទួល​បាន​នៅ​ថ្ងៃ​ទី​១ ខែតុលា ម្សិលមិញ ។

សេចក្ដី​ប្រកាស​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ មាន​ចំនួន​ជាង​១,៩​លាន​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន កើនឡើង​៨,៤៧%​។ ដោយឡែក​សម្រាប់​ខែកញ្ញា កន្លង​ទៅ​នេះ ចំណូល​សរុប​ដែល​បាន​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន​៦.៨០១.៣១៥​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​ខែកញ្ញា​ឆ្នាំ​មុន កើនឡើង​៥,១៧%​ខណៈ​ដែល​ភ្ញៀវ​ចូល​ទិញ​សំបុត្រ​មាន​ចំនួន​១៥៦.៨៦៥​នាក់ កើនឡើង​៨,៣០% បើ​ធៀប​នឹង​ខែកញ្ញា ឆ្នាំ​មុន »​។
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​លើក​ឡើង​ថា ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​កើន​ឡើងជា​លំដាប់ ដែល​ជា​ការ​ជំរុញ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ ពិសេស​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ធ្វើ​យ៉ាងណា​ឱ្យ​មាន​ផលិតផល​ទេសចរណ៍ ក៏​ដូច​ជា​សម្បទាន​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​មាន​ភាព​សម្បូរ​បែប​សម្រាប់​បំពេញតម្រូវការ​របស់​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« សៀមរាប​ជា​ប៉ូ​ល​ទេសចរណ៍​សំខាន់​ធំ​មួយ ក្នុង​ចំណោម​ប៉ូ​ល​ទេសចរណ៍​សំខាន់​ៗ​ដទៃ​ទៀត​នៅ​កម្ពុជា ពិសេស​មាន​ប្រាសាទអង្គរវត្ត និង​តំបន់​បេ​តិក​ភ័​ណ្ឌ​ជា​ច្រើន​ទៀត ។ ចំពោះ​ការ​វិនិយោគ​ផ្សេង​ៗ ត្រូវ​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​រវាង​ដៃគូ​រដ្ឋ និង​ដៃគូ​ឯកជន ដើម្បី​ពិភាក្សា​គ្នា​ស្វែងរក​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ដ៏​សំខាន់​មួយ​នេះ »​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ងូវ សេង​កាក់ បាន​លើក​ឡើង​ថា សម្រាប់​ពេល​ខាង​មុខ ភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ទេសចរ​ចិន នឹង​មក​ទស្សនា​ខេត្តសៀមរាប​កាន់តែ​ច្រើន​ថែម​ទៀត ។ ផ្តើម​ពី​នោះ​ទាំង​ថ្នាក់ដឹកនាំ​ខេត្ត រួម​ទាំង​មន្ទីរ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​បាន​និង​កំពុង​ខិតខំ​រួម​គ្នា​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ សំខាន់​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ។ ទន្ទឹម​នោះ បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើត​ឡើង​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ។ ទោះជា​យ៉ាងនេះ​ក្ដី លោក​ថា ៖« ដើម្បី​ពង្រឹង​និង​ពង្រីក ឬ​ក៏​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ ឬ​ផលិតផល​ទេសចរណ៍​ថ្មី​បាន លុះត្រាតែ​មានការ​សហការ ឬ​ការ​ចូលរួម​ពី​គ្រប់​ផ្នែក​ទាំងអស់ ក្នុង​នោះ​សំខាន់​គឺ​ដៃគូ​មិន​អាច​ខ្វះ​បាន​ពី​វិស័យ​ឯកជន​តែ​ម្តង » ។ ទន្ទឹម​នឹង​នោះ តាម​រយៈ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល រួម​ទាំង​គោលការណ៍ និង​ការ​ណែនាំ​ជា​ប្រចាំ​របស់​ក្រសួងទេសចរណ៍ លោក​រំពឹង​ថា ៖« វិស័យ​ទេសចរណ៍ នៅ​ទូ​ទាំង​ប្រទេស​និយាយ​រួម និង​និយាយ​ដោយឡែក​នៅ​ខេត្តសៀមរាប នឹង​ដំណើរការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ