ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាមួយ ដែលបង្កឡើងដោយយុវជន៣នាក់ផឹកស៊ីទំនាស់ពាក្យសំដីគ្នា រហូតឈានដល់ទាញពូថៅកាប់គ្នាបណ្តាលឲ្យរងរបួសធ្ងន់២នាក់ នៅភូមិកាប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ជនសង្ស័យឈ្មោះ ណែម តុលា អាយុ ២៣ឆ្នាំ ភេទប្រុស ចំណែករងគ្រោះទាំង២នាក់រួមមាន ម្នាក់ឈ្មោះ សាំង វិសាល អាយុ២០ឆ្នាំ ភេទប្រុស បានរងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះលីម កាត់ អាយុ២៩ឆ្នាំ បានរងរបួសធ្ងន់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន១ក្រុមមានគ្នា៣នាក់ បានអង្គុយផឹកស៊ីជាមួយគ្នានៅចំណុចកើតហេតុខាងលើរហូតស្រវឹងជោករៀងៗខ្លួន។ ក្រោយមកស្រាប់តែឮសូរប្រកែកគ្នាខ្លាំងៗហើយបបួលវ៉ៃគ្នាដោយមិនដឹងផ្តើមចេញពីមូលហេតុអ្វីនោះទេ។ ទាំងជនរងគ្រោះ និងជនសង្ស័យត្រូវជាមិត្តភក្តិនឹងគ្នា ហើយរស់នៅភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ ជាមួយគ្នាទៀតផង។
រំពេចនោះជនសង្ស័យឈ្មោះ ណែម តុលា អាយុ ២៣ឆ្នាំ ភេទប្រុស បានទាញពូថៅកាប់ទៅលើយុវជនរងគ្រោះចំនួន២នាក់ខាងលើ ក្នុងនោះឈ្មោះ សាំង វិសាល ត្រូវជនសង្ស័យកាប់ចំលើត្រចៀកខាងស្តាំ១ពូថៅ និងចំស្មាខាងស្តាំ១ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកឈ្មោះលីម កាត់ ក៏ត្រូវជនសង្ស័យកាប់ចំក្បាលខាងស្តាំ១ពូថៅ និងចំឆ្អឹងជំនីខាងស្តាំ១ពូថៅ បណ្ដាលឲ្យហូរឈាមជោកខ្លួន របួសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីកើតហេតុភ្លាម ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ ចំពោះជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លួនដើម្បីយកមកទទួលខុសត្រូវចំពោះមុខច្បាប់៕
ចែករំលែកព័តមាននេះ