ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ដល់​ថ្នាក់​ហ្នឹង​…​ទីតាំង​៤​កន្លែង​ប៉ះ​សុទ្ធតែ​ខ្សែ​អធិការ​ផង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយ​​លេខ​​​ចំនួន​៤​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា នៅ​ស្រុក​សំឡូត ស្រាប់តែ​បែកធ្លាយ​ព័ត៌​មាន​ជា​ហូរ​ហែម​កថា មេ​កន្ទុយលេខ​ទាំង​៤​ទីតាំង​នោះ​សុទ្ធ​សឹង​ជា​កន្លែង​ដែល​ការពារ​យ៉ាង​រឹង​មាំ​ដោយ​លោក​អធិការ​នគរបាល​ស្រុក​តែ​លោក​អធិការ​រូប​នេះ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ។​…

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយ​​លេខ​​​ចំនួន​៤​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា នៅ​ស្រុក​សំឡូត ស្រាប់តែ​បែកធ្លាយ​ព័ត៌​មាន​ជា​ហូរ​ហែម​កថា មេ​កន្ទុយលេខ​ទាំង​៤​ទីតាំង​នោះ​សុទ្ធ​សឹង​ជា​កន្លែង​ដែល​ការពារ​យ៉ាង​រឹង​មាំ​ដោយ​លោក​អធិការ​នគរបាល​ស្រុក​តែ​លោក​អធិការ​រូប​នេះ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ។​

​កម្លាំង​កង​អន្តរាគមន៍​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ទ​ទូល​បទបញ្ជា​ពី​លោកស្នងការ ឲ្យ​ចុះ​បង្ក្រាប​ល្បែង​កន្ទុយលេខ​នេះ​បាន​ឲ្យ​ដឹង​ថា កម្លាំង​កង​អន្តរា​គន​មន៍​បង្ការ បង្ក្រាប បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ចំនួន​៤​គោលដៅ​ធំ​ៗ​នៅ​ក្នុង​ឃុំ​កំពង់​ល្ពៅ ឃុំ​ស៊ុ​ង និង​ឃុំ​តា​សាញ ស្រុក​សំឡូត ។ ទីតាំង​កត់​កន្ទុយលេខ​ទាំងនេះ និង​ជា​ច្រើន​កន្លែង​ទៀត​ដែល​កំពុង​ដំណើរការ​ពាសពេញស្រុក​សំឡូត សុទ្ធតែ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​«​ឆ្នោត​ខ្មែរ​» ។​

​បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេ​កន្ទុយ​លេខ​​​ចំនួន​៤​នាក់​មាន ៖ ទី​១-​ឈ្មោះ មាស យី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត​, ទី​២-​ឈ្មោះ ជួន សៀ​ក​ហេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​អូរ​ទទឹម ឃុំ​តា​សាញ ស្រុក​សំឡូត មាន​ទីតាំង​កត់​កន្ទុយលេខ​នៅ​ក្នុង​ផ្សារ​, ទី​៣-​ឈ្មោះ ងឿ​ន រី​ណា ភេទ​ស្រី អាយុ​​២៩​ឆ្នាំ និង​៤-​ឈ្មោះ គ្រី សុ​គុណ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​​កំពង់​ល្ពៅ ស្រុក​សំឡូត ។ ក្រៅពី​ឃាត់ខ្លួន​មេ​កន្ទុយលេខ​ចំនួន​៤​នាក់ នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វ​ត្តុ​តាង​មួយ​ចំនួន​ផង​ដែរ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ ។​

​ជាមួយនឹង​ការ​បង្ក្រាប​មេ​កន្ទុយលេខ​នៅ​ស្រុក​សំឡូត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មកនេះ ស្រាប់តែ​បែកធ្លាយ​នូវ​រឿងអាស្រូវ​ជា​ច្រើន​រវាង​មេ​កន្ទុយលេខ​និង​មន្ត្រី​នគរបាល ។ ជា​ពិសេស​លោក​អធិការ​ស្រុក​សំឡូត​តែ​ម្ដង ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​កៀក​បំផុត​ជាមួយនឹង​ល្បែង​កន្ទុយលេខ​នេះ ។​

​ប្រភព​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុកចិត្ត​មួយ​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន​ទីតាំង​កត់​កន្ទុយលេខ​នៅ​ក្នុងស្រុក​សំឡូត​មាន​ស្ទើរ​គ្រប់​ទីកន្លែង ទាំង​នៅ​តាម​បណ្ដា​ឃុំ​និង​នៅ​ក្នុង​ផ្សារ​ស្រុក​សំឡូត ។ ទីតាំង​ទាំងនោះ សុទ្ធតែ​មាន​សមត្ថកិច្ច​ធ្វើ​ជា​ខ្នងបង្អែក​យ៉ាង​រឹង​មាំ​ទៀត​ផង ។

​ប្រភព​ដដែល​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​រាល់​ទីតាំង​កត់​កន្ទុយលេខ​ទាំងនោះ​ត្រូវ​បង់​សំណូក​ឲ្យ​លោក​អធិការ​ស្រុក ក្នុង​១​ខែ​ចាប់ពី​២០​ដុល្លារ​រហូត​ដល់​១០០​ដុល្លារ តាម​ទីតាំង​តូច​ឬ​ធំ ។ ប៉ុន្តែ​ប្រហែល​៣​ឬ​៤​ខែ​កន្លង​ទៅ​នេះ ក៏​បាន​កែប្រែ​កម្មវិធី​តាម​បទបញ្ជា​លោក កោ ស៊ុន​កាំ​ង អធិការ​នគរបាល​ស្រុក​វិញ ។​

​មន្ត្រី​មួយ​រូប​ក៏​បាន​ទម្លាយ​នូវ​រឿង​នេះ​ស្រ​ដៀង​គ្នា​នឹង​ប្រភព​ខាងលើ​ដែរ​ថា ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ លោក កោ ស៊ុន​កាំ​ង អធិការ​នគរបាល​ស្រុក​សំឡូត បាន​ដាក់​ផែនការ​ឲ្យ​នាយ​ប៉ុស្ដិ៍​គ្រប់​ឃុំ កោះហៅ​មេ​កន្ទុយលេខ​ដែល​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ឲ្យ​ចូល​ទៅ​កាន់​ប៉ុស្ដិ៍​ដើម្បី​ប្រជុំ​ពិភាក្សា​គ្នា​អំពី​រឿង​កត់​កន្ទុយលេខ ។​

​មន្ត្រី​រូប​នេះ​និយាយ​ថា លោក កោ ស៊ុន​កាំ​ង បាន​ណែនាំ​ឲ្យ​នាយ​ប៉ុស្តិ៍​ទាំងអស់ ត្រូវ​ចាប់បង្ខំ​មេ​កន្ទុយលេខ​ទាំងនោះ​ឲ្យ​ខាង​តែ​បាន ដាច់ខាត​ត្រូវ​តែ​លក់​ឡើង​ឲ្យ​មេ​ឆ្នោត​ដ៏​ធំ​ម្នាក់​ឈ្មោះ ប៊ុ​ន ចាន់​តូ ដែល​ប្រភព​ខ្លះ​ថា មេ​ឆ្នោត​ដ៏​ធំ​នេះ​នៅ​បាត់ដំបង និង​ខ្លះ​ទៀត​ថា​នៅ​ខេត្ត​ប៉ៃលិន ។ បើ​អ្នក​កត់​កន្ទុយលេខ​ណា​មិន​ព្រម​ឡើង​ឲ្យ​មេ​ធំ​ឈ្មោះ ប៊ុ​ន ចាន់​តូ នោះ​ទេ លោក​អធិការ​រូប​នេះ​នឹង​បញ្ជា​ឲ្យ​បង្ក្រាប​ភ្លាម​ៗ​តែ​ម្ដង ព្រោះ​ឈ្មោះ ប៊ុ​ន ចាន់​តូ នេះ​ជា​អ្នក​ម៉ៅ​ផ្ដាច់​នៅ​ក្នុងស្រុក​សំឡូត ។​

​ប្រភព​ដដែល​ឲ្យ​ដឹង​ថា សព្វថ្ងៃ​មាន​ទីតាំង​កត់​កន្ទុយលេខ​ច្រើន​ស្អេកស្កះ កំពុង​បើក​ដំណើរ​
​ការ​យ៉ាង​អនាធិបតេយ្យ​ពាសពេញស្រុក​សំឡូត ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​«​ឆ្នោត​ខ្មែរ​» ដែល​សកម្មភាព​នេះ​ហាក់ដូចជា​រៀបចំ​ឡើង​ដោយ​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​តែ​ម្ដង ។

ប៉ុន្តែ​មិនមែន​មាន​តែ​លោក​អធិការ​មួយ​រូប​ទេ ដែល​កំពុង​ស្ថិត​នៅ​ពីក្រោយ​ល្បែង​កន្ទុយលេខ​នេះ គឺ​នៅ​មាន​លោក​អធិការរង​មួយ​រូប​ទៀត ក៏​កំពុង​បែងចែក​ទឹកដី​ការពារ​ល្បែង​នេះ​យ៉ាង​ពេញទំហឹង​នៅ​ក្នុងស្រុក​សំឡូត​នេះ​ដែរ ។​

​ជុំវិញ​ការ​ចោទប្រកាន់​ពី​ប្រភព​ខាងលើ​នេះ​លោក​អធិការ កោ ស៊ុន​កាំ​ង បាន​បំភ្លឺ​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ ក្រោយ​ពេល​មានការ​បង្ក្រាប​ល្បែង​នេះ​ថា លោក​មិន​ដែល​ទទួល​បាន​
​លុយ​៥​ពាន់​ឬ​១​ម៉ឺន​រៀល​ពី​មេ​កន្ទុយលេខ​ទាំងនោះ​ទេ ហើយ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​មេ​កន្ទុយ​
​លេខ​ទាំងនោះ​ដែរ ។​

​លោក​និយាយ​ថា «​ខ្ញុំ​មិន​ងាយ​ផ្ដេសផ្ដាស​ទេ​» ។ មេ​ឆ្នោត​ទាំងនោះ​សុទ្ធតែ​មាន​អាជ្ញាប័ណ្ណ​ឆ្នោត​ខ្មែរ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា ទីតាំង​កត់​កន្ទុយលេខ​មួយ​ចំនួន​ពិតជា​មាន​លក់​ឆ្នោត​យួន​ឬ​ឆ្នោត​សៀម ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​«​ឆ្នោត​ខ្មែរ​»​មែន ។​

​ផ្ទុយ​ពី​ការ​បកស្រាយ​របស់​លោក កោ ស៊ុន​កាំ​ង ដែល​បាន​អះអាង​ថា មិន​ផ្ដេសផ្ដាស​ជាមួយនឹង​ល្បែង​កន្ទុយលេខ​នេះ មេ​កន្ទុយលេខ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ឆ្លើយ​ថា​«​សព្វថ្ងៃ​ខ្ញុំ​លក់​ឆ្នោត​យួន​.. ខ្ញុំ​ដឹង​ថា​ខុសច្បាប់​ដែរ តែ​ដោយសារ​មាន​មេ​ឆ្នោត​ធំ​ឈ្មោះ ប៊ុ​ន ចាន់​តូ ជា​អ្នក​ធានា​ខុស​ត្រូវ​ទើប​ខ្ញុំ​ហ៊ាន​» ។ មេ​កន្ទុយលេខ​រូប​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ដំបូង​មាន​លោក​មេ​ប៉ុស្ដិ៍​ម្នាក់​បាន​នាំ​មេ​ឆ្នោត​ធំ​ឈ្មោះ ប៊ុ​ន ចាន់​តូ ទៅ​ជួប​ខ្លួន​ដល់​ផ្ទះ​ដោយ​និយាយ​ណែនាំ​ឲ្យ​ខ្លួន​លក់​ឡើង​ឲ្យ​គាត់ (​ប៊ុ​ន ចាន់​តូ​) ។​

​ពេល​នោះ​មេ​កន្ទុយលេខ​ឈ្មោះ ប៊ុ​ន ចាន់​តូ បាន​និយាយ​ប្រាប់​ខ្លួន​ថា «​លក់​ឡើង​ឲ្យ​ខ្ញុំ​ទៅ​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ទេ ព្រោះ​មាន​អាជ្ញាធរ​ដែនដី​ជា​អ្នក​ទ​ទូល​ខុស​ត្រូវ គឺ​មាន​លោក​មេ​ប៉ុស្ដិ៍​..​និង​លោក​អធិការ​ស្រុក​» ។ ដោយសារ​តែ​មានការ​ធានា​គ្រប់​បែប​យ៉ាងនេះ​ហើយ ទើប​ខ្លួន​ហ៊ាន​កត់​កន្ទុយលេខ​រហូត​មក​ដល់​ពេល​នេះ ។​

​ទោះជា​យ៉ាងណា ជុំវិញ​ការ​បង្ក្រាប​ល្បែង​កន្ទុយលេខ​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត មាន​ប្រសាសន៍​ថា ពេល​នេះ​មេ​កន្ទុយលេខ​ត្រូវ​បាន​
​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​ខេត្ត​ហើយ​ដើម្បី​សួរនាំ ។​

​លោក​បញ្ជាក់​ថា រឿង​ការ​ឃុបឃិត​គ្នា​រវាង​មេ​ឆ្នោត​ជាមួយ​សមត្ថកិច្ច​ដែនដី​ក្នុង​ការ​បើក​ល្បែង​កន្ទុយលេខ​នោះ ពេល​នេះ​លោកស្នងការ​ខេត្ត​កំពុង​បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ហើយ ។ ដោយ​ឡែក មេ​កន្ទុយលេខ​ទាំង​៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ បើ​តាម​គោលការណ៍​របស់​លោកស្នងការ គឺ​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សួរនាំ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី ។​

​សូម​បញ្ជាក់​ថា បើ​តាម​ការ​សង្កេត​ជាក់ស្ដែង​ក្នុង​ពេល​នេះ ក្រុម​អ្នក​ប្រព្រឹត្ត​ល្បែងស៊ីសង​នៅ​ក្នុង​ខេត្តបាត់ដំបង ហាក់​កំពុង​កម្រើក​ឡើង​វិញ​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​សមត្ថកិច្ច​ហាក់​រយាល​បន្តិច​ក្នុង​ការ​បង្ក្រាប ។ កន្លង​មក​កម្លាំង​ស្នងការដ្ឋាន​ខេត្ត​បាន​បង្ហាញ​ភាព​សកម្ម​បំផុត​ក្នុង​ការ​ចុះ​បង្ក្រាប​មិន​ថា ល្បែង​កន្ទុយលេខ ឬ​ល្បែង​ប្រភេទ​ណា​ទេ សូ​ម្បី​តែ​ល្បែងភ្នាល់​កីឡា​តាម​ហាង​កាហ្វេ​ក៏​ត្រូវ​បង្ក្រាប​ដូច​ភ្លៀងរលឹម​ដែរ តែ​ពេល​នេះ​ល្បែង​ទាំងនេះ​ហាក់​កំពុង​បង្ក​ភាព​រញ៉េរញ៉ៃ​បំផុត ។​

​ជាក់ស្ដែង ការ​ភ្នាល់​កីឡា​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​ស្រុក​ភ្នំព្រឹក កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន ។ ហាង​កាហ្វេ​នោះ​មាន​ថៅកែ​ឈ្មោះ ទួ ដែល​មាន​ប្រវត្តិ​បើក​ល្បែង​អាប៉ោង តែ​ពេល​នេះ​ល្បែង​អាប៉ោង​ត្រូវ​បាន​ផ្អាក តែ​បើក​ល្បែងភ្នាល់​កីឡា​ដែល​មាន​អ្នក​ប្រព្រឹត្ត​យ៉ាង​កកកុញ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ ។​

​ប្រជាពលរដ្ឋ​និង​មន្ត្រី​មួយ​ចំនួន​រិះគន់​អំពី​ភាព​គ្មាន​សណ្ដាប់​ធ្លាប់ នៃ​ទីតាំង​ភ្នាល់​កីឡា​ក្នុង​ហាង​កាហ្វេ​មួយ​នេះ ។ ប្រជាពលរដ្ឋ​សំណូមពរ​សុំ​ឲ្យ​លោកស្នងការ​ខេត្ត ជួយ​អន្តរាគមន៍​ទប់ស្កាត់​ភាព​រញ៉េរញ៉ៃ​នៃ​ហាង​កាហ្វេ​របស់​លោក​ថៅកែ ទួ នៅ​ស្រុក​ភ្នំព្រឹក​នេះ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ