ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​ជាង​៣០០​នាក់​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយ​ទោស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ជាង​៣០០​នាក់ មក​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ បាន​ស្នើ​សុំ​មក​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស ដើម្បី​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ជាង​៣០០​នាក់ មក​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ បាន​ស្នើ​សុំ​មក​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស ដើម្បី​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ។

លោក ជិន ម៉ា​លី​ន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០២ ខែតុលា​នេះ ពេល​នេះ​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​កំពុង​តែ​ពិនិត្យ​មើល​សំណើរ​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ចំនួន​៣១៩​នាក់ ស្រី​១៣៣​នាក់ មក​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ និង​ពន្ធនាគារ​រាជធានី​ខេត្ត​ផ្សេង​ទៀត ។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក៏​បាន​លើក​ឡើង​ថា ទណ្ឌិត​ដែល​ស្នើ​មក​គណៈកម្មការ​ថ្នាក់​ជាតិ​នេះ​មាន​ចម្រុះ​ទណ្ឌិត ប៉ុន្តែ​តាម​គោលការណ៍​ផ្នែក​មនុស្សធម៌​ក្រុម​គោលដៅ​ដែល​នឹង​ទទួល​បានការ​លើកលែង និង​បន្ធូរ​បន្ថយទោស​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ភាគច្រើន គឺជា​ស្ត្រី​មាន​ផ្ទៃពោះ​ស្ត្រី​មានកូន​នៅ​ជាមួយ ក្នុង​ពន្ធនាគារ​ចាស់ជរា និង អ្នកជំងឺ​នៅ​ក្នុង​ពន្ធនាគារ​ជាដើម ។ ក្រៅពី​នេះ គឺ​អ្នកទោស​ដែល​បាន​កែប្រែ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​តាម​រយៈ​ការ​វាយតម្លៃ​ពី​គណៈកម្មការ​ថ្នាក់​ខេត្ត​ដល់​ថ្នាក់​ជាតិ និង​រយៈពេល​នៃ​ការ​អនុវត្ត​ទោស​របស់​ពួក​គេ ។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​មិន​ទាន់​បញ្ជាក់​ថា មាន​ទណ្ឌិត​ចំនួន​ប៉ុន្មាន​ត្រូវ​លើកលែង និង​បន្ធូរ​បន្ថយទោស​នោះ​ទេ ដោយ​ចាំ​ការ​ពិនិត្យ​សម្រេច​របស់​គណៈកម្មការ​ថ្នាក់​ជាតិ រួច​ធ្វើ​របាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើ​សុំ​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា ។

លោក​បញ្ជាក់​ថា​៖ «​អី​ញ្ចឹ​ង​ទេ អ្នក​ដែល​ស្នើ​មក គឺ​ចំនួន​ប៉ុណ្ណឹង ក៏​ប៉ុន្តែ​អ្នក​ដែល​លើកលែង និង​បន្ធូរ​បន្ថយទោស​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ។ អ្នក​ដែល​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​នឹង​ត្រូវ​ពិចារណា​តាម​លក្ខខណ្ឌ​ដែល​ច្បាប់​បាន​កំណត់ និង​វាយតម្លៃ​ពាក់ព័ន្ធ​នឹង​អត្ត​ច​រិ​ក​ក្នុង​ការ​កែប្រែ​ក្នុង​ពន្ធនាគារ​ជាដើម​» ។ អ្នកនាំពាក្យ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ថ្នាក់​ជាតិ​បាន​ត្រួតពិនិត្យ​លើក​សំណើរ​សុំ​លើកលែង និង​បន្ធូរបន្ថយ​ទណ្ឌិត រួច​ហើយ​ដូច្នេះ​លទ្ធផល​នៃ​ការ​លើកលែង និង​បន្ធូរ​បន្ថយទោស​ទណ្ឌិត គឺ​ទាល់តែ​ព្រះរាជក្រឹត្យ​ចេញ​នោះ​បានដឹង ។

គួរ​ជម្រាប​ជូន​ថា កន្លង​មក​កម្ពុជា​មានកម្ម​វិធី​លើកលែង និង​បន្ធូរ​បន្ថយទោស​ប្រចាំឆ្នាំ​ចំនួន​៣​ដង​ប៉ុណ្ណោះ គឺ​នៅ​ក្នុង​ពិធី​បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ ពិធីបុណ្យ​អុំទូក និង​ពិធីបុណ្យ​ពិសាខបូជា ។ តែ​លោក​ជិន ម៉ា​លី​ន បាន​អះអាង​ថា អំណឹះតទៅ​កម្ពុជា​នឹង​បន្ថែម​ឱកាស​ពិសេស​ៗ​ផ្សេង​ទៀត ដើម្បី​ស្នើ​ឲ្យ​មានការ​លើកលែង និង បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​តាម​អនុសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដូច​ជា នៅ​ពេល​ខាង​មុខ​នេះ​នឹង​មានការ​ស្នើ​សុំ​លើកលែងទោស​ដល់​ទណ្ឌិត​បន្ថែម នៅ​ក្នុង​ពិធីបុណ្យ​អុំទូក និង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា​ជាដើម ។ ទាក់ទិន​នឹង​សំណើរ​លើកលែង និង​បន្ធូរ​បន្ថយទោស​លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​អំពាវនាវ​ឲ្យ​មានការ​លើកលែងទោស​ឬ​ទម្លាក់​បទចោទប្រកាន់​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​មូលដ្ឋាន​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

បើ​តាម​លោក អ៊ូ ច័ន្ទ​រ័​ត្ន យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​ថ្នាក់​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​នាក់ ធ្លាប់​កាន់​តួនាទី​ចាប់ពី​ចៅសង្កាត់​មេឃុំ​ជំទប់​ទី​១​រួម​នឹង​បេក្ខភាព​ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជាដើម កំពុង​ជាប់​ឃុំ​នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​២៩ កក្កដា​កន្លង​មក ។

សូម​ជម្រាប​ថា ជា​គោលការណ៍​ច្បាប់​ទណ្ឌិត​អាច​ស្នើ​សុំ​ឱ្យ​មានការ​បន្ធូរបន្ថយ និង​លើកលែងទោស​បាន​ក្នុង​លក្ខខណ្ឌ​ដែល​ទណ្ឌិត​នោះ​បាន​អនុវត្ត​ទោស​២​ភាគ​៣​ត្រូវ​បាន​លើកលែងទោស និង​អនុវត្ត​ទោស​បាន​១​ភាគ​៣​បាន​បន្ធូរ​បន្ថយទោស ។ តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​ឆ្នាំ​២០១៧ មាន​ចំនួន​២៨,៤១៤​នាក់ ក្នុង​នោះ មាន​ស្រី្ត​២,៤៤៣​នាក់ ។ ក្នុង​ចំណោម​ជន​ជាប់​ឃុំ​ទាំងអស់​មាន​ជាង​៥១​ភាគរយ​ត្រូវ​បាន​ចោទ​ពី​បទល្មើស​គ្រឿងញៀន​មាន​ជាង​១៨​ភាគរយ​ពី​បទ​ប្លន់ និង​លួច​មាន​ស្ថាន​ទម្ងន់ទោស​មាន​ជិត​៨​ភាគរយ​ពី​បទ​ឃាតកម្ម និង​មនុស្សឃាត​, មាន​ជាង​៧​ភាគរយ បទ​រំលោភ​សេពសន្ថវៈ និង​បទល្មើស​ផ្សេង​ៗ​មាន​ជាង​១៣​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ