ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ប្រណីត​ដ៏​កម្រ​​ជា​ច្រើន​ប្រភេទ​ក្នុង​​ប្រាសាទ​ព្រះ​ខ័ន​ទទូល​រង​ការ​បំផ្លាញ

15 ឆ្នាំ មុន

​ខេត្ត​ព្រះ​វិហារ ៖ ឈើប្រណីត​ដ៏​កម្រ​ដែល​ដុះ​ព័​ទ្ធ​​ជុំវិញ​បរិវេណ​ប្រាសាទ​ព្រះ​ខ័​ន មាន​អាយុ​ស្ទើរ​តែ​រាប់​ពាន់​ឆ្នាំ​ ​បច្ចុប្បន្ន​កំពុង​ទទួល​រង​​ការ​កាប់​បំផ្លាញ​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​រស់នៅ​ក្នុង​តំបន់​នោះ​​យ៉ាង​អនាធិប​តេយ្យ​ដោយ​សារ​គ្មាន​វិធាន​ការ​ទប់​ស្កាត់​ឱ្យ​បាន​​ជាក់​ស្តែង​ទេ​។​ ប្រាសាទ​ព្រះ​ខ័​ន​គឺ​ជា​​ប្រាសាទ​ដែល​​​មាន​វ័យ​ចំណាស់​មួយ​នៅ​ក្នុង​ទឹកដី​ខេត្ដព្រះវិហារ។

បើ​តាម​​អ្នក​ស្រុក​រស់នៅ​ក្នុង​តំបន់​នោះ​ជា​ច្រើន​​ឆ្នាំ​​មក​ហើយ​​ឱ្យ​ដឹង​ថា​ មិន​ថា​តែ​រូប​ចម្លាក់​​ផ្សេង​​ៗ​ទេ ​ដែល​ពួក​​គាត់​ជួយ​​ថែរក្សា​​ សូម្បី​តែ​ដើមឈើ​​ដ៏​​មាន​តម្លៃ​​ដុះ​ពេញ​ក្នុង​តំបន់​បុរាណ​នោះ​ ដូច​​ជា​ដើម​ផ្ចិ​ក​ ​រាំង​​ភ្នំ​ ​សុក្រំ ឈើទាល​​​ បេង​ ​នាងនួន​ ​ធ្នុ​ង​ គ្រ​ញូ​​ង​ជា​ដើម ​គឺ​​​ពួក​គាត់​មិន​ហ៊ាន​ប៉ះ​ពាល់​​ទេ ធ្វើ​​ឱ្យ​ដើមឈើ​ខ្លះ​មានមុខ​កាត់​ដល់​ទៅ​១,៦០​​ម៉ែត្រ តែ​បច្ចុ​ប្បន្ន​ឈើ​ទាំងនោះ​ត្រូវ​​​ឈ្មួញ​ទុច្ចរិត​កាត់​ផ្ដួល​ អា​រ​ច្រៀក​យក​ទៅ​លក់​ពាសពេញ​ផ្ទៃ​ប្រទេស​​​ធ្វើ​ឱ្យ​បរិវេណ​ប្រាសាទ​ ស្ថិត​នៅ​កណ្ដាលវាល​​ ព្រោះ​គ្មាន​គម្រប​ព្រៃ​ឈើ​ពណ៌​​បៃតង សម្រាប់​លំអ​ប្រាសាទ​​ទៀត​ទេ ។ រឿង​នេះ​​​ធ្វើ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​​​មានការ​ព្រួយ​បារ​ម្ភ​ណាស់។

ជុំវិញ​ការ​កាប់​បំផ្លាញ​​ឈើប្រណីត ដ៏​កម្រ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះ​ខ័​ន​កំពង់ស្វាយ ស្ថិត​ក្នុង​ឃុំ​រណសិរ្ស​ស្រុក​សង្គម​ថ្មី​​នេះ​ លោក​ក្រូច​ ប៊ុន​​ឌុ​ល ​មេឃុំ​រណ​សិរ្ស​​​ឱ្យ​ដឹង​ថា ​ប្រភេទ​ឈើ​ប្រណីត​​ដ៏​កម្រ​​​នៅ​ក្នុង​ប្រាសាទ​ព្រះ​ខ័​ន​នេះ​ គឺ​មាន​​អាយុ​យូ​រ​​លង់​​ណាស់​មក​ហើយ ​មាន​មុខ​កាត់​ខ្លះ​រហូត​ដល់​ទៅ​១,៦០​ម៉ែត្រ​​ឯណោះ​ ។ ពល​រដ្ឋ​ក្នុង​ឃុំ​រណ​សិរ្ស​ទាំងមូល​តែង​តែ​​​ថែរក្សា​ទុក​​ក្នុង​នោះ​មាន​ដើម​ឈើ​ ខ្លះ​​​អ្នក​មាន​ជំនឿ​​បាន​​​បំបួស​ឱ្យទៅ​ជាដើម​ឈើ​ដែល​មាន​បុ​ណ្យ​​បារ​មី​​ និង​​​រៀង​រាល់​​រដូវ​បុ​ណ្យ​​ទាន​ម្ដង​ៗ​អ្នកស្រុក​តែង​តែ​​​នាំ​គ្នា​ធ្វើ​ពី​ធី​សែនព្រេន ​បួងសួង​​សុំ​សេច​ក្ដី​សុខ​​​​ពី​ឈើ​ទាំង​នោះ​​​។

លោក​មេឃុំ​ក្រូច​ ប៊ុ​ន​ឌុ​ល ​បង្ហើប​ឱ្យ​ដឹង​​ថា​ ជន​ទុច្ច​រិត​ដែល​​លួច​កាត់ឈើ​ប្រណីត​​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះ​ខ័​ន តែងតែ​​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​​អធ្រាត្រ​ ខណៈពេល​​ឆ្មាំ​​ប្រាសាទ​មិន​​​នៅ​​ការ​ពារ​ពេល​យប់​ ។ ពេល​នេះ​សមត្ថកិច្ច​​កំពុង​ស្រាវជ្រាវ​និង​​រក​ឃើញមេខ្លោង​មួយ​ចំនួន​។​មេខ្លោង​ដែល​ហ៊ាន​លួច​កាត់ឈើ​ប្រណីត​​​​ក្នុង​​បរិវេណ​ប្រាសាទ​នេះ ​​កាលពីមុន​ជា​​មុខ​សញ្ញា​ជាប់ជំពាក់​​​បទឧក្រិដ្ឋ​លួច​ដាប់​អារ​កាត់​រូប​បដិមា​ក្នុង​បរិវេណ​ប្រា​សាទ​យក​ទៅ​លក់​។

លោក​មេឃុំ​​​ឱ្យ​ដឹង​ថា​ ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​រណសិរ្ស​នឹងពាក្យបណ្ដឹង​​ដាក់​ទៅ​តុលាការ ​ដើម្បី​វែកមុខ​បក្សពួក​ដែល​​​សម​គំនិត​បំផ្លិចបំផ្លាញ​សម្បត្ដិ​ជាតិ​ដ៏​កម្រ​ យក​ទៅ​វិ​និច្ឆ័​យ​ទោស​តាម​​ច្បាប់​ បើ​ទោះ​​ជា​គេ​មាន​បុណ្យ​ស័ក្តិ​ធំ​ប៉ុន​ណា​​ក៏​ដោយ​។ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​រណ​សិរ្ស​​​ ព្រម​ទាំង​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្ដរ​ជាតិ​​ដែល​បាន​ចូល​ទៅ​ទស្សនា​ប្រាសាទ​ព្រះ​ខ័​ន​ ហើយ​ឃើញ​​​មហន្ត​រាយ​​នោះ​​បាន​សំណូមពរ​​ដល់​រាជ​រដ្ឋា​ភិបាល​​​ឱ្យ​ប្រញាប់​​សើុប​អង្កេត​រក​ជន​ល្មើស​​នាំ​ទៅ​​ផ្ដន្ទាទោស​តាម​ច្បាប់ ​និង​មាន​វិធានការ​​​ការពារ​ប្រាសាទ​ព្រះ​ខ័​ន និង​តំបន់​បុរាណ​នេះ ​កុំ​ឱ្យ​ពួក​ជន​ទុច្ច​រិត​បំផ្លិច​បំផ្លាញ​​៕