ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រព័ន្ធ GPS ទើប​រក​ឃើញ​លួចលាក់​ទុកជា​ច្រើន (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​តាមដាន GPS បាន​នាំ​ផ្លូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ និង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ទៅ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ម៉ូតូ​ជា​ច្រើន​គ្រឿង រួម​ជាមួយ​សម្ភារៈ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ចោរកម្ម​មួយ​ចំនួន​ទៀត​ផង​ដែរ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ចោរ​គេចខ្លួន​បាត់​នៅ​តែ​ស្ត្រី​ជា​សង្សារ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ទៅ​សួរនាំ​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៣​និង​៣០ រសៀល…

រាជធានី​ភ្នំពេញ ៖ ប្រព័ន្ធ​តាមដាន GPS បាន​នាំ​ផ្លូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ និង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ទៅ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ម៉ូតូ​ជា​ច្រើន​គ្រឿង រួម​ជាមួយ​សម្ភារៈ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ចោរកម្ម​មួយ​ចំនួន​ទៀត​ផង​ដែរ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ចោរ​គេចខ្លួន​បាត់​នៅ​តែ​ស្ត្រី​ជា​សង្សារ​ម្នាក់​ត្រូវ​ឃាត់ខ្លួន​ទៅ​សួរនាំ​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៣​និង​៣០ រសៀល ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១៨ នៅ​បន្ទប់​លេខ​១ និង​បន្ទប់​១១២៣ ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ជា​សង្សារ​របស់​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ នោះ​ឈ្មោះ ជឿន សុ​ផា អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ដែល​ជនសង្ស័យ​លាក់​ទុក​ម៉ូតូ​ដែល​លួច​បាន ចំណែក​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល​។

ចំណែក​មូលហេតុ​ឈាន​ដល់​ការ​ចុះ​ឆែក​ឆរ​បន្ទប់​ជួល​ទាំ​២​ខាងលើ ដោយសារ​តែ​កាល​ពី​ម៉ោង​ប្រហែល​១១​ថ្ងៃ​ព្រឹក​ថ្ងៃ​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DG- 5386 ត្រូវ​ចោរលួច​កាច់​សោរ​.​ក​ចេញពី​សង្កាត់​ភ្លើង​ឆេះ​រទេះ ដោយ​ម៉ូតូ​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន GPS ទៀត​ផង ។ ក្រោយ​ពេល​ដឹង​ថា បាត់​ជន​រង​គ្រោះ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ជួយ​អន្តរាគមន៍​។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​នគរបាល​សហការ​ជាមួយ​ម្ចាស់​ម៉ូតូ​ស្រាវជ្រាវ​ភ្លាម​ៗ​តាម​រយៈ​ប្រព័ន្ធ GPS ចង្អុលបង្ហាញ​ទៅ​កាន់​ប្លុក​ផ្ទះ​ជួល​ខាងលើ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​គ្មាន​លេខ​មួយ​នៅ​ក្នុងភូមិ​ទួល​ពង្រ ។

បន្ទាប់​មក​ប្រទះ​ឃើញ​ម៉ូតូ​ដែល​ត្រូវ​ចោរលួច​កាច់​សោ​.​ក​ខាងលើ រួម​នឹង​ម៉ូតូ​២​គ្រឿង​ផ្សេង​ទៀត​សុទ្ធតែ​មាន​ស្នាម​គាស់​បំបែក​សោរ​ទាំងអស់ រួម​ជាមួយ​ឧបករណ៍​ដាប់​លេខ​លេខ​តួ​ម៉ាស៊ីន និង​លេខ​តួ​ម៉ូតូ ព្រមទាំង​ស្លាក​លេខ​ម៉ូតូ ដុំ​សោ​ម៉ូតូ​សម្រាប់​ដូរ និង​ស្លាក​លេខ​មួយ​ចំនួន ហើយ​ក៏ ឃើញ​មាន​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​សង្សារ​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ ហើយ​កម្លាំង​ក៏​ឃាត់ខ្លួន​ដើម្បី​សួរនាំ​ផង​ដែរ​។

ក្រោយ​ពេល​សាកសួរ​ស្ត្រី​ខាងលើ​និយាយ​ថា ម៉ូតូ​ទាំងនោះ​ត្រូវ​សង្សារ​របស់​នាង​យក​ទៅ​ទុក​ក្នុង​បន្ទប់​នោះ ហើយ​នាង​មិនដឹង​ថា សង្សារ​គឺជា​ចោរ​ឡើយ ព្រោះ​ប្រុស​ស្នេហ៍​រូប​នេះ​ប្រាប់​នាង​ថា គេ​គឺជា​អ្នក​រកស៊ី​គួ​ក​ជេរ​ទិញ និង​លក់​ម៉ូតូ ហើយ​នាង​ក៏​មិន​ចាប់​អារម្មណ៍​​ថា ជន​នោះ​កុហក​នាង​ឡើយ​។ បន្ទាប់​មក​ស្ត្រី​រូប​នេះ​បាន​នាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង​ពីរ​ចុះ​ទៅ​ធ្វើការ​ឆែក​នៅ​ក្នុង​បន្ទប់​ជួល​មួយទៀត​លេខ​១១២៣ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​គ្នា ដោយ​ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង​បន្ថែម​ទៀត ព្រមទាំង​ស្លាក​លេខ និង​កាត​គ្រី​ផង​ដែរ​។

ប្រតិបត្តិការ​ខាងលើ​នោះ កម្លាំង​នគរបាល​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ចំនួន​៤​គ្រឿង ក្នុង​នោះ​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DG-6883 ,​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DG-5386, ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HB-4968, និង​ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CO-0510 ។ ព្រមទាំង​ម៉ូតូ​ធំ ម៉ាក MS ១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DM-0996 និង​ស្លាក​លេខ​ម៉ូតូ​ចំនួន​៩​បន្ទះ​, កាត​គ្រី​ចំនួន​៦​សន្លឹក​, ដុំ​សោរ​ម៉ូតូ​, ឧបករណ៍​សម្រាប់​ដាប់​លេខ​ម៉ូតូ រួម​នឹង​សម្ភារៈ និង​គ្រឿងបន្លាស់​ម៉ូតូ​ជា​ច្រើន​ទៀត​។

បន្ទាប់​មក​កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​ចោរលួច​កំពុង​រត់គេច​ខ្លួន ហើយ​នៅ​មិន​ទាន់​ដឹង​ថា ថ្នាក់លើ​ចាត់ការ​ចំពោះ​ស្ត្រី​ជា​សង្សារ​ជនសង្ស័យ​បែប​ណា​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ