នៅក្នុងអកុសលមូលទាំងបី លាភៈ ទោសៈ មោហៈ ក្នុងចំណោមទាំង៣ចំណុចនេះទោសៈផ្តល់ផលជាទុក្ខទោសធ្ងន់ជាងគេនាំបដិសន្ធិសត្វទៅកាន់ឋាននរក។ ព្រោះបើភ្លើងទោសៈនេះកើតឡើចំពោះបុគ្គលណាហើយ តែងដុតរោលចិត្តបុគ្គលនោះឱ្យប្រព្រឹត្តអំពើអាក្រក់ផ្សេងៗទៀតគ្មានញញើតអ្វីឡើយ។ អ្នកខឹងក្រោធច្រើនដូចសាងនូវសេចក្ដីវិនាសដល់ខ្លួនឯង ដេកនៅជាទុក្ខ វិនាសហិនហោចចាកប្រយោជន៍ វិនាសទ្រព្យសម្បត្តិ វិនាសយស វិនាសចាកមិត្ត និងស្លាប់ទៅធ្លាក់ទៅក្នុងអបាយភូមិទៀត។ កាលបើបុគ្គលដឹងច្បាស់នូវទោសនៃទោសៈបែបនេះហើយ មិនត្រូវប្រទូស្តរ៉ាយខ្លួនឯងដោយការខឹងក្រោធនោះឡើយ ។
បើបុគ្គលគ្រប់គ្រងចិត្តបានល្អ ផលដែលត្រូវទទួលគឺនៅពេលអារម្មណ៍ប៉ះនឹងសេចក្តីក្រោធក៏មិនក្រោធ មិនមានចិត្តញាប់ញ័រ សម្បុរមុខស្រស់ស្រាយ ផូរផង់ អាកប្បកិរិយាក៏មិនខុសប្រក្រតី ធ្វើការងារអ្វីៗប្រព្រឹត្តទៅតាមធម្មតា។
កាលបុគ្គលស្ថិតក្នុងសភាពធម្មតាយ៉ាងនេះ រមែងធ្វើឲ្យអ្នកដែលប្រាថ្នាមិនល្អមកលើយើងនោះ បែរទៅជាមានសេចក្ដីទុក្ខទោមនស្សដោយខ្លួនឯងទៅវិញ ព្រោះធ្វើអ្វីយើងមិនកើត មិនបានសម្រេចដូចបំណងអាក្រក់របស់គេ។ ឯអ្នកដែលមិនក្រោធក៏ត្រូវបានសម្រេចនូវផលប្រយោជន៍ជាប្រក្រតី ធ្វើការងារអ្វីៗប្រព្រឹត្តទៅតាមធម្មតារបស់ខ្លួន ។
ការមិនខឹងក្រោធមានតែសេចក្តីចម្រើន ធ្វើឲ្យសម្បូរមិត្ត ខ្សត់សត្រូវ និងទទួលបានជោគជ័យក្នុងជីវិត ដែលអាចចាត់ថាជាការឈ្នះជារៀងរហូត ។
ចែករំលែកព័តមាននេះ