ទីក្រុងប៉េកាំង ៖ កាលពីថ្ងៃទី២៦ កញ្ញា កន្លងមកនេះ ប្រទេសចិនបានប្រកាសពីការកាត់បន្ថយពន្ធលើម៉ាស៊ីនសាងសង់ និងផលិតផលដទៃទៀត ដែលនឹងចាប់ផ្ដើមមានប្រសិទ្ធភាពនៅដើមខែវិច្ឆិកាខាងមុខ ប៉ុន្តែមិនបានលើកឡើងពីសកម្មភាពលើគោលនយោបាយបច្ចេកវិទ្យាដែលទទួលរងការរិះគន់ពីសហរដ្ឋអាមេរិកឡើយ ។
ការសម្រេចចិត្តនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការបន្តអនុម័តគម្រោងកែទម្រង់ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកាន់តែមានភាពប្រកួតប្រជែង និងបានបដិសេធរាល់សម្ពាធដល់រដ្ឋាភិបាលឲ្យបញ្ឈប់ការអភិវឌ្ឍឧស្សាហកម្មដែលដឹកនាំដោយរដ្ឋាភិបាល ។
យ៉ាងណាក្តី ប្រទេសចិនមិនបានឲ្យដឹងថាការបន្ថយពន្ធនេះ នឹងមានលើផលិតផលអាមេរិកដែលកំពុងតែជាប់ពន្ធបន្ថែមពី៥ទៅ២៥%ឬយ៉ាងណានោះទេ ។ ការបន្ថយពន្ធនេះ នឹងចាប់មានប្រសិទ្ធភាពនៅថ្ងៃទី១ ខែវិច្ឆិកា និងមានប្រសិទ្ធភាពលើផលិតផលចំនួន១.៥៨៥ប្រភេទដែលរួមមានឧបករណ៍សាងសង់ ម៉ាស៊ីនឧស្សាហកម្ម ផលិតផលធ្វើពីក្រដាស និងសម្ភារសាងសង់ជាដើម ។
រដ្ឋាភិបាលលោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) បានប្រកាសពីវិធានការបើកទូលាយទីផ្សារជាច្រើនក្នុងឆ្នាំនេះ ប៉ុន្តែមិនមានវិធានការណាមួយដោះស្រាយបណ្តឹងពីសហរដ្ឋអាមេរិកថា ប្រទេសចិនលួចបច្ចេកវិទ្យារបស់ខ្លួនឡើយ ។
សហរដ្ឋអាមេរិក អឺរ៉ុប និងដៃគូពាណិជ្ជកម្មដទៃទៀត បាននិយាយថា ការផ្តួចផ្តើមគំនិតជាច្រើនដូចជា Made in China 2025 ល្មើសនឹងកាតព្វកិច្ចរបស់ប្រទេសចិនក្នុងការបើកទូលាយទីផ្សារ ។ មន្ត្រីអាមេរិកព្រួយថា ការផ្តួចផ្តើមនេះអាចប៉ះពាល់ដល់ការនាំមុខរបស់ខ្លួនក្នុងផ្នែកឧស្សាហកម្ម ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃចន្ទកន្លងមកនេះ លោកប្រធានាធិបតីត្រាំបានអនុម័តពន្ធលើផលិតផលចិនប្រមាណ២០០ប៊ីលានដុល្លារ ខណៈដែលប្រទេសចិនទើបតែឆ្លើយតបការដាក់ពន្ធលើផលិតផលអាមេរិកវិញបានតែ៦០ប៊ីលានដុល្លារប៉ុណ្ណោះ ។
អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Shouwen បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសទាំងពីរមិនអាចចរចាបានឡើយ ខណៈដែលសហរដ្ឋអាមេរិកកំពុងភ្ជង់កាំបិតមកលើខ្លួនដោយបង្កើនពន្ធដូច្នេះ ៕
ចែករំលែកព័តមាននេះ