បើនិយាយពីបញ្ហាប្រេត មនុស្សខ្លះជឿថាមានមែន តែអ្នកខ្លះក៏មិនជឿថាមានប្រេតទេ ព្រោះថាហេតុដែលមិនជឿមកពីសេចក្ដីទុក្ខក្នុងប្រេតវិស័យនោះវាធ្ងន់ វេទនាហួសហេតុពេក ម្យ៉ាងទៀតដោយសារតែមិនបានឃើញប្រេតនោះផ្ទាល់នឹងភ្នែក។ តែបើផ្អែកលើទ្រឹស្តីពុទ្ធសាសនា រឿងប្រេតនេះប្រាកដជាមានមែន មូលហេតុដែលនាំឱ្យកើតជាប្រេតមកអំពីការប្រព្រឹត្តកម្មទាំងឡាយមានការលោភលន់ ចង់បានរបស់ទ្រព្យអ្នកដទៃដោយឥតអៀនខ្មាសជាដើម។ លុះអស់អាយុសង្ខារទៅក៏រុញបដិសន្ធិបុគ្គលនោះទៅទុកកន្លែងណាដែលអត់ កន្លែងដែលវេទនា ។
សូមលើកយកមនុស្សងងឹតភ្នែកពីកំណើតមកប្រៀបធៀប តាមធម្មតាអ្នកដែលងងឹតភ្នែកពីកំណើងរមែងមិនធ្លាប់ស្គាល់អ្វីទៅដែលហៅថាស្អាត ល្អនោះទេ បើទុកជាយើងខំព្យាយាមពន្យល់ថា ស្ត្រីនេះស្អាត បុរសនោះល្អយ៉ាងណាៗក៏ដោយ ក៏បុគ្គលងងឹតនោះមិនងាយយល់បានឡើយ ថែមទាំងបដិសេធថា ក្នុងលោកនេះគ្មានស្អាត គ្មានល្អ គ្មានខៀវ លឿង ក្រហមអ្វីទេ ។
តើសម្តីបដិសេធរបស់មនុស្សងងឹតភ្នែកពីកំណើតបែបនេះ គួរទេ យុត្តិធម៌ទេ?
រឿងនេះសបញ្ជាក់ថា សត្វលោកខ្លះក៏ងងឹតដូចគ្នាដែរ ព្រោះធូលីដ៏ក្រាស់ឃ្មឹកគឺរាគាទិកិលេសជាដើម បានហើរចូលទៅក្នុងភ្នែក គឺបញ្ញាឲ្យខ្វាក់តាំងពីកំណើតមកម្ល៉េះ គេមិនងាយនឹងមើលឃើញថា អ្វីទៅជាបាប អ្វីទៅជាបុណ្យ អ្វីទៅជាសួគ៌ អ្វីទៅជានរក ប្រេតបានទេ និងថែមទាំងបដិសេធថា ក្នុងលោកនេះគ្មានបាប គ្មានបុណ្យ គ្មានសួគ៌ គ្មាននរក ប្រេតទៀតផង ។
កាលបើភ្នែកគឺបញ្ញាត្រូវធូលីគឺកិលេសចូលទៅបិទបាំងយ៉ាងនេះហើយ ក៏មិនអាចមើលឃើញរូបប្រេតបានឡើយ ប៉ុន្តែចំពោះអ្នកមានបញ្ញាឆ្លាតក្នុងបុណ្យកុសលរមែងប្រាសចាកធូលី គឺកិលេស ហើយលោកប្រកបព្រមដោយវិជ្ជាជ្រាបច្បាស់នូវលោកនេះនិងលោកខាងមុខ ។ដូច្នេះរឿងណាដែលបុថុជ្ជនមិនដឹង អ្នកមានបញ្ញាលោកដឹង អ្វីដែលបុថុជ្ជនមើលមិនឃើញ អ្នកមានបញ្ញាលោកមើលឃើញ តែងខ្លាចអំពើអាក្រក់ប្រព្រឹត្តតែកុសលធម៌ពេញមួយជីវិត ។
ចែករំលែកព័តមាននេះ