ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លម្អ​៥​យ៉ាង​នៃ​ស្ត្រី​មាន​អ្វីខ្លះ?

5 ឆ្នាំ មុន

ប្រិ​យ​មិត្ត​ប្រហែលជា​ធ្លាប់​ឮ​ពាក្យ​ថា «​បញ្ច​កល្យាណ​» រួច​មក​ហើយ​។ ពាក្យ​ថា​បញ្ច​កល្យាណ​មាន​ន័យ​ថា លម្អ​៥​យ៉ាង គឺ​សំដៅ​ទៅ​លើ​លម្អ​របស់​ស្ត្រី​ដែល​ស្អាត​គ្រប់លក្ខណៈ នារី​ណា​មាន​លម្អ​៥​យ៉ាងនេះ​នឹង​បាន​នាម​ថា បញ្ច​កល្យាណ​។ តើ​លម្អ​៥​យ៉ាងនេះ​មាន​ចំណុច​អ្វីខ្លះ? ខាងក្រោម​នេះ​ជា​ចំណុច​ពិសេស​នៃ​លម្អ​នីមួយ​ៗ​ដូច​តទៅៈ…

ប្រិ​យ​មិត្ត​ប្រហែលជា​ធ្លាប់​ឮ​ពាក្យ​ថា «​បញ្ច​កល្យាណ​» រួច​មក​ហើយ​។ ពាក្យ​ថា​បញ្ច​កល្យាណ​មាន​ន័យ​ថា លម្អ​៥​យ៉ាង គឺ​សំដៅ​ទៅ​លើ​លម្អ​របស់​ស្ត្រី​ដែល​ស្អាត​គ្រប់លក្ខណៈ នារី​ណា​មាន​លម្អ​៥​យ៉ាងនេះ​នឹង​បាន​នាម​ថា បញ្ច​កល្យាណ​។ តើ​លម្អ​៥​យ៉ាងនេះ​មាន​ចំណុច​អ្វីខ្លះ? ខាងក្រោម​នេះ​ជា​ចំណុច​ពិសេស​នៃ​លម្អ​នីមួយ​ៗ​ដូច​តទៅៈ

១-​កេស​កល្យាណ លម្អ​សក់ សក់​នៃ​ស្ត្រី​មាន​លម្អ​មាន​សរសៃ​ល្អិត មាន​ពណ៌​ដូច​ស្លាបកំភេម កាល​រំសាយ​ចុះ​មាន​ចុង​ង​ឡើង​លើ ដូច​សណ្ឋាន​កន្ទុយក្ងោក​កំពុង​ពង់ មិន​ចេះ​ស្កូវ​ឡើយ សូ​ម្បី​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ ក៏​នៅ​មាន​ពណ៌​រលោង​រលើប​ល្អ​ដូច​កាលពី​ក្មេង​។ យ៉ាងនេះ​ហៅ​ថា​លម្អ​សក់ ។

២-​មំស​កល្យាណ លម្អ​សាច់ សំដៅយក​សាច់​បបូរមាត់ ស្ត្រី​មាន​លម្អ​សាច់​បបូរមាត់​ឡើង​ពណ៌​ក្រហម​រលោង ដូច​ផ្លែ​ផ្លែ​ទន្លាប់​ទុំ ជា​សាច់​ល្អ​ឥត​មន្ទិល​សៅហ្មង​ទោះបី​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ ក៏​នៅ​ក្រហម​រលោង​ស្រស់​ដូច​ដើម​។ យ៉ាងនេះ​ហៅ​ថា​លម្អ​សាច់ ។

៣-​អដ្ឋិកល្យាណ លម្អ​ឆ្អឹង សំដៅយក​ឆ្អឹង​ធ្មេញ ស្ត្រី​ប្រកបដោយ​លម្អ​ឆ្អឹង គឺ​មាន​ធ្មេញ​ជិត​ស្និទ្ធ​រាបស្មើ មិន​ចំ​ពើ​ស មាន​ពណ៌​សរ​លោង​ដូច​ជា​ត្បូង​ពេជ្រ ដែល​ជាង​ឆ្នៃ​យ៉ាង​ស្អាត​ហើយ​ដាក់​តម្រៀប​គ្នា ឬ​ដូច​ជា​ស័ង្ខ​ដែល​បុគ្គល​ច្នៃ​យ៉ាង​ល្អ បើ​ហា​និយាយ​ឡើង​កាលណា​មាន​ពន្លឺ​ទឹកដម​ព្រាត​ៗ សូ​ម្បី​មាន​អាយុ​១​រយ​ឆ្នាំ​ហើយ ក៏​ធ្មេញ​នៅ​តែ​រាប​ស្និទ្ធ​ដូច​កាល​អាយុ ១៦​ឆ្នាំ ។ យ៉ាងនេះ​ហៅ​ថា​លម្អ​ឆ្អឹង​។

៤-​ឆ​វិក​ល្យា​ណ លម្អ​សម្បុរថ្ងៃ បាន​ដល់​លម្អ​ស្បែក ស្ត្រី​ប្រកបដោយ​លម្អ​ស្បែក មាន​ពណ៌​ពីរ​យ៉ាង​គឺ ស​១ ខ្មៅ​១ សមាន​ពណ៌​ដូច​ជា​កណិកា រលើបរលោង​ស្អាត​ឥត​មាន​អាចម៍រុយ ឬ​សម្លាក​មន្ទិល​សៅហ្មង សូ​ម្បី​តែ​សម្លាក​រមាស​មួយ​ក៏​គ្មាន លម្អ​ខាង​ពណ៌​ខ្មៅ មាន​ពណ៌​ខៀវស្រស់​ដូច​ផ្កា​ឧប្បល ជា​សម្បុរ​មាន​ទឹកដម​រលើបរលោង​។ យ៉ាងនេះ​ហៅ​ថា​លម្អ​សម្បុរថ្ងៃ​។

៥-​វយ​កល្យាណ លម្អ​វ័យ ស្រី្ត​បរិបូណ៌​ដោយ​លម្អ ទោះបី​ប្រសូត​បុត្រ​មួយ​រយ​ដង ក៏​នៅ​តែ​ល្អ​ស្អាត​ដូច​ជា​វ័យក្មេង​កាលដែល​មាន​អាយុ​១៦​ឆ្នាំ ទោះបី​មាន​អាយុ​មួយ​រយ​ឆ្នាំ​ហើយ ក៏​នៅ​តែ​ល្អ​ស្រស់​គ្រប់​អវយវៈ​ដូច​ជា​ស្ត្រី​ពេញក្រមុំ​។ យ៉ាងនេះ​ហៅ​ថា លម្អ​វ័យ​ ។

បើ​តាម​ប្រវត្តិ​ពុទ្ធសាសនា លម្អ​ទាំង​៥​ប្រការ​នេះ​ធ្លាប់​កើត​មាន​ដល់​ស្ត្រី​រួច​មក​ហើយ គឹ​នាងវិសាខា​ទ្រទ្រង់​ដោយ​លម្អ​ទាំង​៥​ប្រការ​នេះ ក្រៅពី​នេះ​ប្រហែលជា​មិន​ទាន់​មាន​ស្ត្រី​ណា​គ្រប់លក្ខណៈ​ប្រដាប់​ដោយ​លម្អ​ទាំង​៥​ប្រការ​នេះ​នៅឡើយ​ទេ ។