ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ចូលរួម​ប្រជុំ​UN​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ​កំពុង​វិវត្តន៍​តាន់តឹង​និង​ស្មុគស្មាញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្រាប់​ការ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ នៅ​បុរី​ញូ​វ​យ៉​ក លើក​នេះ​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​វិវត្តន៍​តាន់តឹង…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្រាប់​ការ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ នៅ​បុរី​ញូ​វ​យ៉​ក លើក​នេះ​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​វិវត្តន៍​តាន់តឹង និង​ស្មុគស្មាញ ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើក​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ខណៈ​ដែល​សម្តេច​តេ​ជោ​កំពុង​ជិះ​យន្តហោះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ រយៈពេល​៤​ថ្ងៃ ។ សម្តេច​បាន​សរសេរ​ថា ខ្មែរ​ស្ទើរ​គ្រប់​គ្នា​ស្គាល់​បទ​ដ៏​ពេញ​និយម​មួយ​ដែល​មាន​ចំណងជើង​ថា លា​ទៅ​បម្រើ​ជាតិ ។ តែ​សម័យ​នោះ គឺ​ទៅ​ច្បាំង​ដោយ​ប្រដាប់​អាវុធ​សុទ្ធសាធ​យក​ជីវិត​ជាដើម​ទុន​មក​រំដោះជាតិ យក​ដើមទ្រូង​មក​ពាំង​គ្រាប់ ដើម្បី​ការពារ​ជាតិ ។

សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​ធ្លាប់​ស្គាល់​រស់ជាតិ​នេះ​ច្បាស់​ជាងគេ អ​ញ្ចឹ​ង​ហើយ​ខ្ញុំ​មិន​ចង់ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​ទទួល​ភ្លក់​រសជាតិ​នេះ​ទៀត​ឡើយ ។ ថ្ងៃនេះ​ខ្ញុំ​សូម​លា​ទៅ​បម្រើ​ជាតិ​ជា​ថ្មី​ម្តងទៀត ដោយ​ប្រើ​នយោបាយ​ការទូត នៅ​លើ​ឆាក​អន្តរជាតិ​» ។ សម្តេច​គូសបញ្ជាក់​ថា «​កម្ពុជា មិន​អាច​ឱ្យ​គេ​បង្ខូច​ជាន់ឈ្លី ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏​ដោយ ។ ខ្ញុំ​ចេញ​ទៅ​លើក​នេះ​ក៏​នឹង​ចូលរួម​ផង​ដែរ នូវ​ការងារ​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​វិវត្តន៍​យ៉ាង​តានតឹង និង​ស្មុគស្មាញ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ចំពោះ​ជនរួមជាតិ​ដែល​គាំទ្រ​ខ្ញុំ និង​គាំទ្រ​កម្ពុជា​នៅ​ក្រៅប្រទេស​ខ្ញុំ​នឹង​ទៅ​ជួប​បងប្អូន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។ យើង​នឹង​អាច សន្ទនា​ផ្លាស់​ប្ដូរ​សេចក្តី​នឹករ​ឮ​ក​ជាមួយ​គ្នា​ខ្ញុំ​នឹង​អាច​រាយការណ៍​ជូន​ពី​សភាពការណ៍​ទូទៅ​កា​រវិ​វ​ឌ្ឍ និង​ការ​អភិវឌ្ឍ​នានា​លើ​មាតុភូមិ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា ចំពោះ​ជនរួមជាតិ​នៅ​ក្រៅប្រទេស​ដែល​មិន​ចូល​ចិត្ត​ខ្ញុំ​ក៏​សូម​ចែក​ឱ្យ​ដាច់​នូវ​អ្វី​ជា​ផលប្រយោជន៍​មុខមាត់ ហ៊ុន សែន ពី​អ្វី​ជា​មុខមាត់ និង​ផលប្រយោជន៍​ជាតិខ្មែរ​ទាំងមូល​ដោយ​សម្បជញ្ញៈ​វិចារណញ្ញាណ និង​មនសិការ​ផ្ទាល់​រៀង​ៗ​ខ្លួន​ទៅ​ចុះ ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា សម្តេច​ត្រូវ​ស្ថិត​នៅ​លើ​យន្តហោះ​ជាង​១៧​ម៉ោង ក្នុង​ដំណើរ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​កាន់​ញូ​វ​យ៉​ក ។ សង្ឃឹមថា នឹង​បាន​សម្រាក​លក់​លើ​យន្តហោះ​បន្ទាប់​ពី​ហត់នឿយ​នៃ ការងារ​ក្នុង​ប្រទេស ។

សូម​ជម្រាប​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហា​ស​ន្និ បាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​៣០ ខែកញ្ញា នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ