ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហាក្នុងផ្សារនេះមានរយៈពេល២​ទៅ​៣​ឆ្នាំ​មក​ហើយ នៅមិនទាន់ដោះស្រាយបាន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា​ម្សិលមិញ​នេះ​អាជ្ញាធរ​ខេត្តព្រៃវែង​បាន​កោះ​អញ្ជើញ​ក្រុម​អាជីវករ​ផ្សារ​អ្នក​លឿង​ប្រមាណ​ជាង​៥០​នាក់ មក​ធ្វើការ​ប្រជុំ​នៅ​ក្នុង​បរិវេណ​វត្ត​សន្សំ​កុសល ក្នុង​ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាមរ​ក៌ ដើម្បី​ពិភាក្សា​រក​ច្រកចេញ​រឿង​ជួសជុល​ផ្សារ​អ្នក​លឿង​វិញ ។…

ខេត្តព្រៃវែង ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ កញ្ញា​ម្សិលមិញ​នេះ​អាជ្ញាធរ​ខេត្តព្រៃវែង​បាន​កោះ​អញ្ជើញ​ក្រុម​អាជីវករ​ផ្សារ​អ្នក​លឿង​ប្រមាណ​ជាង​៥០​នាក់ មក​ធ្វើការ​ប្រជុំ​នៅ​ក្នុង​បរិវេណ​វត្ត​សន្សំ​កុសល ក្នុង​ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាមរ​ក៌ ដើម្បី​ពិភាក្សា​រក​ច្រកចេញ​រឿង​ជួសជុល​ផ្សារ​អ្នក​លឿង​វិញ ។

លោក​ជុំ ជា មេឃុំ​ព្រែក​ខ្សាយ​(​ខ​)​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ផ្សារ​អ្នក​លឿង​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​បន្តិច​ហើយ ដោយ​ដំបូល​ផ្សារ​ធ្លុះធ្លាយ និង​មានទឹក​លិច​ស្រក់​ជា​ច្រើន​កន្លែង​ទ្វារ​ជុំវិញ​ផ្សារ​ក៏​គាំង​ខូច​អស់​មួយ​ចំនួន ជា​ពិសេស​ប្រព័ន្ធ​លូ​ជុំវិញ​ផ្សារ​បាន​កកស្ទះ​អស់​ទៅ​ហើយ ពេល​ភ្លៀង​មក​ម្តង​ៗ​ទឹក​ចាល់​ចេញ​មក​ក្រៅ​ជះក្លិន​ស្អុយ​អសោច​ប៉ះពាល់​ដល់​សុខភាព​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​ជា​ខ្លាំង ដោយសារ​កត្តា​ទាំងនេះ​ហើយ​ទើប​តម្រូវ​ឲ្យ​មានការ​ជួសជុល​និង​ស្តារ​ប្រព័ន្ធ​លូ​នេះ​ជា​ចាំបាច់ ។

លោក ស្រេង វ៉​ន អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា ខាង​មន្ទីរ និង​អាជ្ញាធរ​បាន​ឯកភាព​គ្នា​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​១​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង​នេះ​តែ​ម្តង​ក្នុង​ការ​ចុះ​សិក្សា និង​ជួសជុល​កែ​លំអ​ផ្សារ​អ្នក​លឿង​នេះ​ឡើង​វិញ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​ពី​ការងារ​ជួសជុល​កែ​លំអ​ផ្សារ​នេះ​រួច​ហើយ​ទើប​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កោះ​អញ្ជើញ​ក្រុម​អាជីវករ​ចូលរួម​ស្តាប់​បទ​បង្ហាញ​ពី​គម្រោង​ជួសជុល​ផ្សារ ហើយ​ឆ្លើយ​តប តើ​ព្រម​ទទួលយក​គំរោង​ជួសជុល​នេះ​ឬទេ ។

ចំណែក​ក្រុម​អាជីវករ​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រជុំ​នេះ​បាន​លើក​ឡើង​ថា ផ្សារ​អ្នក​លឿង​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រគល់​មក​ឲ្យ​ក្រុម​អាជីវក​រហើយ​មាន​ន័យ​ថា អាជីវករ​ជា​ម្ចាស់​ផ្សារ ​ដូច្នេះ​រឿង​ជួសជុល​ផ្សារ​ពួក​គាត់ និង​រៃ​លុយ​គ្នា​ធ្វើការ​ជួសជុល​ផ្សារ​នេះ​ដោយ​ខ្លួនឯង ដោយ​មិន​ទទួលយក​ក្រុមហ៊ុន​ណាមួយ​ឲ្យ​ចូល​មក​ជួសជុល​នោះ​ទេ ។ ប៉ុន្តែ​ពួក​គាត់​ស្នើ​សុំ​ទៅ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ខេត្ត​សូម​ជួយ​ផ្តល់​ឡានទឹក និង​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ដល់​ក្រុម​អាជីវករ​ផង ព្រោះ​ពេល​នេះ​ផ្សារ​អ្នក​លឿង​គ្មាន​ឡានទឹក គ្មាន​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ទេ បើ​កើត​មាន​អគ្គិភ័យ​ឡើង គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។

លោក​សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា ដោយសារ​បងប្អូន​ក្រុម​អាជីវករ​មិន​ទទួលយក​ក្រុមហ៊ុន ដោយ​អះអាង​ថា និង​ធ្វើការ​ជួសជុល​ផ្សារ​ដោយ​ខ្លួនឯង ដូច្នេះ​អាជ្ញាធរ និង​ឲ្យ​ក្រុមហ៊ុន​ដកខ្លួន​ចេញ​វិញ ហើយ​ទុក​ឲ្យ​គណៈកម្មការ​រួម​ជាមួយ​អាជ្ញាធរ​ប្រជុំ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​នៅ​ពេល​ក្រោយ ។ ដោយឡែក​ចំពោះ​សំណូមពរ​របស់​បងប្អូន​ក្រុម​អាជីវករ លោក និង​រាយការណ៍​ជូន​ទៅ​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​សុំ​គោលការណ៍​ដោះស្រាយ​ជូន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បញ្ហា​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​នេះ​បាន​កើត​មាន​ឡើង​រយៈពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រក​ដំណោះស្រាយ​មិន​បាន​ដោយសារ​ផ្សារ​នេះ ​គ្មាន​គណៈកម្មការ​គ្រប់គ្រង​ត្រឹមត្រូវ អាជីវករ​អះអាង​ថា ខ្លួន​ជា​ម្ចាស់​ផ្សារ តែ​គ្មាន​អ្នក​ណា​ទទួលខុសត្រូវ​ច្បាស់លាស់ ទើប​បញ្ហា​ដែល​កើតឡើង​រក​ដំណោះស្រាយ​មិនឃើញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ