ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​កំពត​រៀបចំ​ស្នើ​សុំ​ទៅ​អង្គការ​យូ​នី​ស្កូ ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយ​មើលឃើញ​អំពី​សក្ដានុពល​របស់​ខេត្តកំពត ពិសេស​ពាក់ព័ន្ធ​នឹង​តំណាង​ស្ថាបត្យកម្ម បន្សល់​ទុក​ពី​ជំនាន់​សម័យ​អ​ណា​និគម​បារាំង ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ចងក្រង​រៀបចំ​បញ្ជី​បេ​តិក…

ខេត្តកំពត ៖ ដោយ​មើលឃើញ​អំពី​សក្ដានុពល​របស់​ខេត្តកំពត ពិសេស​ពាក់ព័ន្ធ​នឹង​តំណាង​ស្ថាបត្យកម្ម បន្សល់​ទុក​ពី​ជំនាន់​សម័យ​អ​ណា​និគម​បារាំង ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត និង​ស្ថាន​ប័ន​ពាក់ព័ន្ធ​នានា បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ចងក្រង​រៀបចំ​បញ្ជី​បេ​តិក ភណ្ឌ​ដើម្បី​ស្នើ​សុំ​ទៅ​អង្គការ​យូ​នី​ស្កូ ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​។ ដោយ​ទីក្រុង​កំពត គឺជា ទីក្រុង​ដែល អង្គការ យូ​ណេ​ស្កូ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សហការ​ជាមួយ​ក្រសួង​វប្បធម៌ កំពុង​សិក្សា និង​មាន​បំណង​ដាក់​ចូល​ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក ដែល​ជា​សញ្ញាណ​ថ្មីមួយទៀត សម្រាប់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឲ្យ​មាន​ភាព​ទាក់ទាញ និង​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ការ​ដាក់​ទីក្រុង​ក្នុង​បញ្ជី​បេតិកភណ្ឌ​ជា​អត្ថប្រយោជន៍ និង​ស្ទង់​មតិ​អំពី​ការ ត្រៀមលក្ខណៈ​ដើម្បី​ចុះ​ទីក្រុង​កំពត​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

លោក កើត ពុទ្ធ​វ​រី នាយក​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍ ប្រាប់​អ្នក​សារព័ត៌​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​រៀបចំ គោលនយោបាយ​ទេសចរណ៍ និង​កសាង​ឯកសារ​បឋម នៃ​ក្រុង​កំពត​ដែល​ត្រៀម​ចុះបញ្ជី បេតិកភណ្ឌ​ពិភពលោក នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​សាលាខេត្ត​នេះ​ថា អនុលោម​តាម​ផែនការ និង​អនុសាសន៍​របស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ចក្ខុវិស័យ​នៅ​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៧​លាន​នាក់ បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​១​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០២៥​កម្ពុជា អាច​នឹង​ទទួលភ្ញៀវ​ទេសចរណ៍ ១០​លាន​នាក់ បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​១,២ លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០៣០ អាច​នឹង​ទទួល​បាន ១៥​លាន​នាក់ បង្កើត​ការងារ ផ្ទាល់​ប្រមាណ ២​លាន​នាក់​។

លោក​បាន​បន្ត​ថា ការ​ចងក្រង​ឯកសារ ដើម្បី​ដាក់​បញ្ចូល​ក្រុង​កំពត​ចូល​ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក ជា​កិច្ចការ​រួម​គ្នា រវាង​ក្រសួង​វប្បធម៌ និង​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្រុង​ការ​រៀបចំ​ចងក្រង​ជា​ផែនការ​សកម្មភាព ក្នុង​ការ​អភិរក្ស​តំបន់​បេតិកភណ្ឌ ទាំង​អស់នេះ ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​មួយ​ថ្មី​របស់​ប្រទេស​ជាតិ ដើម្បី​បង្ហាញ​ឲ្យ​ទេសចរណ៍ មក​ទស្សនា​យល់​អំពី​អត្តសញ្ញាណ​ជាតិ​របស់​យើង ដែល​មាន​វ័យ​ចំណាស់​នៅ​ក្នុង​តំបន់​អាស៊ី ពិសេស​ដើម្បី​បង្កើត​ការងារ និង​បង្កើន​ប្រាក់​ចំណូល​ជូន​ពលរដ្ឋ ក៏​ដូច​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ស្រប​តាម​គោលការណ៍​យុទ្ធសាស្ត្រ ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៦​នេះ​។

ហើយ​នេះ​ជា​លើក​ទី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​ចងក្រង​ឯកសារ​ស្នើ​សុំ​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ ពិភពលោក​។ ជាមួយ​នេះ លោក​ស្នើ​ដល់​អាជ្ញាធរ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ រួម​ទាំង​ប្រជាពលរដ្ឋ ត្រូវ​សហការ​រួម​គ្នា​ថែរក្សា​អភិរក្ស​សំណង់​បេតិកភណ្ឌ​ទាំង​អស់នោះ​ឲ្យ​បាន​គង់វង្ស ពិសេស​យើង​ទាំង​គ្នា​ចូលរួម​សម្អាត​អនាម័យ បរិស្ថាន លើកកម្ពស់​សោភ័ណ​ភាព​ទីក្រុង បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បាន​ច្រើន​។ ដោយឡែក​បើ​តាម​ប្រសាសន៍​របស់​អ្នក​ម្នាង​បណ្ឌិត ស៊ី​សុវត្ថិ ម៉ែ​ន ច័ន្ទ​ទេវី នាយិកា​រម​ជ្ឍ​មណ្ឌល​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​សកលវិទ្យា​ធិ​ការ​រង​នៃ​សកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ បាន​បញ្ជាក់​ដែរ​ថា កន្លង​មក​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​វប្បធម៌ និង​វ​ចិត្រ​សិល្បៈ បាន​រៀបចំ​គម្រោង​សិក្សា​អំពី​ទី​បី ដើម្បី​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ មាន​ខេត្តបាត់ដំបង កំពត និង​ក្រចេះ​។

គួរ​រំលឹក​ឡើង​វិញ​ថា បើ​តាម​ចក្ខុវិស័យ​ព្យាករណ៍​របស់ លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ឆ្នាំ​២០២០ កម្ពុជា នឹង​មាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន​ប្រមាណ​៧​លាន​នាក់ ជាមួយ​ចំណូល​ជាង​៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​១​លាន​នាក់ និង​ដោយ​ប្រយោល​រាប់​លាន​នាក់​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ