ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ភូមា​ផ្តល់​​​ជំនួយ​ដល់​​តំបន់​​​រងគ្រោះដោយ​​ការ​រញ្ជួយដី​​ ខណៈ​​ចំនួន​អ្នកស្លាប់​កើន​ឡើង

15 ឆ្នាំ មុន

រដ្ឋាភិបាល​ភូមា​​​ពេលនេះកំពុងបញ្ជូន​​ជំនួយ​​សង្គ្រោះ​​​ទៅតំបន់​​នានា​ដែលរងគ្រោះ​​ដោយ​​​​​ការ​រញ្ជួយព្រះធរណី​​កម្រិត​​​៧រីស្ទ័រ ​កាល​ពី​​​យប់ថ្ងៃទី​​​២៤ មីនា កន្លង​​មក ​​ដែលកើត​ឡើង​​នៅ​តំបន់​​ព្រំដែន​​ជាប់ជាមួយ​ប្រទេស​​​​៤​ គឺ​ចិន ឡាវ ថៃ និង​​វៀតណាម ។ ជំនួយសង្គ្រោះ​​​នោះ​ត្រូវ​​បាន​បញ្ជូន​​ក្រោម​ការ​រៀបចំ​​របស់​ក្រសួង​​​កិច្ច​ការ​​សង្គម​ដោយ​​មាន​កិច្ច​សហប្រតិបត្តិ​ការ​​ពីអាជ្ញាធរ​​មូល​ដ្ឋាន ។​

​ជំនួយ​​សង្គ្រោះ​​​នោះ​ត្រូវ​​បានដឹក​​តាម​យន្ត​ហោះ​​ទៅកាន់​ព្រលាន​យន្តហោះ Kengtung និង​ ព្រលាន​យន្តហោះ Tachileik បន្ទាប់​មក​ត្រូវ​ដឹក​​តាម​រថយន្ត​​​យោធា​ទៅកាន់​តំបន់​​ដែល​រងគ្រោះ​​​ដោយ​ការ​​រញ្ជួយដី ។ ​នេះបើ​តាម​​ការ​ឱ្យ​​ដឹង​​​ដោយ​វិទ្យុ​​​​ និងទូរទស្សន៍​របស់​ភូមា ។​

តាមប្រភពព័ត៌​មាន​​ក្រៅផ្លូវការ​​មួយ​ថា ​គិត​ត្រឹម​​​ថ្ងៃទី​​២៧ មីនា ​​ចំនួនអ្នកស្លាប់​​ដោយ​សារ​​បាតុ​ភូត​​រញ្ជួយដី​​នៅប្រទេស​ភូមា​កើន​​ឡើង​ដល់​​​​​១០០នាក់ និង​អ្នក​​របួស​មាន​ជាង​​១០០​នាក់ ។​ រដ្ឋ​មន្ត្រី​​ក្រសួងកិច្ចការ​​​សង្គម​ភូមា លោក U Maung Maung បាន​​​​អញ្ជើញទៅ​​ត្រួត​ពិនិត្យ​តំបន់​​​​​​ដែលរងគ្រោះ​​ដោយការ​រញ្ជួយដី​​កាល​ពី​ថ្ងៃទី​​​២៦ មីនា កន្លងមក ។​

  • ចិនផ្តល់​​ជំនួយ​មនុស្ស​​​ធម៌​ជា​ប្រាក់​​​៥០ម៉ឺន​​ដុល្លារ​ដល់​​ភូមា​

ចិនដែល​​ជា​ប្រទេស​មានសេដ្ឋ​កិច្ច​​​រីកលូត​លាស់​​​យ៉ាង​លឿន​មួយ​លើពិភពលោក​ បានផ្តល់​​ជំនួយ​​ផ្នែក​មនុស្សធម៌​បន្ទាន់​ជាប្រាក់​​​៥០០.០០០​​​ដុល្លារ​អាមេរិក​ទៅ​ឱ្យ​​ប្រទេស​ភូមា​​កាលពី​​ពេលថ្មី​​ៗ​​កន្លងមក ។ ​នេះបើ​តាម​​ការ​ឱ្យ​​ដឹង​​ដោយ​ក្រសួង​​ពាណិជ្ជកម្ម​​ចិន កាលពីថ្ងៃទី​​២៦ មីនា​ ។ ក្រសួង​ពាណិជ្ជ​កម្ម​​ចិន​និយាយ​​ក្នុង​សេចក្តី​​ថ្លែង​ការណ៍​​មួយ​ថា ​ជំនួយ​នេះ​​ត្រូវបា​ន​ផ្តល់​ទៅ​ឱ្យ​​ប្រទេសភូមា​​ ដើម្បី​ជួយ​ដល់​កិច្ច​​​ខិត​ខំប្រឹង​ប្រែង​​ជួយសង្គ្រោះ​​​របស់ភូមា​​ និងដល់​ការ​ស្តារ​​តំបន់​​​​រងគ្រោះ​​​ដោយការរញ្ជួយដី​​ឡើងវិញ ៕​