ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ប្រមាណ​ជាង​៣០០០​នាក់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ធ្វើការ​កោតសរសើរ…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ធ្វើការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​គម្រោង​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​អង្គការ​ខេ​ម​បូ​ឌា​វី សិន​(​អូស្ត្រាលី​) ដែល​ដឹកនាំ​ដោយ​លោក ជេ​ក ម៉េ​ង​លី ប្រធាន​អង្គការ Cambodia Vission រួម​ជាមួយ​អង្គការ​នានា ។

ទី​១- មូលនិធិ​សមធម៌ ក្នុង​ការ​បង់ថ្លៃ​សេវា​ជួស​ជូន​អ្នកជំងឺ​ក្រីក្រ​សម្រាក​ពេទ្យ ទី​២- អង្គការ Eye care Foundation ទី​៣- អង្គការ​CHC ទី​៤ – អង្គការ​ដើម​ត្នោត និង Marie Stop ទី​៥- អង្គការ Operation Smile និង​ទី​៦- អង្គការ JICA​ដែល​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​គម្រោង​នេះ​ដោយ​ឥត​គិតថ្លៃ​ស្រប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង កំពុង​តែ​មានការ​ខ្វះខាត ។

លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ដូច្នេះ ក្នុង​ឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​គម្រោង​ព្យាបាល​ភ្នែក​ឡើងបាយ ភ្នែក​ដុះ​កន្ទុយថ្លែន និង​ជំងឺ គ – ថ្លង់ របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​អង្គការ​ខេ​ម​បូ​ឌា​វី​សិន (​អូស្ត្រាលី​) ដែល​មាន​អ្នកជំងឺ​បាន​ទទួល​ការ​ព្យាបាល​ប្រមាណ​ជាង​៣០០០​នាក់ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ដោយ​ឥត​គិតថ្លៃ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​ជំទាវ ម៉ែ​ន សំ​អន ក៏​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា សកម្មភាព​មនុស្សធម៌​នេះ​ពិតជា​មាន​តម្លៃ​ណាស់ ដែល​កើត​ចេញ​អំពី​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី បាន​រួម​គ្នា​បង្កើត​ជា​ក្រុម​មួយ​ធ្វើ​ការងារ​មនុស្សធម៌​នេះ និង​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។ លោក​ជំទាវ​ម៉ែ​ន​សំ​អន​ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់​ត្រូវ​ខិតខំ​បង្កើន​ការ​យកចិត្តទុកដាក់​ផ្តល់​ការ​ថែទាំ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ជា​ប្រចាំ​ប្រកបដោយ​គុណភាព និង​ត្រូវ​ពង្រឹង​ការ​ផ្តល់​សេវា​ជា​ប្រចាំការ​២៤​ម៉ោង លើ​២៤​ម៉ោង ។

ក្នុង​នោះ​ត្រូវ​ពង្រឹង​ការ​គោរព​ក្រម​សីល​ធ​ម៍ វិជ្ជាជីវៈ ឱ្យ​បាន​ល្អ​ប្រសើរ និង​មាន​ឥរិយា​បទ​រាក់ទាក់ និង​ទន់ភ្លន់ សុភាព​រាបសា​រាល់ពេល​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​ត្រូវ​រើសអើង ឬ​ប្រកាន់វណ្ណៈ​ឡើយ គឺ​ធ្វើ​យ៉ាងណា​ផ្តល់​សេវា​ព្យាបាល​ប្រកបដោយ​គុណភាព និង​តម្លាភាព ។ ម្យ៉ាងទៀត​ត្រូវ​ពង្រឹង​ការងារ​អប់រំ​សុខភាព ជា​ពិសេស​ពន្យល់ និង​ណែនាំ​អ្នកជំងឺ​ឱ្យ​បាន​ច្បាស់លាស់ ក្នុង​ពេល​ថែទាំ និង​ព្យាបាល​ជំងឺ​ព្រមទាំង​ពង្រឹង​បន្ថែម​ការ​ធ្វើ​អនាម័យ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ឱ្យ​បាន​ល្អ​ប្រសើរ និង​ត្រូវ​យកចិត្តទុកដាក់​ការ​ត្រួតពិនិត្យ​ការ​ចម្លងរោគ​នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​ដែល​ជា​បញ្ហា​សំខាន់​មួយ​ផង​ដែរ ក្នុង​វិស័យ​សុខាភិបាល ។លោក​ជំទាវ​ម៉ែ​ន​សំ​អន​ក៏​បាន​សំណូមពរ​ឲ្យ​លោក ជេ​ក ម៉េ​ង​លី បន្ត​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ព្យាបាល​នៅ​ខេត្តស្វាយរៀង នៅ​គម្រោង​បន្តបន្ទាប់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ